រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសថ្ងៃទី២៦ ឧសភា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមសវនាការសាធារណៈនៅតុលាការយុត្តិធម៌អន្តរជាតិដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ដល់៣១ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ សវនាការសាធារណៈនឹងផ្តោតលើវិធានការអភិរក្សប្រាសាទព្រះវិហារ។
ក្រៅពីនេះ តាមការអញ្ជើញរបស់លោកជំទាវ កាតឺរីន អាស្ហតុន ជាតំណាងជាន់ខ្ពស់ និងជាអនុប្រធាននៃគណៈកម្មការអឺរ៉ុប និងលោកចាណូស ម៉ារតុនយី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហុងគ្រី លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ដល់ទី៧ខែមិថុនា ឆ្នាំ២០១១ នៅទីក្រុងប៊ុយដាប៉ែសនៃសាធារណរដ្ឋហុងគ្រី។ កិច្ចប្រជុំនឹងពិភាក្សាបញ្ហាមួយចំនួនធំរួមមាន ការប្រឈមផ្នែកសន្តិសុខមិនមែនជាប្រពៃណី ការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប និងបញ្ហាក្នុងតំបន់និងសាកលផ្សេងទៀត។
ទាក់ទងទៅនឹងតុលាការក្រុងឡាអេដែលកោះប្រជុំពិនិត្យសំណើរបស់កម្ពុជា យោងតាមមន្ត្រីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានឱ្យដឹងថា តុលាការនឹងពិនិត្យសំណើរបស់កម្ពុជាដែលសុំឱ្យមានវិធានការបន្ទាន់មួយដើម្បីបញ្ឈប់ការវាយប្រហាររបស់ថៃមកលើប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ។ មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី៣ ឧសភា កន្លងមកត្រូវបានដកស្រង់សំដីដោយវិទ្យុអាស៊ីសេរីថា តុលាការយុត្តិធម៌អន្តរជាតិនឹងធ្វើការបកស្រាយសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំ១៩៦២ឱ្យបានលម្អិតតាមសំណើរបស់កម្ពុជាក្នុងរយៈពេលយ៉ាងយូរពី៥ទៅ៦ខែខាងមុខនេះ។ តុលាការក៏នឹងពិនិត្យ ហើយធ្វើសេចក្តីសម្រេចជាបន្ទាន់មួយជុំវិញការទាមទាររបស់កម្ពុជាស្នើឱ្យតុលាការចេញបញ្ជាបញ្ឈប់ការវាយប្រហាររបស់ថៃមកលើប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ។
ប្រមុខការទូតកម្ពុជា លោកហោ ណាំហុង កាលពីថ្ងៃទី២៨ មេសា បានដាក់ពាក្យស្នើសុំឱ្យតុលាការបកស្រាយសាលដីកាដែលជាសេចក្តីសម្រេចឆ្នាំ១៩៦២ យោងតាមផែនទីអន្តរជាតិដែលបានទទួលស្គាល់ដោយភាគីកម្ពុជា និងថៃ។ ក្នុងសំណើទៅតុលាការអន្តរជាតិ កម្ពុជាបានបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការកំណត់ថា ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ហើយថៃត្រូវមានតួនាទីដកកងទ័ពខ្លួន និងមន្ត្រីផ្សេងទៀតចេញពី ប្រាសាទ និងតំបន់ក្បែរប្រាសាទព្រះវិហារ។ សេចក្តីសម្រេចរបស់តុលាការនេះត្រូវបានថៃបដិសេធមិនទទួលយកទើបមានការរំលោភឈ្លានពានដោយសំអាងទៅលើផែនទីឯកតោភាគីរបស់ខ្លួនដែលគ្មាននរណាបានដឹងពី មុនមកនោះថា ដីក្បែរប្រាសាទខ្មែរលើកំពូលភ្នំដងរែកទំហំ៤,៦គីឡូម៉ែត្រការ៉េជារបស់ថៃ។
ការស្នើសុំឱ្យមានការបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ធ្វើឡើងក្រោយពីបញ្ហាព្រំដែនកម្ពុជា និងថៃ មិនអាចបញ្ចប់បានចាប់តាំងពីឆ្នាំ២០០៨មក។ ជម្លោះព្រំដែននៅតែបន្តកើតឡើងបន្ថែមទៀត ដែលកាលពីដើមខែកុម្ភៈក៏មានការផ្ទុះអាវុធជាសង្គ្រាមទ្រង់ទ្រាយធំបណ្តាលឱ្យប្រាសាទដែលជាបេតិកភណ្ឌពិភពលោកទទួលរងគ្រោះហើយ កាលពីថ្ងៃទី២២ មេសា រហូតដល់ថ្ងៃទី៣ ឧសភា ក៏មានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរដែរបណ្តាលឱ្យមានជនភៀសសឹករាប់ម៉ឺននាក់។
មន្ត្រីព័ត៌មានតុលាការយុត្តិធម៌អន្តរជាតិ លោកបូរីស ហេម កាលពីថ្ងៃទី៣ ឧសភា កន្លងទៅនេះ បានមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងឡាអេប្រទេសហូឡង់ប្រាប់វិទ្យុអាស៊ីសេរីថា តុលាការនឹងកោះប្រជុំបន្ទាន់មួយជាអាទិភាពដើម្បីពិនិត្យសំណើកម្ពុជាដែលស្នើឡើងក្នុងបំណងទប់ស្កាត់ការវាយប្រហារពីថៃមកលើតំបន់ប្រាសាទព្រះវិហារ។ តុលាការក៏នឹងបន្តធ្វើការបកស្រាយសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំ១៩៦២ជាលម្អិតបន្ថែមទៀតផងដែរ។ លោកបូរីស ហេម មានប្រសាសន៍បន្ថែមដូច្នេះ «កម្ពុជាបានស្នើសុំឱ្យមានការបកស្រាយសេចក្តីសម្រេចឆ្នាំ១៩៦២ និងទីពីរ កម្ពុជាក៏ស្នើឱ្យមានវិធានការបន្ទាន់មួយដោយកម្ពុជាបានលើកឡើងថា ការប្រយុទ្ធបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២២ មេសា ដូច្នេះកម្ពុជាចង់ឱ្យតុលាការបញ្ចប់ការវាយប្រយុទ្ធគ្នា និងកុំឱ្យមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។ ចៅក្រមតុលាការនឹងជួបជុំគ្នាជាបន្ទាន់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចតាមការស្នើសុំនេះជាបន្ទាន់។ លោកបូរីស ហេម បន្ថែមទៀតថា បើទោះបីជាថៃបានអះអាងថា នឹងប្តឹងជំទាស់ការស្នើសុំរបស់កម្ពុជា ប៉ុន្តែតុលាការក៏នៅមិនទាន់ទទួលបានពាក្យបណ្តឹងនៅឡើយទេ។
ឯកសារតុលាការយុត្តិធម៌អន្តរជាតិស្តីពីកម្ពុជាបញ្ជាក់ថា កម្ពុជាបានដាក់ពាក្យបណ្តឹងមួយទៅតុលាការចោទប្រកាន់ថា ថៃបានកាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារ ហើយក៏បានទាមទារឱ្យតុលាការប្រកាសថា ប្រាសាទព្រះវិហារស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា និងឱ្យថៃដកទាហានខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារដែលទាហានថៃបានគ្រប់គ្រងតាំងពី ឆ្នាំ១៩៥៤ក្រោយពីកម្ពុជាបានទទួលឯករាជ្យពីអាណានិគមនិយមបារាំង។ ឯកសារបន្តថា ភាគីថៃបានជំទាស់នឹងការស្នើសុំរបស់តុលាការ ប៉ុន្តែការជំទាស់ត្រូវបានបដិសេធដោយតុលាការកាលពីឆ្នាំ១៩៦១។ ជាចុងក្រោយ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការបានសម្រេចលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤កំណត់ថា ផែនទីរបស់គណៈកម្មការចម្រុះបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងព្រំដែនកម្ពុជា។ ថៃបានជំទាស់នឹងសេចក្តីសម្រេចដោយលើកឡើងថា ខ្លួនមិនបានទទួលស្គាល់ផែនទីកំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ប៉ុន្តែតុលាការបានរកឃើញថា ថៃពិតជាបានទទួលស្គាល់ផែនទីនេះមែន ដូច្នេះតុលាការសម្រេចឱ្យប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជា ហើយតុលាការបានបញ្ជាឱ្យថៃមានភារកិច្ចដកទាហាន និងប៉ូលិសខ្លួនពីតំបន់ប្រាសាទព្រះវិហារ ហើយថៃត្រូវប្រគល់វត្ថុបុរាណទាំងឡាយដែលបានយកចេញពីប្រាសាទ។
លោកបូរីស ហេម បន្ថែមថា ការសម្រេចរបស់តុលាការជាការបិទផ្លូវតវ៉ាហើយមិនអាចសើរើបាននោះទេ។ ការបកស្រាយសេចក្តីសម្រេចរបស់ខ្លួនគ្រាន់តែជាការបញ្ជាក់លម្អិតបន្ថែមលើសាលក្រម ហើយតុលាការនឹងយកសាលក្រមឆ្នាំ១៩៦២ជាមូលដ្ឋាន៖ «សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌ឆ្នាំ១៩៦២មិនមែនជាសាលក្រមនោះទេ ពីព្រោះយើងមិនមែនជាតុលាការឧក្រិដ្ឋកម្ម។ សេចក្តីសម្រេចនេះមិនអាចប្តឹងឧទ្ធរណ៍បានទេ ។ ការបកស្រាយសាលក្រមឆ្នាំ១៩៦២ ពិតណាស់វានឹងអាចកើតមាន គឺជាការបកស្រាយលម្អិតពីវិសាលភាពសាលក្រម និងអត្ថន័យនៃសាលក្រមឆ្នាំ១៩៦២។ ការបកស្រាយនឹងមិនអាចជំនួសលើសាលក្រមឆ្នាំ១៩៦២នោះទេ។
កាលពីថ្ងៃទី១៨ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា មានតែតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃបាន។ សារព័ត៌មាន Oman Daily Observer ថ្ងៃទី២០ ឧសភា និងទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានផ្សាយថា តុលាការយុត្តិធម៌អន្តរជាតិនឹងបើកសវនាការបកស្រាយរឿងក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២តាមពាក្យបណ្តឹងរបស់កម្ពុជានិងតម្រូវឱ្យគូក្តីកម្ពុជា-ថៃឡើងតុលាការនៅវិមានសន្តិភាពទីក្រុងឡាអេនៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១១ខាងមុខនេះ។ សហគមន៍អន្តរជាតិ បានគាំទ្រគោលជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាដែលស្រឡាញ់សន្តិភាព គោរពអនុវត្តតាមសាលដីកាតុលាការថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ សម្រេចឱ្យកម្ពុជាឈ្នះថៃ ផ្ទុយពីថៃដែលមិនគោរពអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ រឹងរូសចចេសបន្តនូវមហិច្ឆតាវាតទីនិយមហួសសម័យ ទាមទារយកដី៤,៦គីឡូម៉ែត្រក្រឡាស្ថិតក្នុងទឹកដីកម្ពុជា ក្នុងតំបន់ជាប់ប្រាសាទព្រះវិហារ ដោយគំរាមកំហែងវាយប្រហារកម្ពុជា បើកម្ពុជាមិនដកកងទ័ព និងប្រជាជនកម្ពុជាចេញពីតំបន់ក្បែរប្រាសាទព្រះវិហារនោះទេ។
នេះជាហេតុផលដែលកម្ពុជាពុំអាចទទួលយកបាន តាមការគំរាមយ៉ាងព្រហើនបង្កសង្គ្រាមរបស់ថៃរំលោភលើសិទ្ធិកម្ពុជា ដែលការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការបកស្រាយរបស់តុលាការ អាចប្រើជាមូលដ្ឋានសម្រាប់ដំណោះស្រាយចុងក្រោយនៃជម្លោះនេះ តាមរយៈការចរចាដោយសន្តិវិធី ឬតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ។ កម្ពុជាស្នើតុលាការយុត្តិធម៌អន្តរជាតិមានវិធានការជាបន្ទាន់ដើម្បីការពារសិទ្ធិរបស់កម្ពុជា គឺសិទ្ធិទាក់ទងនឹងអធិបតេយ្យ បូរណភាពទឹកដី រួមទាំងសិទ្ធិទាក់ទងនឹងកាតព្វកិច្ចមិនជ្រៀតជ្រែក ដែលថៃត្រូវអនុវត្ត និងបញ្ចៀសកុំឱ្យមានជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ ម្តងនេះ បើថៃនៅតែរឹងរូសមិនគោរពអនុវត្តតាមសាលដីកានេះទៀត តុលាការកំពូលសហប្រជាជាតិអាចនឹងប្រើក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិឱ្យមានវិធានការសមស្រប ប្រើកម្លាំងបង្ខំឱ្យថៃគោរពច្បាប់ បញ្ឈប់ការឈ្លានពានកម្ពុជាតទៅទៀតដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ចែករំលែកព័តមាននេះ