ជប៉ុន៖ បើតាមសារព័ត៌មានជប៉ុនក្យូដូបានរាយការណ៍នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ថា យន្តហោះដឹកអ្នកដំណើរពីរគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA )បានជួបឧបទ្ទវហេតុប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្ន២០២៤ នៅនៅឯអាកាសយានដ្ឋាន Kansai ក្នុងទីក្រុង Itami ខេត្ត Osaka ភាគខាងលិចប្រទេសជប៉ុន ប៉ុន្តែសំណាងល្អ មិនមានអ្នកដំណើរ ឬបុគ្គលិកណាម្នាក់រងរបួសនោះទេ ។
អាកាសយានដ្ឋាន Kansai បានឱ្យដឹងថា ឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងយន្តហោះទាំងពីរនេះ បានកើតឡើងនៅម៉ោងប្រហែល១០និង១០នាទីព្រឹក ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការឆាបឆេះ ឬលេចធ្លាយប្រេងទេ ហើយអាជ្ញាធរបាននិយាយថា ពួកគេកំពុងពិនិត្យរកមូលហេតុនៃការប៉ះទង្គិចនេះ។
ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings បានបញ្ជាក់ថា ជើងហោះហើរលេខ 422 ដែលមានអ្នកដំណើរ និងបុគ្គលិកសរុប៦៩នាក់នៅលើយន្តហោះនោះ ទើបតែធ្វើដំណើរមកពីទីក្រុង Fukuoka និងចុះចតដល់ដីព្រលានយន្តហោះ ។ កំឡុងពេលបើកបរនៅលើផ្លូវរត់ ឆ្ពោះទៅកាន់ទីតាំងដាក់អ្នកដំណើរចុះនោះ ស្រាប់តែស្លាបស្តាំរបស់យន្តហោះនេះ បានបុកស្លាបខាងស្តាំនៃយន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀត ជើងហោះហើរលេខ 1637 ដែលផ្ទុកអ្នកដំណើរ និងបុគ្គលិកចំនួន ៧៣នាក់ ដែលមកពីទីក្រុង Matsuyama ។ ក្រុមហ៊ុនអាកាសចរណ៍បន្ថែមថា ឧបទ្ទវហេតុយន្តហោះបុកស្លាប់គ្នានេះបណ្តាលឱ្យមានការលុបចោលជើងហោះហើររបស់ក្រុមហ៊ុន ចំនួន ១០ ជើងទាំងទៅនិងមកនៅព្រលានយន្តហោះ Kansai។
គួររំលឹកថា ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ANA ទើបតែបានជួយហេតុការណ៍ប្លែកៗ នៅលើយន្តហោះរបស់ខ្លួន ដោយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ យន្តហោះ Boeing 737-800 ជើងហោះហើរលេខ 1182 របស់ ANA ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Toyama ត្រូវបានបកក្បាលត្រឡប់ទៅអាកាសយានដ្ឋាន Sapporo-New Chitose វិញភ្លាម បន្ទាប់ពីមានស្នាមប្រេះត្រូវបានរកឃើញនៅផ្នែកខាងក្រៅនៃបង្អួចកាប៊ីនយន្តហោះ។
រំលងបានតែ៣ថ្ងៃ ពោលមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ យន្តហោះមួយគ្រឿងទៀតរបស់ ANA ដែលមានអ្នកដំណើរ ១៥៩នាក់នៅលើនោះធ្វើដំណើចេញពីប្រទេសជប៉ុន ឆ្ពោះទៅសហរដ្ឋអាមេរិក ធ្វើបើកបកក្បាលត្រលប់ទៅកាន់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ វិញភ្លាមៗ បន្ទាប់ពីអ្នកដំណើរស្រវឹងស្រាម្នាក់បានខាំដៃអ្នកបម្រើលើយន្តហោះនោះឱ្យមានរបួស។
យ៉ាងណាក៏ដោយ ឧបទ្ទវហេតុយន្តហោះបុកស្លាបគ្នាឯអាកាសយានដ្ឋាន Kansai ត្រូវបានចាត់ទុកថា ជាហេតុការណ៍យន្តហោះទី១ បើកទំព័រនៃខែទី២ នៃឆ្នាំ២០២៤ ហើយហេតុការណ៍ ស្រដៀងគ្នានេះក៏ទើបតែកើតឡើងរវាងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប៉ះជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways នៅអាកាសយានដ្ឋានមួយក្នុងទីក្រុង Hokkaido ភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងទី១៦ ខែមករា។
ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់យន្តហោះនៅជប៉ុន ដែលមនុស្សជុំវិញពិភពលោកនៅតែដិតដាមក្នុងអារម្មណ៍ជាប់ជានិច្ចនោះ គឺព្រឹត្តការណ៍ ២ មករា យន្តហោះបុកគ្នាផ្ទុះឆេះរវាងយន្តហោះ Japan Airlines និងយន្តហោះឆ្មាំសមុទ្រជប៉ុន នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដោយធ្វើឱ្យមនុស្ស ៥នាក់បានស្លាប់ ដែលរំលងតែ១ថ្ងៃពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុត សម្លាប់មនុស្ស ២៤០នាក់ បាត់ខ្លួន១៥នាក់ និងមនុស្សប្រមាណ១៣០០នាក់បានរងរបួស ដែលធ្វើឱ្យហេតុការណ៍នេះ ក្លាយជាគ្រោះរញ្ជួយដីដែលមានមនុស្សស្លាប់បំផុតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីការរញ្ជួយដីក្នុងឆ្នាំ២០១៦មក៕ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ