ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ អ្នក​នឹង​ក្លាយជា​ឃា​.​តករ បើ​នៅ​តែ​បើកបរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​!

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា អ្នក​នឹង​ក្លាយជា​ឃាតករ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា អ្នក​នឹង​ក្លាយជា​ឃាតករ បើ​នៅ​តែ​បើកបរ ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង ។

ឯកឧត្តម បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤​ថា ក្នុង​រយៈ​ពេញ​មួយ​ឆ្នាំ​២០២៣ មាន​ជន​រង​គ្រោះ​ជាង ១,៥០០​នាក់ បាន​ស្លា​,​ប់​នៅ​លើ​ដងផ្លូវ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ ចំណែក នៃ​មូលហេតុ​បណ្ដាល​ឱ្យ​កើត​មាន​សោកនាដកម្ម​នេះ គឺ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ ការ​បញ្ជា​យានយន្ត​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង មិន​ត្រឹមតែ​ជា​ការ​ប្រមាថ​អាយុជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​អ្នក​អាច​ក្លាយជា​ឃាតករ​គ្រប់​វិនាទី ហើយ​ច្បាប់​នឹង​គ្មាន​ការ​លើក​លែងឱ្យ​អ្នកជា​ដាច់ខាត ។

ឯកឧត្តម បាន​លើក​ឡើង​ថា បើ​តាម​មាត្រា​៨៥ នៃ​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បើ​អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០​មី​លី​ក្រាម ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០​ក្រាម ក្នុង​មួយ​លី​ត្រ​ឈាម ឡើង​ទៅ ឬ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នាក់​ជាដើម នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២ ទៅ​៥​ឆ្នាំ​។ នេះ​ដោយ​មិន​គិត​ពី​ការ​ពិន័យ​ជា​ប្រាក់ និង​សំណង​​រដ្ឋប្បវេណី​នៅឡើយ​ទេ ។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី នាយក​ដ្ឋ​មន្ត្រី នៃ​កម្ពុជា បាន​មាន​ប្រសាសន៍ ណែនាំ​ដោយ​ផ្ទាល់​យ៉ាង​ច្បាស់ និង​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ឱ្យ​ឃាត់ខ្លួន និង​វាយ​ខ្នោះ​ជា​បន្ទាន់ រាល់​ជន​ណា ដែល​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ហើយ​បើកបរ​បង្ក​គ្រោះថ្នាក់​បណ្ដាល​ឱ្យ​អ្នក​ដទៃ​រង​របួស ឬ​ស្លាប់ ខណៈ​ក្រសួង​មហាផ្ទៃ ក៏​កំពុង​សិក្សា​បង្កើត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ឬ Black List កត់ត្រា​ជន​ទាំងឡាយ​ណា ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស ឬ​ស្លាប់ ។

ឯកឧត្តម គូសបញ្ជាក់​ថា ៖ “​យ៉ាងណា​ក៏​ដោយ ខ្ញុំ​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន នៅ​បំពាន​ដោយ​ចេតនា​យ៉ាង​ច្បាស់​ក្រឡែត ជា​ហេតុ​បណ្ដាល​ឱ្យ​សោកនាដកម្ម​លើ​ដងផ្លូវ​មួយ​នេះ បន្ត​កើត​មាន​ឥត​លោះ​ថ្ងៃ​។ ជាក់ស្ដែង​ថ្មី​ៗ​នេះ​ក្នុង​អាកា​រៈ​ស្រវឹង​ជោគ ជន​បង្ក​បាន​បុក​រះ​បណ្ដាល​ឱ្យ​មាន​ជន​រង​គ្រោះ​ស្លាប់​ដល់​ទៅ ៤​នាក់ និង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ទៀត​។ រឿងហេតុ​នេះ​បាន​កើតឡើង​ទាំង​ក្នុង​ពេល​ដែល​សាធារណ​មតិ​កំពុង​ជជែក​គ្នា​យ៉ាង​ក្ដៅ​គគុក​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួន​ៗ​ដែល​បណ្ដាល​មក​ពី​អ្នកបើកបរ​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​” ។

នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ នេះ​ទៀត ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿង​ស្រវឹង បាន​ក្លាយជា​ប្រធានបទ​ធំ​មួយ​ក្នុង​ចំណោម​ប្រធានបទ​សំខាន់​ៗ ដែល​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​ព័ត៌មាន​។ ជាមួយនឹង​ការ​សោក​ស្ដាយ​ចំពោះ​រឿងហេតុ ដែល​កើតឡើង​ថ្មី​ៗ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ក្នុង​នោះ ត្រូវ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ៖ “​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នក​និយម​ទទួលទាន​គ្រឿង​ស្រវឹង នឹង​មានការ​ភ្ញាក់ស្មារតី រួម​គ្នា​គោរព​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ពិសេស​រួម​គ្នា​លុប​បំបាត់​ចោល នូវ​ទំលាប់​បើកបរ​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង តាម​ពាក្យស្លោក «​បើ​ស្រវឹង​កុំ​បើកបរ​…» និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន «​ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​!»​។

សូមកុំ​បណ្ដោយ​ឱ្យ​សុរា​ដឹកមុខ​អ្នក​ទៅ​រក​ផ្លូវ​វិនាស​! សូមកុំ​ឱ្យ​គ្រឿង​ស្រវឹង​កែប្រែ​ជីវិត​អ្នក​ឱ្យ​ក្លាយជា​ឃា​ករ​សម្លាប់​មនុស្ស​។​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ