រាជធានីភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃទី២៦ ឧសភា បានប្រកាសថា ដោយពិនិត្យឃើញការភ័ន្តច្រឡំមួយចំនួនដែលមាននៅក្នុងអត្ថបទដែលមានចំណងជើងថា «Cambodia’s troubled tribu nal» ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ ក្នុង International Justice Tribune ក៏ដូចជាការភ័ន្តច្រឡំផ្សេងទៀតដែលមាននៅក្នុងអត្ថបទសារព័ត៌មាននានា សហចៅក្រមស៊ើបអង្កេតសាលាក្តីបានធ្វើការបំភ្លឺថា ៖
១-ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា សហចៅក្រមស៊ើបអង្កេតកំពុងគំរាមសហព្រះរាជអាជ្ញាអន្តរជាតិជាមួយនឹងបទល្មើសនៃការប្រមាថតុលាការ។ សហចៅក្រមស៊ើបអង្កេតមិនធ្លាប់បានធ្វើការគំរាមយ៉ាងដូច្នេះឡើយ ហើយក៏មិនធ្លាប់មានសកម្មភាពបង្ហាញថា សហចៅក្រមស៊ើបអង្កេតកំពុងពិចារណាអំពីបញ្ហានោះដែរ។ ការចោទប្រកាន់ខាងលើនេះ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលមានគំនិតព្យាបាទធ្វើឡើងក្នុងគោលបំណងដើម្បីរំខានដល់ការសហការល្អនៅក្នុងតុលាការតែប៉ុណ្ណោះ។
២-ចំពោះការលើកឡើងដែលថា ជាមួយនឹងស្ថានភាពវិវត្តនេះ តុលាការកំពុងធ្វើដំណើរឆ្ពោះទៅរកការបែកបាក់មួយដែលមិនអាចស្រោចស្រង់បាន។ ដោយហេតុថា អង្គជំនុំជម្រះតុលាការកំពូលបានជំនុំជម្រះលើបណ្តឹងសាទុក្ខនៅ ក្នុងសំណុំរឿងលេខ០០១ និងអង្គជំនុំជម្រះសាលាដំបូងបានកំណត់យកពេលវេលាសម្រាប់រៀបចំសវនាការបឋមនៅ ក្នុងសំណុំរឿង០០២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ ហើយដោយហេតុថា អង្គបុរេជំនុំជម្រះបានដំណើរការដោយជោគជ័យចំពោះការងារជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ដែលមានចំនួនច្រើនជាង១.៧០០ និងម្យ៉ាងទៀតដោយហេតុថា ការិយាល័យសហចៅក្រមស៊ើបអង្កេត និងការិយាល័យសហព្រះរាជអាជ្ញាកំពុងបន្តបំពេញការងារជាធម្មតា(ទោះបីជាមានការខ្វែងយោបល់គ្នាលើទិដ្ឋភាពមួយចំនួនក៏ដោយ) ការលើកឡើងដែលថា តុលាការកំពុងធ្វើដំណើរឆ្ពោះទៅរកការប៉ះទង្គិចមួយដែលមិនអាចស្រោចស្រង់បានគឺជាការលើកឡើងដែលមិនមានមូលដ្ឋានត្រឹមត្រូវឡើយ។
៣-ការលើកឡើងដែលថា តុលាការកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជិតដួលរលំ និងអនាគតរបស់តុលាការកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ គឺមិនមានលក្ខណៈត្រឹមត្រូវ និងសមស្របនឹងស្ថានភាពពិតនោះឡើយ។
ជាចុងក្រោយសហចៅក្រមស៊ើបអង្កេតបាននិងបំពេញការងាររបស់ខ្លួនដោយឯករាជ្យ ដោយមិនមានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅឡើយ ហើយសហចៅក្រមសើុបអង្កេតនឹងបន្តប្រឆាំងរាល់ការប៉ុនប៉ងជ្រៀតជ្រែកនានាក៏ដូចជាប្តេជ្ញាចិត្តការពារឯករាជ្យភាពតុលាការប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់ខាងក្រៅទោះបីជាមកពីមជ្ឈដ្ឋានណាក៏ដោយ ៕
ចែករំលែកព័តមាននេះ