ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ ដាក់​បម្រាម និង​ណែនាំ​៧​ចំណុច ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន-​វៀតណាម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន ក្នុង​រាជធានី​ភ្នំពេញ ដូច​តទៅ ៖

១- ហាម​ដាច់ខាត
-មិន​ឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សម្លេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​នេះ
-មិន​ឱ្យ​មានការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ
-ការ​ហែ​ក្បួន​ផ្សេង​ៗ​ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញាត​។

២- នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ សេចក្ដី​ថ្លៃថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។ ដោយឡែក​ការ​ដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ធ្វើការ​ដុត​ហាម​ដាច់ខាត មិន​ឱ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ ឡើយ ។

៣- ចាប់ពី​ពេល​នេះ​តទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឹង​ម៉ាត់​បំផុត កុំឱ្យ​មានការ​នាំ​ចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ ដកហូត​វត្ថុ​ទាំងនេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ ។

៤- រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ និង​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ ដល់​មន្ត្រីរាជការ កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្ត​តាម​ការ​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ។

៥- មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្ដា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ខាងលើ​ឱ្យ​បាន​ទូលំទូលាយ ។

៦- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ពិសេស ត្រូវ​ចេញ​បទបញ្ជា​ឱ្យ​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ។

៧- ជន​ណា​ដែល​នូវ​តែ​បំពាន ឬ​ប្រព្រឹត្ត​ល្មើស​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម បាត់​សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ