ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣១ ឧសភា ​ទិវា​ពិភពលោក​គ្មាន​​ថ្នាំជក់​​លើក​​កម្ពស់​​សុខុមាលភាព

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាកល​វិទ្យា​ល័យ​​អន្តរ​ជាតិ​នៃកម្ពុជា​​បាន​សហការ​ជាមួយ​អង្គ​ការ​​ចលនា​​ដើម្បី​សុខ​ភាព​​កម្ពុជា និងអង្គ​ការ​អា​ដ្រា រៀបចំ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ ៣១ ឧសភា ​។​ ពិធី​នេះ​បានធ្វើ​ឡើង​​នៅសាកល​វិទ្យា​ល័យ​អន្តរ​ជាតិ​​នៃកម្ពុជា​កាលពីថ្ងៃទី៣០ ឧសភា ​​ក្រោម​​អធិបតីភាពលោក​ជំទាវហូ ណូន ​ប្រធាន​គណៈ​កម្មការ​សុខាភិបាល​​

រាជធានីភ្នំពេញ ៖ ​សាកល​វិទ្យា​ល័យ​​អន្តរ​ជាតិ​នៃកម្ពុជា​​បាន​សហការ​ជាមួយ​អង្គ​ការ​​ចលនា​​ដើម្បី​សុខ​ភាព​​កម្ពុជា និងអង្គ​ការ​អា​ដ្រា រៀបចំ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ ៣១ ឧសភា ​។​ ពិធី​នេះ​បានធ្វើ​ឡើង​​នៅសាកល​វិទ្យា​ល័យ​អន្តរ​ជាតិ​​នៃកម្ពុជា​កាលពីថ្ងៃទី៣០ ឧសភា ​​ក្រោម​​អធិបតីភាពលោក​ជំទាវហូ ណូន ​ប្រធាន​គណៈ​កម្មការ​សុខាភិបាល​​ សង្គម​កិច្ច​ អតីត​​យុទ្ធ​ជន​ យុវ​នីតិ​សម្បទា ការ​ងារ​បណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​ និងកិច្ច​​ការ​នារីនៃ​រដ្ឋសភា ។

លោក​ជំទាវ​ ហូ ណូន ​បាន​ថ្លែង​ថា ជាការ​ពិត​ណាស់ ​​រដ្ឋាភិបាល​នៃ​ប្រទេស​​​នីមួយៗ ​តែង​តែ​​ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បី​​លើកកម្ពស់​​សុខុមាល​ភាព​ និងកាត់បន្ថយភាព​ក្រីក្រ ​ប៉ុន្តែ​ឧស្សាហកម្ម​​ថ្នាំជក់​នីមួយៗ ​ជាក្រឹត្យ​​ក្រម​គឺធ្វើ​យ៉ាងណា​ឱ្យ​ផលិតផល​របស់ខ្លួន​លក់​កាន់​តែដាច់ ហើយ​បើ​ផលិតផល​​ថ្នាំជក់​លក់​​កាន់​តែ​ដាច់​មានន័យថា ​មានមនុស្ស​កាន់តែ​ច្រើន ​ដែលធ្លាក់​ខ្លួនឈឺ ​ពិការ ​ឬ​ស្លាប់ ។ ដូចនេះ ​​រដ្ឋា​ភិបាល​​​ និង​ឧស្សាហកម្ម​​ថ្នាំជក់ ​មានទំនាស់​​​ផល​ប្រយោជន៍​​ជាមូលដ្ឋាន ដែលមិន​អាចផ្សះផ្សា​បាន ហើយ​ក៏សូមអំពាវនាវ​ដល់ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​​ធ្វើយ៉ាងណា កុំ​ឱ្យ​មានការ​ជ្រៀត​ជ្រែក​​ពី​ឧស្សាហកម្ម​​ថ្នាំជក់ ​ក្នុង​​​ពេល​បង្កើត​ និងអនុវត្ត​​គោលនយោបាយ​ត្រួតពិនិត្យ ។

​ម្យ៉ាង​វិញ​ទៀត ក៏សូមគាំទ្រ​​ចំពោះ​​វិធាន​ការ​ដែលបាន​លើកឡើង​​ក្នុងប្រធានបទ​សំដៅ​កាត់​បន្ថយ​​ការប្រើប្រាស់​ថ្នាំ​ជក់ ដូច​ជា​វិធាន​​ការ ដំឡើង​​​ពន្ធ​លើផលិត​ផលថ្នាំជក់ ​ដែលធ្វើ​ឱ្យ​​រដ្ឋាភិបាល​​បានទទួល​ចំណូល​ពន្ធ​បន្ថែមផង ​និង​​អាចកាត់​បន្ថយ​ការ​ប្រើប្រាស់​​ថ្នាំជក់​ផង ។​​ នេះ​​ជា​វិធាន​ការឈ្នះ=ឈ្នះ​ដែលយើង​​មិនគួរ​​មើល​រំលង ។

​រដ្ឋសភា​នៃព្រះរា​ជាណាចក្រ​កម្ពុជ​ា មាន​មោទ​នភាព​​ណាស់​ដែល​បានផ្តល់​សច្ចាប័ន​ចូលជា​សមាជិក​នៃអនុសញ្ញា​ស្តីពីការ​ត្រួតពិនិត្យ​ថ្នាំជក់ ​​នៅថ្ងៃទី១១ វិច្ឆិកា ​​ឆ្នាំ២០០៥ ​​ហើយ​ប្រទេស​កម្ពុជាបាន​ក្លាយ​​ជា​​សមាជិក​ពេញ​សិទ្ធិ​នៃ​អនុ​សញ្ញា​នេះ ​នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១១ ។ ដោយ​ការចូល​ជា​សមាជិក​នៃអនុសញ្ញានេះ ព្រះ​រាជាណាចក្រកម្ពុជា​បានប្តេជ្ញា​​ចិត្ត​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដើម្បីកាត់បន្ថយ​​​ការ​ប្រើប្រាស់​ថ្នាំជក់ ​មានជាអាទិ៍ ​ការអនុម័ត​នូវអនុក្រឹត្យ​​ស្តី​ពី​ការ​បោះពុម្ព​​បម្រាម​សុខភាព​​នៅ​លើកញ្ចប់​​បារី ​និងថ្មីៗនេះ​បានអនុម័ត​​នូវ​អនុក្រឹត្យ​​មួយទៀត ​​គឺ​អនុ​ក្រឹត្យ​​ស្តីពីវិធាន​ការ​​ហាម​ឃាត់​​ចំពោះ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​​ថ្នាំជក់ ។ អនុក្រឹត្យ​នេះ ​នឹង​ចូល​ជាធរ​មាន​នៅចុង​ខែកក្កដា ​​​ឆ្នាំ​២០១១ ​ដែល​ហាម​ឃាត់រាល់​ទម្រង់​នៃ​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម​ ការផ្សព្វ​ផ្សាយ​​លក់​ផលិត​ផល​ថ្នាំជក់ ​និងការ​ឧបត្ថម្ភ​​កម្មវិធី​របស់​ក្រុមហ៊ុន​ថ្នាំ​ជក់ ។ ទាំងនេះ ​គឺជាសមិទ្ធផល​ធំៗ​ដែលព្រះរា​ជា​ណាចក្រ​កម្ពុជា​បានបំពេញ​​ឆ្លើយតប​​ទៅ​នឹង​កាតព្វ​កិច្ច​ក្រោម​​មាត្រា​១១ និងមាត្រា​១៣ នៃអនុសញ្ញា៕