ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​ប្រមាណ​ជាង​៥០​នាក់​ផ្ទុះ​ការ​តវ៉ា ក្រោយ​មន្ត្រី​គយ​ និង​រដ្ឋាករ តម្រូវ​ឱ្យ​បង់ពន្ធ (​វី​ដេ​អូ​)

2 ខែ មុន
  • បន្ទាយមានជ័យ

កម្មករ​អូស​រទេះ​ប្រមាណ​ជាង​៥០​នាក់​ផ្ទុះ​ការ​តវ៉ា​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្រោយ​ពី​មន្ត្រី​គយ និង​រដ្ឋាករ រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​ទំនិញ​តម្រូវ​ឱ្យ​បង់ពន្ធ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​អូស​រទេះ​ប្រមាណ​ជាង​៥០​នាក់​ផ្ទុះ​ការ​តវ៉ា​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្រោយ​ពី​មន្ត្រី​គយ និង​រដ្ឋាករ រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​ទំនិញ​តម្រូវ​ឱ្យ​បង់ពន្ធ ដែល​ការ​តវ៉ា​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​កម្មករ​អូស​រទេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មូលហេតុ​ដែល​ពួក​គាត់​ធ្វើការ​តវ៉ា​នៅ​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ថៃ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា ឈម​ច្រក​ខ្ល​ង​លឹ​ក ប្រទេស​ថៃ​នោះ គឺ​តវ៉ា​សុំ​ឱ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មានការ​លើកលែង​ដូច​កាលពីមុន ក្រោយ​ពី​មានការ​រឹត​បន្ដឹង​និង​ត្រួតពិនិត្យ​ការ​ដឹក​ទំនិញ​ចូល​មក​កម្ពុជា ហើយ​តម្រូវ​ឱ្យ​បង់ពន្ធ ដោយ​មិន​លើកលែង​ឡើយ មិន​ថា តិចតួច​យ៉ាងណា​ក៏​ដោយ​»​។

កម្មករ​អូស​រទេះ បាន​បញ្ជាក់​ថា «​ការ​តវ៉ា​ខាងលើ​នេះ គឺ​ដើម្បី​ឱ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត មានការ​លើកលែង​ដូច​កាលពីមុន​។ ដោយសារ​ការ​ដឹក​តាម​រទេះ​តិចតួច​ចេញពី​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ មិន​តម្រូវ​ឱ្យ​បង់ពន្ធ​នោះ​ទេ និង​ឱ្យ​ពួក​គាត់​ដឹក​តាម​​រទេះ​ជា​ធម្មតា​វិញ ព្រោះថា នេះ​គឺជា​មុខរបរ​ពួក​គាត់​សម្រាប់​ជីវភាព​គ្រួសារ នៅ​ពេល​ពួក​គាត់​ស៊ីឈ្នួល​ដឹក​បាន​បន្តិចបន្តួច ដូច្នេះ​សុំ​ឱ្យ​មានការ​លើកលែង​ដូច​កាលពីមុន​»​។

មន្ត្រី​គយ និង​រដ្ឋាករ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​នេះ​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​រក​ចំណូល​ជូន​រដ្ឋ​។ ហើយ​ការ​អនុវត្ត​នេះ តាម​ច្បាប់​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​សហការ​ជាមួយ​មន្ត្រី​ចម្រុះ ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចូល​កម្ពុជា ដឹក​តាម​រទេះ និង​រថយន្ត​ដែល​អាជីវករ​ចេញ​-​ចូល ហើយ​លួ​.​ច​លា​.​ក់​បង្ក​.​ប់​ទំនិញ បណ្តាល​ឱ្យ​បាត់​ចំណូល​របស់​រដ្ឋ​»​។

មន្ត្រី​គយ និង​រដ្ឋាករ បាន​បញ្ជាក់​ថា «​ការ​អនុវត្តន៍​កន្លង​មក គឺ​មានការ​អនុគ្រោះ និង​លើកលែង​ច្រើន ហើយនឹង​មនោសញ្ចេតនា​ច្រើន​សម្រាប់​កម្មករ​អូស​រទេះ ដែល​មាន​ច្រើន​ក្រុម ដោយ​ក្នុង​១​ក្រុម មាន​ប្រមាណ​៤​ទៅ​៥​រទេះ​ក្នុង​១​ថ្ងៃ ហើយ​រទេះ​១​គ្រឿង​ដឹក​ជញ្ជូន​មិន​តិច​ជាង​១០​ជើង​នោះ​ទេ ដូច​ជា​កណ្តៀរ ទើប​បណ្តាល​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​។ ហើយ​នេះ ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា ត្រូវ​តែ​រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​ទំនិញគេចពន្ធ ដើម្បី​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ​វិញ​»​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ដែរ​ថា «​ក្រោយ​ពេល​សមត្ថកិច្ច​ចម្រុះ ចុះ​រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​ទំនិញគេចពន្ធ ដែល​ដឹក​តាម​រថយន្ត​អាជីវ​ករ​ចេញ​-​ចូល និង​តាម​រទេះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដើម្បី​រក​ចំណូល​ជូន​រដ្ឋ​នោះ ស្រាប់តែ​កម្មករ​អូស​រទេះ​ប្រមាណ​ជាង​៥០​នាក់ នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ដើម្បី​សុំ​ឱ្យ​មន្ត្រី​គយ និង​រដ្ឋា​ករ លើកលែង​ដូច​កាលពីមុន ប៉ុន្តែ​មិន​អាច​លើកលែង​បាន​ឡើយ ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​រដ្ឋ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ