តុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហូឡង់ បានបន្តសវនាការលើបណ្តឹងកម្ពុជាប្រឆាំងនឹងការបំផ្លាញប្រាសាទព្រះវិហារពីសំណាក់ប្រទេសថៃជាបន្តទៀត នៅថ្ងៃទី៣១ ឧសភា ២០១១នេះ។ តាមទីភ្នាក់ងារព័ត៌មានបារាំង AFP បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ឧសភា ម្សិលមិញថា កម្ពុជាបានចាប់ផ្តើមការតស៊ូផ្នែកច្បាប់របស់ខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលជាតុលាការជាន់ខ្ពស់បំផុតរបស់អង្គ ការសហប្រជាជាតិ ដោយស្នើដល់តុលាការនេះបញ្ជាឱ្យប្រទេសថៃដកកងទ័ពរបស់ខ្លួនចេញពី តំបន់ប្រាសាទព្រះវិហារ។
ទីភ្នាក់ងារព័ត៌មានដដែលបានដកស្រង់ប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតំណាងឱ្យកម្ពុជា ចូលរួមក្នុងសវនាការនេះថ្លែងថា «យើងបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) ឱ្យផ្តល់វិធានការបណ្តោះអាសន្នជាបន្ទាន់ ដើម្បីការពារសន្តិភាព និងបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ប្រាសាទព្រះវិហារ ដែលមានជម្លោះជាមួយសៀម» ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់តុលាការក្រុងឡាអេ ដែល
មានចៅក្រម១៦រូបថា «ថៃគឺមានកាតព្វកិច្ចដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ»។ AFP បានឱ្យដឹងទៀតថា ក្នុងឱកាសនោះដែរ កម្ពុជាស្នើឱ្យមានបទបញ្ជាជាបន្ទាន់បង្ខំឱ្យថៃដកកងទ័ពរបស់ខ្លួនឱ្យអស់ពីតំបន់ជុំវិញប្រាសាទព្រះវិហារ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃចន្ទម្សិលមិញ តុលាការអន្តរជាតិបានស្តាប់ការពន្យល់បកស្រាយរបស់កម្ពុជារយៈពេល២ម៉ោង ដោយបានចាប់ផ្តើមនៅម៉ោង១០ព្រឹកម៉ោងនៅប្រទេសហូឡង់ ត្រូវជាម៉ោង៣រសៀលនៅកម្ពុជា។ រីឯភាគី ថៃក៏មានរយៈពេល២ម៉ោងដូចគ្នា ដោយចាប់ផ្តើមពីម៉ោង៤រសៀល ម៉ោងនៅប្រទេសហូឡង់។ លោកកុយ គួង បញ្ជាក់ថា សម្រាប់សវនាការថ្ងៃទី២ គឺថ្ងៃទី៣១ ឧសភា ២០១១ នេះ កម្ពុជាមានរយៈពេល១ម៉ោងកន្លះពេលព្រឹក រីឯភាគីថៃក៏មានរយៈពេល១ម៉ោងកន្លះដូចគ្នានៅពេលរសៀល។
ព័ត៌មានលម្អិតស្តីពីបទបង្ហាញរបស់កម្ពុជា មិនត្រូវបានទម្លាយឱ្យដឹងទេ ប៉ុន្តែលោកកុយ គួង បានពន្យល់ជារួមថា ទឡ្ហីករណ៍របស់កម្ពុជា គ្មានអ្វីក្រៅតែពីបង្ហាញការពិតថា ប្រាសាទព្រះវិហារបានរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងនោះឡើយ ។ ដូច្នេះ ចំណាត់ការរបស់តុលាការក្រុងឡាអេ ជាជំហានដ៏ល្អមួយសម្រាប់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បញ្ជាក់បន្ថែមថា កម្ពុជាក៏មានមេធាវីជនជាតិបារាំង អង់គ្លេស និងអាមេរិក ជាទីប្រឹក្សាច្បាប់របស់ខ្លួនផងដែរ ។ ចំណែកភាគីថៃក៏អះអាងថា បានប្រើប្រាស់មេធាវីអន្តរជាតិដូចជាបារាំង កាណាដា និងអូស្ត្រាលី ដើម្បីជួយក្នុងការទប់ទល់ប្រឆាំងដណ្តើមយកប្រាសាទព្រះវិហាររបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ