ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រកួត​ប្រដាល់​នៅ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​CTN និង TV5 ឡុង​ សុភី ស្មើ​ពិន្ទុ​​ជា​មួយ​​ពេជ្រ សីហា​

14 ឆ្នាំ មុន

លទ្ធផល​សម្រាប់​ការ​​ប្រកួត​នៅលើ​សង្វៀន​​ស្ថានីយទូរទស្សន៍​ CTN កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ឧសភា​​​ ជ័យ វណ្ណៈ​ មកពី​ក្លឹប​ឃ្លាំមឿង​​កីឡា យកឈ្នះ​សូយ សីហា​​ មកពី​ក្លឹប​អូដឹម​កីឡា​…

លទ្ធផល​សម្រាប់​ការ​​ប្រកួត​នៅលើ​សង្វៀន​​ស្ថានីយទូរទស្សន៍​ CTN កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ឧសភា​​​ ជ័យ វណ្ណៈ​ មកពី​ក្លឹប​ឃ្លាំមឿង​​កីឡា យកឈ្នះ​សូយ សីហា​​ មកពី​ក្លឹប​អូដឹម​កីឡា​ ​ដោយពិន្ទុ ខណៈពេល​​​គូ​កម្តៅ​សាច់​ដុំ​ឡុង​ សុភី មកពី​ក្លឹប​សាលវ័ន្តកីឡា​ និង​ពេជ្រ សីហា មកពី​ក្លឹប​ក្រសួងការពារជាតិ​ បាន​ត្រឹម​តែស្មើ​ពិន្ទុគ្នា​ ។
រវាង​ជ័យ វណ្ណៈ​ និង​សូយ សីហា មិនធ្លាប់​ជួប​គ្នា​ពីមុនមក​ទេ​ ដូច្នេះ​សម្រាប់​ការ​ប៉ះគ្នាពេល​​ នេះ​ទាំងសងខាង​មាន​ការ​ញញើត​គ្នា​ខ្លះៗ ជា​ពិសេស​នៅទឹកទី១​គេទាំង​២មិន​ហ៊ាន​សំរុកដាក់​គ្នា​​ភ្លាមៗ​នោះទេ ។ វណ្ណៈ​បាន​ប្រើ​ស្នៀត​ជើង​ទាត់​​ជន្ល​ទៅ​លើ​សីហា​​មុន សីហា​បាន​ត្រឹម​គេច​ចេញ​ និងវាយ​តប​មក​វិញ​ស្រាលៗ​។ ការ​វាយទៅ​វាយ​មក​រវាងគូ​ប្រកួត​ទាំង​​២​នៅ​ទឹកទី១​ គឺមិន​ទាន់​មានអ្វី​ដែលគួរ​ឱ្យ​ចាប់​អារម្មណ៍​​​ឡើយ។ លុះ​ឈាន​ចូល​ដល់​ទឹកទី២ ដូចជា​មានការ​​​កើន​កម្តៅ​ជាងមុន​បន្តិច ព្រោះថា​មាន​ការប្រើ​កែង​និង​ជង្គង់​​ ។ វណ្ណៈ​ ស្នៀត​ជង្គង់​​របស់​គេគឺ​ជំនាញ​​ពេល​​ចូល​កៀក​វាយ​សំដៅ​​ពោះទឹក​​សីហា​មិន​ប្រណី​ឡើយ តែត្រូវ​សីហា​បុក​​កែង​សងវិញ​។  ការបញ្ចេញ​​​ផ្លែកែង​​និង​ជង្គង់​ដាក់គ្នា​​ នៅទឹក​ទី៣នេះឃើញ​ថា​​ស្វិតស្វាញ​​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​សីហា​​នៅញញើត​​ស្នៀត​​ជង្គង់​របស់​វណ្ណៈ​​ជាង​ ដូច្នេះ​គេត្រូវ​​បង្ខំ​ចិត្ត​ដក​ថយ​​ជាច្រើន​លើក។ ក្នុង​ស្ថាន​ភាពសីហា​ដុនដាន​​ជាង​​ទៅ​ហើយ​នោះ ​ធ្វើ​ឱ្យ​វណ្ណៈ​មាន​ឱកាស​វាយសំរុក​​តាម​អំពើ​ចិត្ត​​រហូត​យកឈ្នះ​ពិន្ទុ​បាន ។​
ឡុង សុភី មកពីក្លឹប​សាលវ័ន្ត​កីឡា ស្មើ​ពិន្ទុ​ពេជ្រ សីហា ។ រវាង​គូនេះ​គឺសីហា​អ្នក​ដែល​ត្រូវ​ត្រៀម​ឡើង​ទៅ​​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ ដែល​​រៀបចំ​​ធ្វើ​ឡើង​ដោយ​​ស្ថានីយទូរទស្សន៍​ CTN  នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ ដូច្នេះ​​​ការ​​ប្រកួត​ថ្ងៃនេះ​ខាង​ CTN ​មាន​បំណង​ចង់​​ឱ្យ​សីហា​​មាន​ការ​រីក​ចម្រើន​ខាង​ផ្នែក​​​បច្ចេកទេស​​ និង​កម្លាំង​កាយ​បន្ថែម​ទៀត​ប៉ុណ្ណោះ ។​
ភេឌីស្បោង  គឹម​សាន មកពី​ក្លឹប​យុវជន​អង្គរ​ ប្រកួតជា​​លក្ខណៈ​សាកលអាជីព​បាន​យក​ឈ្នះ​យ៉ាន់ កុយ មកពីក្លឹប​តាឡីដំរី​មានឫទ្ធិ​ នៅទឹក​ទី​៥ ដោយ​បាន​វាយយ៉ាន់ កុយ ឱ្យ​ដួល​អុកគូទក្រោក​លែង​រួច ។
ផុន ផុល មកពី​ក្លឹប​តាព្រហ្ម​​មានជ័យ យក​ឈ្នះ​តក់ សោភ័ណ្ឌ  មកពីក្លឹប​អេភូថង​កីឡា​ ដោយពិន្ទុ​ ។
អ៊ុង វីរៈ ចាញ់ពិន្ទុុ​​ឡុង សុវណ្ណឌឿន
អ៊ុង វីរៈ  មកពី​ក្លឹប​​កងពល​​តូច​ឆត្រ​យោង​​៩១១ ​ប្រកួត​ចាញ់ពិន្ទុ​ឡុង សុវណ្ណឌឿន  ​មកពី​​ក្លឹប​សាលវ័ន្ត​កីឡា​ ទាំង​​មិនអស់​ចិត្ត​​ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃទី​២៩ ឧសភា​កន្លងមក​ ។​ គូនេះ​​ប្រកួត​គ្នា​​ក្នុងលក្ខណៈជា​គូឯក ។ សុវណ្ណ​​​ឌឿន ដែល​​ល្បី​ខាងស្នៀត​កែង​និងជង្គង់​​នោះ​នៅទឹក​ទី១​ គេ​គ្រាន់​តែ​ធ្វើ​ការ​​ស្ទាប​ស្ទង់​​​កម្លាំង​វីរៈសិន ដោយ​វាយ​​ទៅលើ​មុខ​​វីរៈ​​ស្រាល​ៗប៉ុណ្ណោះ​​ ចំណែក​​វីរៈ​ក៏​មិន​ច្រឡោត​​ភ្លាម​ដែរ ។
ការ​​ស្ទង់​​​សមត្ថ​ភាព​​គ្នា​រវាង​គូនេះ​បានអូស​បន្លាយ​រហូត​ដល់​​ទឹកទី​២ ។ លុះ​ឈាន​​​ដល់ទឹក​ទី៣​ ខណៈ​ពេល​​សុវណ្ណឌឿន​បញ្ចេញ​​​ស្នៀត​កណ្តាប់​ដៃ​​​វាយ​​ចូល​មុខ​វីរៈ​ច្រើន​ធ្វើ​ឱ្យ​វីរៈ​​ក្តៅ​ស្លឹក​​ត្រចៀក​ សុ្ទុះទាំងកំរោល​​ទៅវាយ​​សង​វិញ ។  ប៉ុន្តែ​សុវណ្ណ​ឌឿន រក្សា​ជំហរ​បាន​ល្អដោយ​គ្រាន់​តែ​លោត​គេច​ចេញ​ ហើយ​ការពារ​​មិនឱ្យ​វីរៈ​វាយ​​ត្រូវប៉ុណ្ណោះ​ ។ ទឹកទី៣​​និងទឹកទី៤​ ទាំង​កម្លាំង​និង​បច្ចេកទេស​គឺ​មាន​​ប្រៀប​ស្មើគ្នា ។ ចូល​ដល់ទឹក​ទី៥ សុវណ្ណ​ឌឿន​​បើក​ការ​វាយ​សំរុក សាជាថ្មី​បង្ខំ​ឱ្យ​​វីរៈដក​ថយ​ទាំង​​ភ្នែក​​នៅលើ កញ្ចឹងក​។ ប៉ុន្តែ​​​វីរៈ​ចិត្ត​​របស់​គេ​សឿង​​គ្រាន់​បើ​ដែរ​ ទោះបី​ជា​សុវណ្ណ​ឌឿន​វាយ​សង្គ្រប់​​យ៉ាង​​ណាក៏ដោយ​ក៏គេនៅតែ​តស៊ូ​​ទប់​ទល់​​បានយ៉ាង​ល្អ មិន​​បណ្តោយ​ឱ្យ​សុវណ្ណឌឿន​​ធ្វើអ្វី​ស្រេចតែ ចិត្ត​នោះ​ឡើយ ។​
ការ​ប្រកួត​រវាង​​ធិន សុវណ្ណ មកពី​ក្លឹប​​កងពល​​តូច​លេខ៧០ និង​​ណាំ នឿន មកពី​ក្លឹប​​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ត្រូវ​អាជ្ញា​កណ្តាល​​បណ្តេញ​​ចុះពីលើ​សង្វៀន​ទាំង​២​នាក់​នៅ​ក្នុង​ទឹកទី​៣ ។ មន្ត្រី​បច្ចេក​ទេស​​បាន​ចោទ​ប្រកាន់​​ទៅ​លើ​​ធិន សុវណ្ណ​ថា​បង្ក​បញ្ហា​​ ​ ព្រោះ​គេ​មើល​​​ឃើញ​​សុវណ្ណ​វាយ​មិន​​អស់​ពីសមត្ថ​ភាព​ទាល់​តែសោះ ដូច្នេះ​​បើ​​ទុក​នៅនាំ​ឱ្យអ្នក​លេង​​ភ្នាល់​ស៊ីលុយ​បាន​ចិត្ត​ ដូច្នេះ​គណៈកម្មការ​​សម្រេច​មិន​ប្រកាស​​លទ្ធផល​​ ឡើយ ។
សេង កំសត់ មកពីក្លឹប​ខេមរិន្ទ​មាន​ឫទ្ធិ​ យក​ឈ្នះ​យិន បូរិន មកពីក្លឹប​កងពល​ធំ​អន្តរាគមន៍​​​លេខ​៣​ព្រះវិហារ​ ​ដោយ​ពិន្ទុ​ ។ ម្ទេស​ ខ្មាំង មកពី​ ក្លឹប​អរុណរះ​កីឡា វាយ​ផ្តួល​ថន វាសនា មកពី​ក្លឹប ​នាគរាជ​មាន​ជ័យ​ឱ្យ​សន្លប់​ក្នុងទឹកទី២៕