រាជធានីភ្នំពេញ ៖ អ្នកភូមិបឹងកក់នៅសល់ប្រមាណជាង២០% ពិតជាមានសំណាងខ្ពស់ណាស់ ដោយបានទទួលផ្ទះដ៏ទំនើបមានលក្ខណៈជាខុនដូ ដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរស់នៅ ឬអភិវឌ្ឍន៍នៅនឹងកន្លែងមានផាសុកភាព ។
ក្រុមហ៊ុនស៊ូកាកូអ៊ីន ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍តំបន់បឹងកក់ និងសាលារាជធានីភ្នំពេញ បានអនុវត្តតាមស.ជ.ណ របស់រាជរដ្ឋាភិបាលលើកទី៣ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអ្នកភូមិបឹងកក់ ដែលនៅសល់អភិវឌ្ឍន៍នៅនឹងកន្លែង តាមរយៈការរៀបចំជាខុនដូដ៏ទំនើប ដើម្បីរស់នៅបានស្រួលប្រកបដោយផាសុកភាព និងមានរបៀបរៀបរយ ។
គួរកត់សម្គាល់ថា កាលពីរសៀលថ្ងៃសុក្រ ទី២៧ ឧសភា ឆ្នាំ ២០១១ សាលារាជធានីភ្នំពេញ តំណាងដោយលោកនួន សុមេធ ជាអភិបាលរង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត
បានជួបប្រជុំជាផ្លូវការដោះស្រាយបញ្ហាជាមួយតំណាងអ្នកភូមិបឹងកក់ ។ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យកោះសន្តិភាពដឹងថា នៅក្នុងកិច្ចប្រជុំខាងលើនេះ អ្នករស់នៅបឹងកក់មួយផ្នែកបានទាមទារសុំដីចំនួន៤ម៉ែត្រ គុណនឹង១៦ សម្រាប់ធ្វើផ្ទះ ។ ឯអ្នកភូមិមួយផ្នែកទៀតសុំដីសម្រាប់ធ្វើវីឡាតែម្តង ។ ឯការសម្រេចស.ជ.ណ របស់រាជរដ្ឋាភិបាល
លើកទី៣នេះ បានអនុញ្ញាតឱ្យស្ថាបនាជាខុនដូ សម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅនឹងកន្លែង ដែលក្រុមហ៊ុន និងសាលារាជធានីភ្នំពេញជាអ្នករៀបចំសាងសង់ជូន ។
មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អ្នកភូមិបឹងកក់នៅសល់ប្រមាណជាង២០% ឯប្រជាជនប្រមាណជាង៧០%ដែលរស់នៅលើទឹកបានយល់ព្រមចាកចេញរួចហើយដោយទទួលយកការដោះ ស្រាយរួចរាល់អស់ហើយ ។ ឯអ្នកដែលនៅសល់ប្រមាណជាង២០% ពិតជាមានសំណាងខ្ពស់ណាស់ ដែលបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរស់នៅនឹងកន្លែង ហើយទទួលផ្ទះជាលក្ខណៈខុនដូដ៏ទំនើបបែបនេះ ។ មន្ត្រីដដែលនិយាយថា ខុនដូនេះមានចំនួន១០អគារ មានកម្ពស់៥ជាន់ ក្នុងមួយអគារមាន១០០ផ្ទះ ដែលសាច់ផ្ទះខាងក្នុងមានទទឹង៧ម៉ែត្រ បណ្តោយមានប្រវែង៧,២៥ម៉ែត្រ ដោយមិនគិតពីវេរ៉ង់ដាដែលនៅសល់ខាងមុខនោះទេ ។ ជាអគារខុនដូដែលទំនើប និងល្អជាងអគារនៅតំបន់បុរីកីឡា ។
មន្ត្រីរូបនោះបានបញ្ជាក់ថា នេះជាការអនុគ្រោះដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានរស់នៅនឹងកន្លែង ហើយស្ថាបនាផ្ទះចែកជូនដែលមានលក្ខណៈដ៏ទំនើបបែបនេះទៀត ។ ប្រជាពលរដ្ឋគួរទទួលយកបានហើយ ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញ ក៏ដូចប្រទេសជាតិឱ្យមានភាពរីកចំរើនប្រែក្លាយពីតំបន់ដែលធ្លាប់ឆ្អេះឆ្អាប និងមានក្លិនមិនល្អ ហើយបានទទួលការរស់នៅ និងរៀបចំឱ្យមានផាសុកភាព លើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែមានសម្រស់ត្រកាល ។
មន្ត្រីដដែលនិយាយទាំងសរសើរថា អនាគត ឆាប់ៗនេះ តំបន់បឹងកក់ក្លាយជាទីក្រុងគជ់ដ៏ទំនើបមួយនៅអាស៊ីអាគ្នេយ៍ ។ ចំណែកអ្នកភូមិបឹងកក់ដែលធ្លាប់តែរស់នៅអនាធិបតេយ្យ មានក្លិនស្អុយឆ្អេះឆ្អាប គ្មានប័ណ្ណកម្មសិទ្ធិ ដែលរស់នៅរបៀបបញ្ញើក្អែកកន្លងមក ប្រាកដជាមានភ័ព្វសំណាងណាស់ បានផ្ទេរពីការរស់នៅគ្មានតម្លៃនេះ ទៅរស់នៅតាមរបៀបស៊ីវីល័យ ឬជាតំបន់ឋានសួគ៌លោកីយ៍មួយ ។
នេះជាជម្រើសចុងក្រោយមួយដែលរាជរដ្ឋាភិបាលបានសម្រេចដែលអ្នកនៅសល់ទាំងឡាយ គួរតែសម្រេចចិត្ត រីករាយទទួលយកដោយខ្លួនឯងហើយ និងគួរតែថ្លែងអំណរគុណលោកកែប ជុតិមា ដែលខិតខំស្វែងរកដំណោះស្រាយបានល្អបែបនេះ ។ ក្រុមអ្នកតាមដាន និងវិភាគបាននិយាយថា ប្រសិនបើដំណោះស្រាយប៉ុណ្ណឹងហើយ នៅមិនព្រម ហើយដើរតាមការញុះញង់ពីបក្ស ឬក្រុមប្រឆាំងដែលកំពុងស្វែងរកចំណេញខាងនយោបាយនោះ យើងគិតថា មុខជាស្រឡះដៃធេងដែលពាក្យចាស់ ពោលថា ប្រាក់ក៏បង់ ថង់ក៏ដាចមិនខានឡើយ ព្រោះការអភិវឌ្ឍទីក្រុងនីមួយៗមិននៅរង់ចាំឱ្យមានការយឺតយ៉ាវណាមួយទេ ៕
ចែករំលែកព័តមាននេះ