ខេត្តព្រះសីហនុ ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជំរុញឱ្យមានការចុះបញ្ជីដីរដ្ឋរបស់មន្ទីរអង្គភាពក្នុងខេត្ត ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិសម្រាប់ដីរដ្ឋដែលមន្ទីរអង្គភាពមួយចំនួននៅពុំទាន់បានធ្វើសំដៅធ្វើការគ្រប់គ្រងដីរដ្ឋកុំឱ្យមានការបាត់បង់ និងលុបបំបាត់ភាពចន្លោះប្រហោងដែលធ្លាប់កើតមានកន្លងមក ។
នៅក្នុងលិខិតផ្លូវការរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានចែកផ្សព្វផ្សាយដល់មន្ទីរអង្គភាពនានាបានបញ្ជាក់ថា យោងតាមគោលការណ៍នៃការគ្រប់គ្រងអចលនវត្ថុដីធ្លីរបស់រដ្ឋ និងផែនការគ្រប់គ្រងដីធ្លីរបស់រដ្ឋក្នុងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ត្រូវស្រាវជ្រាវចំនួនទីតាំង និងឯកសារយោងសម្រាប់ដីរដ្ឋរបស់មន្ទីរអង្គភាពនីមួយៗ រួចហើយសហការជាមួយការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីក្រុង ស្រុក នៃទីតាំងដីដើម្បីធ្វើការចុះបញ្ជីដីរដ្ឋទាំងនេះ ពិសេសមន្ទីរពេទ្យ សាលារៀន តាមនីតិវិធីចុះបញ្ជីជាប្រព័ន្ធ ចុះបញ្ជីបំពេញបន្ថែម ចុះបញ្ជីដាច់ដោយដុំ ឱ្យបានឆាប់បំផុត ។
លោកសូ សុខ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានអះអាងពីគម្រោងនេះថា ជាវិធានការជាក់លាក់មួយដើម្បីធានាមិនឱ្យមានការបាត់បង់ដីរបស់រដ្ឋ ពីការលួចបន្លំទំហំដីដើម្បីប្រយោជន៍បុគ្គល ការឃុបឃិតលក់ដូរដីរដ្ឋ ឬការរំលោភបំពានដណ្តើមកាន់កាប់ពីសំណាក់ជនខិលខូច។ ជាមួយនឹងវិធានការនេះ អាជ្ញាធរខេត្តព្រះសីហនុក៏បានចេញលិខិតមួយច្បាប់ផ្សេងទៀត ជម្រាបជូនដល់អភិបាលក្រុង ស្រុក ចៅ សង្កាត់ និងមេឃុំទូទាំងខេត្ត ឱ្យផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋជួយថែរក្សាការពារបង្គោលបឹ្រថពីវិភាគដែលចាត់ទុកជាសម្បត្តិជាតិសម្រាប់បម្រើឱ្យការងារអភិវឌ្ឍន៍លើវិស័យផ្សេងៗ ខណៈពេលដែលកន្លងមកនេះ បង្គោលមួយចំនួនបានទទួលរងនូវការបំផ្លិចបំផ្លាញ។ ក្នុងលិខិតនេះបានលើកយកមាត្រាច្បាប់ភូមិបាល មកព្រមានចំពោះជនដែលធ្វើឱ្យខូចខាតបង្គោលប្រឹថពីដែលដៅចំណុចឋានលេខា និងទីតាំងស្លាកសញ្ញាសុរិយោដី ដោយរួមមានការពិន័យជាប្រាក់ ឬផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ ៕
ចែករំលែកព័តមាននេះ