ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឆាប់​បាន​ជោគជ័យ ក្រសួងយុត្តិធម៌ ស្នើ​សុំ​កិច្ចសហការ​ពី ACU

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ ជួប​ប្រជុំ​ជាមួយ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ឱម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ ជួប​ប្រជុំ​ជាមួយ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ដើម្បី​ស្នើ​សុំ​កិច្ចសហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ក្នុង​យុទ្ធនាការ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ប្រព័ន្ធ​យុត្តិធម៌​។

នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ បាន​ដឹកនាំ​សមាជិក​គណៈ​បញ្ជាការ ជួប​ប្រជុំ​ការងារ​ជាមួយ ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិ​ន​ទៀង ទេស​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សហការី ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ជម្រាប​ជូន ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិ​ន​ទៀង ព្រមទាំង​អង្គប្រជុំ អំពី​ការងារ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជា​ពិសេស យុទ្ធនាការ ចំនួន​២ ដែល​ក្រសួងយុត្តិធម៌ បាន​ដាក់​ចេញ កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤​កន្លង​ទៅ គឺ​យុទ្ធនាការ​ជំរុញ​និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ “​ការ​ដាក់​ចេញ​យុទ្ធនាការ​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​ប្រគល់​ភារកិច្ច​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​យក​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជា​អាទិភាព​នយោបាយ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​” ។

ទន្ទឹម​នឹង​ការ​អនុវត្ត​យុទ្ធនាការ​ទាំង​២​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ ក៏​បាន​គូសបញ្ជាក់​ផង​ដែរ អំពី​វិធានការ​ដាច់ខាត ដែល​ត្រូវ​អនុវត្ត​ចំពោះ​សំណុំរឿង ៣​ប្រភេទ គឺ​គ្រឿងញៀន​, គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ដែល​ជា​កិច្ចការ​អាទិភាព ដែល​ចាំបាច់ ត្រូវ​តែ​ដោះស្រាយ​ដោយ​តម្លាភាព ភាព​ត្រឹមត្រូវ​តាម​ច្បាប់ និង​ភាព​ម៉ឺងម៉ាត់ ស្រប​តាម​ទិស​ដៅ នៃ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏​ដូច​ជា ការ​ចូលរួម​ទទួលខុសត្រូវ នៃ​វិស័យ​យុត្តិធម៌ ចំពោះ​មុខ​ប្រជាជន និង​សង្គម​ជាតិ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ដើម្បី​សម្រេច​ទៅ​តាម​បំណងប្រាថ្នា​របស់​សម្តេច​មហា​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល​, ក្រសួងយុត្តិធម៌ មាន​ភាព​ចាំបាច់ ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ទាំង ២ ក៏​ដូច​ជា ចាត់វិធានការ​លើ​សំណុំរឿង​ទាំង ៣​ប្រភេទ ដោយ​ភាព​ម៉ឺងម៉ាត់ ដោយ​ប្រកាន់ខ្ជាប់​តាម​អភិក្រម​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​ថា “​គ្មាន​ការ​កែទម្រង់​ណាមួយ ដែល​ងាយស្រួល​នោះ​ទេ ការ​កែទម្រង់ ដែល​ជោគជ័យ ត្រូវ​ផ្អែក​លើ​កត្តា​សំខាន់​ៗ ចំនួន​៤ ៖ (​ទី​១)-​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​, (​ទី​២)-​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​, (​ទី​៣)-​ត្រូវ​មានការ​ចូលរួម​ដោយ​ស្មោះត្រង់ និង​(​ទី​៤)-​ត្រូវ​មានការ​លះបង់​, និង​អភិក្រម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ (​ទី​១)-​ឆ្លុះកញ្ចក់​, (​ទី​២)-​ងូតទឹក​, (​ទី​៣)-​ដុសក្អែល​, (​ទី​៤)-​ព្យាបាល និង (​ទី​៥)-​វះកាត់​។ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ស្ថានភាព “​ត្រីងៀត​ឆ្លៀត​ពង​” ដោយ​ឆ្លៀត​យក​យុទ្ធនាការ ដើម្បី​ស្វះ​ស្វែងរក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​។

ដើម្បី​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​ការ​កែទម្រង់​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ស្នើ​សុំ​ការ​គាំទ្រ និង​កិច្ចសហការ ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាំង​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ទាំង ២ ក៏​ដូច​ជា ការ​អនុវត្ត​វិធានការ​ដាច់ខាត សម្រាប់​សំណុំរឿង​ទាំង ៣​ប្រភេទ ខាងលើ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិ​ន​ទៀង បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​យុទ្ធនាការ ដែល​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌ ព្រមទាំង​បាន​បង្ហាញ នូវ​គោល​ជំហរ​ផ្តល់​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការ​កែទម្រង់​នេះ បាន​ទទួល​ជោគជ័យ ពីព្រោះ​ថា ជោគជ័យ​នេះ មិនមែន​សម្រាប់ តែ​ក្រសួងយុត្តិធម៌​នោះ​ទេ តែ​ជា​ជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​របស់​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។

នៅ​ទី​ចុងបញ្ចប់ នៃ​កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​សម្តែង នូវ​អំណរ​គុណ​ចំពោះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិ​ន​ទៀង ដែល​គាំទ្រ​ដល់​យុទ្ធនាការ​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌ ។

ការ​គាំទ្រ​របស់ ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត ដល់​គណៈ​បញ្ជាការ ឲ្យ​អនុវត្ត​យុទ្ធនាការ​កាន់តែ​ស្វាហាប់ ដើម្បី​ជំរុញ​ឲ្យ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បាន​ទទួលលទ្ធផល ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​យុត្តិធម៌ និង​គុណភាព នៃ​យុត្តិធម៌ ស្រប​តាម​បំណងប្រាថ្នា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ