ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវលំ៣ខ្សែក្នុងក្រុងកំពង់ឆ្នាំងពេលនេះកំពុងកសាងឱ្យក្លាយជាផ្លូវក្រាលកៅស៊ូដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិ-ឃុំមួយចំនួន ដែលការកសាងនេះប្រព្រឹត្តទៅដោយកម្លាំងបញ្ជាការដ្ឋានវិស្វកម្មក្រសួងការពារជាតិ ជាការចំណាយរបស់រាជ រដ្ឋាភិបាល ។
លោកឧត្តមសេនីយ៍ទោ ឈន សារ៉ាណេ មេបញ្ជាការរងនៃបញ្ជាការដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងឱកាសដែលលោកអញ្ជើញចុះពិនិត្យមើលការដ្ឋាន សាងសង់ផ្លូវក្រាលកៅស៊ូទាំង៣ខ្សែ កាលពីថ្ងៃទី២៦ ឧសភា នោះថា លោកសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តដែលបានដឹកនាំធ្វើការអភិវឌ្ឍលើគ្រប់វិស័យរីកចំរើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងដូចវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះជាដើម ។ លោកបានបន្តថា ក្នុងក្រុងកំពង់ឆ្នាំង កាលពីដើម មិនសូវមានផ្លូវលំខ្វាត់ខ្វែងទេ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំខេត្ត បច្ចុប្បន្នបានប្រែក្លាយពីផ្លូវលំមកផ្លូវក្រាលកៅ ស៊ូដ៏ស្រស់ស្អាត និងខ្វាត់ខ្វែងពេញក្រុងកំពង់ឆ្នាំង ។
លោកបានបញ្ជាក់ថា ផ្លូវលំនិងផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែង គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពធូរធារល្អប្រសើរ ។ លោកឧត្តមសេនីយ៍ទោក៏បានអញ្ជើញទៅពិនិត្យការសាងសង់អគាររដ្ឋបាលសាលាខេត្តដែលកំពុងដំណើរការសាងសង់បានប្រមាណ៩០% ហើយ ។
លោកវង្ស វិសាល អ្នកគ្រប់គ្រងការស្ថាបនាផ្លូវកៅស៊ូទាំង៣ខ្សែនេះបានបញ្ជាក់ថា ផ្លូវនេះមាន៣ខ្សែមានបណ្តោយ៥គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទាំង៣ខ្សែ ១ខ្សែចាប់ពីចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ឆ្ពោះទៅភូមិសន្ទូច ឃុំស្រែថ្មី មួយខ្សែទៀតពីភូមិទួលក្រឡាញ់ផ្នែកខាងលិចទៅភូមិទួលក្រឡាញ់ផ្នែកខាងកើត និងមួយខ្សែទៀតពីចំណុចមន្ទីរអភិវឌ្ឍន៍ខេត្តទៅខាងលិចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដែលផ្លូវទាំង៣ខ្សែនេះសាងសង់ដោយក្រាលកៅស៊ូប្រភេទ«DBS» ៕
ចែករំលែកព័តមាននេះ