ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ហួសចិត្ត ពេល​ឃើញ​សិស្ស​១​ក្រុម ប្រមូលផ្ដុំ​គ្នា​នៅ​ហាង​កាហ្វេ​ទៅ​វិញ

3 ខែ មុន

រាជា​ធានី​ភ្នំពេញ ៖ សិស្សសាលា​ដែល​គេច​សាលា មិន​ចូល​រៀន ប្រមូលផ្ដុំ​គ្នា​តាម​ហាង​កាហ្វេ និង​កញ្ចុះ​លេង​ហ្គេ​ម​តាម​ទូរ​សព្ទ និង​ជក់បារី កំពុង​ក្លាយជា​ក្តី​ព្រួយបារម្ភ ដែល​អាជ្ញាធរមាន​សមត្ថកិច្ច​​គួរតែ​មាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ។…

រាជា​ធានី​ភ្នំពេញ ៖ សិស្សសាលា​ដែល​គេច​សាលា មិន​ចូល​រៀន ប្រមូលផ្ដុំ​គ្នា​តាម​ហាង​កាហ្វេ និង​កញ្ចុះ​លេង​ហ្គេ​ម​តាម​ទូរ​សព្ទ និង​ជក់បារី កំពុង​ក្លាយជា​ក្តី​ព្រួយបារម្ភ ដែល​អាជ្ញាធរមាន​សមត្ថកិច្ច​​គួរតែ​មាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ។

ជាក់ស្ដែង​រូបភាព​ប៉ុន្មាន​សន្លឹក​ថត​ដោយ​ប្រជាពលរដ្ឋ​ម្នាក់ ដែល​បង្ហាញ​ពី​សកម្មភាព​ក្រុម​សិស្សសាលា មិន​ចូល​រៀនសូត្រ បែរជា​ប្រមូលផ្ដុំ​គ្នា នៅ​ហាង​កាហ្វេ​ទៅ​វិញ ត្រូវ​បាន​ចែករំលែក​ពាស់ពេញ​បណ្ដាញ​សង្គម ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Chin Mony នៅ​ព្រឹក​ថ្ងៃ​២៣ ខែមករា ឆ្នាំ​២០២៤​នេះ​ថា «​គួរ​ឲ្យ​រន្ធត់ ខ្ញុំ​មក​ទិញ​កាហ្វេ​នៅ​តាម​ផ្លូវ​ថៃ​ហ្គ័​រ ឃើញ​ក្មេង​បឋម​សិក្សា​ព្រែក​ថ្មី និង​ច្បារ​អំពៅ ប្រហែល​១០​នាក់ ម៉ោង​៨:៤០​ព្រឹក កំពុង​ហូប​មី​កំប៉ុង ជក់បារី បុក​ប៊ី​យ៉ា​(​ស្នូកឃ័រ​) មួយ​កំ​ប្លេ ។ ខ្ញុំ​គិត​ថា ឪពុក​ម្តាយ​មិនដឹង​ទេ​!» ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ មាន​មហាជន​ជា​ច្រើន បាន​សំណូមពរ​ទៅ​ដល់​គណៈ​គ្រប់គ្រង​តាម​គ្រិះ​ស្ថាន​អប់រំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ឪពុក​ម្តាយ ប្រជាពលរដ្ឋ ឬ​កម្លាំង​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ​ដែនដី មេត្តា​មាន​វិធានការ​ទៅ​លើ​បញ្ហា​នេះ ដើម្បី​លុប​បំបាត់​រូបភាព​មិនល្អ​នៅ​ក្នុង​សង្គម បើសិន​មិន​ចូលរួម​កែតម្រូវ​បញ្ហា​នេះ​ទេ អនាគត​ក្មេង​ៗ​ទាំងនោះ អាច​ក្លាយទៅជា​ជំងឺ​សង្គម​។ ម្យ៉ាង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក៏​នឹង​ជួប​ការ​លំបាក ដោយសារ​តែ​ក្មេង​ៗ​សិស្សសាលា​មួយ​ចំនួន​តូច​នេះ ។

កន្លង​មក មាន​មន្ត្រី នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ មួយ​រូប​ធ្លាប់​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា ផ្នែក​អប់រំ កំពុង​តែ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ អំឡុង​ពេល​គោរព​ទង់ជាតិ អំពី​គុណវិបត្តិ​ប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង និង​ល្បែងស៊ីសង​ផ្សេង​ៗ ទន្ទឹម​នឹង​នេះ ក៏​បាន​ហាមឃាត់​សិស្សានុសិស្ស កុំឱ្យ​គេច​សាលា និង​ដើរ​លេង​ក្នុង​ម៉ោង​រៀន​ជាដើម​។ ប៉ុន្តែ​សិស្សា​នុសិស្ស ដែល​បាន​គេច​សាលា ទៅ​ដើរ​លេង និង​ពពាក់ពពូន​គ្នា​នៅ​កន្លែង​កម្សាន្ត​នានា វា​ហួស​ពី​សមត្ថកិច្ច​របស់​លោកគ្រូ អ្នកគ្រូ និង​ផ្នែក​អប់រំ ដែល​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ និង​អាណាព្យាបាល ជួយ​ដោះស្រាយ​វិញ ។

មន្ត្រី​ដដែល​រូប​នេះ បានអោយ​ដឹង​ទៀត​ថា មន្ទីរ​អប់រំ គ្មាន​(​សមត្ថកិច្ច​)​អី​ទេ មាន​តែ​លទ្ធភាព​ផ្សព្វផ្សាយ វា​អត់​មាន​ដាវ​អាជ្ញាសឹក​ណា ដែល​ទៅ​បង្ក្រាប ឬ​ឃាត់​ទេ​។ ឧ​ទារ​ហណ៍ ឃាត់​បាន​តែ​(​សិស្ស​ទំនើង​) គ្រាន់តែ​ប​ញ្ចូ​ន​ទៅ​សមត្ថកិច្ច ដើម្បី​កិច្ចការ​អនុវត្ត​ផ្លូវច្បាប់ ។ បញ្ហា​នេះ លោក​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ចូលរួម​ជួយ​ប្រមូល​សិស្ស​ដែល​គេច​សាលា ឬ​ផ្តុំ​គ្នា​នៅ​កន្លែង​កម្សាន្ត​នានា មក​សួរនាំ ហើយ​ប​ញ្ចូ​ន​ទៅ​នាយក​សាលា ឬ​អាណាព្យាបាល ដើម្បី​ធ្វើ​កិច្ចសន្យា អោយ​សិស្ស​ទាំងនោះ ភ្ញាក់រលឹក និង​ភ័យ​ខ្លាច​ខ្លះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ