ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ ព្រមាន​រំលាយ​ចោល គណបក្ស​នយោបាយ​ចំនួន​៣ បើ​ពាក់ព័ន្ធ​ទណ្ឌិត ​សម រ​ង្ស៊ី

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ព្រមាន​ដល់​អ្នកនយោបាយ​ ចំនួន​៣ ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ​បើ​ពាក់ព័ន្ធ​នឹង​ទ​ណ្ឌិ​ត​ សម រ​ង្ស៊ី ​។…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ព្រមាន​ដល់​អ្នកនយោបាយ​ ចំនួន​៣ ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ​បើ​ពាក់ព័ន្ធ​នឹង​ទ​ណ្ឌិ​ត​ សម រ​ង្ស៊ី ​។

យោង​តាម​សេចក្តី​ប្រកាស​ព្រមាន​របស់​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១២ ខែ​មក​រា ឆ្នាំ​២០២៤ ​បាន​លើក​ឡើង​ថា ​ថ្មី​ៗ​នេះ​ទណ្ឌិត សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន ​នៅ​ក្រៅប្រទេស បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់គណបក្ស​នយោបាយ​ចំនួន ៣ ឱ្យ​អនុវត្ត​សកម្មភាព​ផ្សេង​ៗ និង​ធ្វើការ​បង្គាប់បញ្ជា​ផ្ទុយ​ ពី​ស្មារតី​នៃ​ច្បាប់ ដើម្បីបម្រើ​ដល់​ផលប្រយោជន៍ និង​មហិច្ឆតា​នយោបាយ​ស្មោកគ្រោក​របស់​ខ្លួន ។

ស្ថិត​ក្នុង​បរិបទ​នេះ ក្រសួងមហាផ្ទៃ​ សូម​ព្រមាន​ទុកជា​មុន ​ចំពោះ​គណបក្ស​នយោបាយ ​ដែល​បានចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ខាង​មុខ​នេះ ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ​រាល់​សកម្មភាព​ ដែល​បំពាន​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ ពិសេសមាត្រា ៦​ថ្មី​(​ពីរ​) ដែល​បាន​ចែង ​អំពី​សកម្មភាព​ ដែល​ត្រូវ​បាន​ហាមឃាត់​ចំពោះ​គណបក្ស​នយោបាយ ក្នុង​នោះចំណុច​ទី​៧ នៃ​មាត្រា​នេះ ​បាន​កំណត់​ច្បាស់​ថា «​ការ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុ​ណ្ហ​ភាព ឬ ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទឧក្រិដ្ឋ ឬ​ពី​បទមជ្ឈិម ឱ្យធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ផលប្រយោជន៍ នយោបាយ​សម្រាប់​គណបក្ស​នយោបាយ​របស់​ខ្លួន​» គឺជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ ដែល​ត្រូវ​បានហាមឃាត់ ។

ក្រសួង ​បាន​បញ្ជាក់​ថា ​៖ “​ក្នុង​ន័យ​ដូច​គ្នា​នេះ​ដែរ យោង​តាម​មាត្រា ៤៤​ថ្មី​(​ពីរ​) នៃ​ច្បាប់​នេះ បញ្ញត្តិ​ថា គណបក្ស​នយោបាយ ដែល​ប្រព្រឹត្ត​ល្មើស អាច​ប្រឈម​នឹង​ការ​ផ្អាក​សកម្មភាព​ប្រាំ​ឆ្នាំ ឬ​ប្រឈម​មុខ​នឹង​ការ​រំលាយ​ដោយ​តុលាការ ។ ទន្ទឹម​នេះ មាត្រា ៣៨​ថ្មី នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បាន​ផ្តល់​សមត្ថកិច្ច​ដល់​ក្រសួងមហាផ្ទៃ ក្នុង​ការ ចាត់វិធានការ​ដើម្បី​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ ឬ​ប្ដឹង​ទៅ​តុលាការ ដើម្បី​រំលាយ​គណបក្ស នយោបាយ​នោះ​ចោល”​ ។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួងមហាផ្ទៃ សូម​អំពាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ សូម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ជា​ធរមាន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​សេរី ពហុបក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ។

សូម​ជម្រាប​ថា ការ​ព្រមាន​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើ​ឡើង​បន្ទាប់​ទណ្ឌិត សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​១១​មក​រា ចេញ​សារ​ជូន​ចំពោះតំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា​យា់ង​ដូច្នេះ​ថា ៖ “​ខ្ញុំ សម រ​ង្ស៊ី សូម​អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា ឲ្យ​រួប រួម​គ្នា ហើយ​សហការ​គ្នា ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នៅ​ស្រុក​យើង​” ។

លោក​ថា ក្នុង​ន័យ​នេះ សូមកុំ​ឲ្យ​មានការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​តែ​ចែក​តួនាទី​គ្នា ដើម្បី​ទទួល​បាន​ជ័យ​ជំនះ​រួម ។

នៅ​ពេល​នេះ មាន​គណបក្ស​នយោបាយ ៣ ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មក​ពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស ឆន្ទៈ​ខ្មែរ ។

ជាមួយ​គ្នា​នោះ​ដែរ ទណ្ឌិត​រូប​នេះ បាន​សូម​ឲ្យ​អ្នកគាំទ្រ និង​សកម្មជន គណបក្ស​ទាំង​៣ នេះ រក្សា​ភាព​ស្មោះត្រង់ ចំពោះ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ មាន​ន័យ​ថា រក្សា​ឧត្តមគតិ​ដើម​របស់​យើង​ទាំងអស់​គ្នា ឈរ​លើ​សីលធម៌ សច្ចធម៌ យុត្តិធម៌ ។

អ្វី​ដែល​សំខាន់​បំផុត គឺ​ឧត្តមគតិ​ដើម​របស់​យើង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រលឹង​ខ្មែរ ព្រលឹង​ជាតិ រស់​រវើក​ជា​និច្ច​។ ឈ្មោះ​គណបក្ស​មិន​សំខាន់​ប៉ុន្មាន​ទេ ពីព្រោះ​យើង​អាច​ប្តូរ​ឈ្មោះ​គណបក្ស ឬ​ប្តូរ គណបក្ស​តែ​ម្តង តាម​អ្វី​ដែល​កាលៈទេសៈ​តម្រូវ​។ អ្វី​ដែល​សំខាន់​បំផុត គឺ​ព្រលឹង​យើង ដែល​នៅ​រស់​រវើក ហើយ​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ​។ យើង​អាច​ប្តូរ​គណបក្ស តាម​អ្វី​ដែល​កាលៈទេសៈ​តម្រូវ ដូច​យើង​ប្តូរ សម្លៀក​បំពាក់​អ​ញ្ចឹ​ង​ដែរ​។ គណបក្ស​គ្រាន់តែ​ជា​សម្បក​ក្រៅ​ទេ ដែល​អាច​មានការ​ប្រែប្រួល តែ​ព្រលឹង យើង​មាន​តែ​មួយ ហើយ​នៅ​ដដែល​។

លោក​សមរ​ង្ស៉ី​បាន​លើក​ឡើង​ថា​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃ ២៥ កុម្ភៈ ២០២៤ ត្រូវ​តែ​មានការ សហការ​គ្នា រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​ចៀសវាង​ការ​ប្រកួតប្រជែង​គ្នា នៅ តាម​ភូមិភាគ​នីមួយ​ៗ​។ បើ​គណបក្ស ២ នេះ ប្រកួតប្រជែង​គ្នា នៅ​ក្នុង​ភូមិភាគ​ណាមួយ គឺ​គណបក្ស ទាំង​ពីរ ច្បាស់​ជា​បរាជ័យ​ទាំង​ពីរ​។

ចំពោះ​អង្គ​បោះ​ឆ្នោត ដែល​ជា​សមាជិក​គណបក្ស​ភ្លើងទៀន ត្រូវ​ប្រកាន់​វិន័យ​បោះ​ឆ្នោត ដោយ សម្ងាត់ ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​តែ​មួយ នៅ​ក្នុង​ភូមិភាគ​នីមួយ​ៗ ដើម្បី​ធានា​ជោគជ័យ​រួម នៃ​កម្លាំង ប្រជាធិបតេយ្យ​។ ការ​ជ្រើសរើស​គណបក្ស​ណាមួយ រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ក្នុង​ភូមិភាគ​នីមួយ​ៗ នឹង​ត្រូវ​សម្រេច ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ តាម​ការ​ចាំបាច់​។

អង្គ​បោះ​ឆ្នោត មិន​ចាំបាច់​បង្ហាញ​ជំហរ​របស់​ខ្លួន ជា​សាធារណៈ​ក៏​បាន​ដែរ មិន​ចាំបាច់​ឲ្យ​អ្នក​ក្រៅ ដឹង​ពី​ជំហរ​របស់​ខ្លួន​ក៏​បាន​ដែរ ដើម្បី​ធានា​សន្តិសុខ និង​លំនឹង​នៃ​ការងារ​ទៅ​ថ្ងៃ​មុខ សម្រាប់​អង្គ​បោះ ឆ្នោត​ម្នាក់​ៗ​។ អ្វី​ដែល​សំខាន់​បំផុត គឺ​អង្គ​បោះ​ឆ្នោត ត្រូវ​បោះ​ឆ្នោត​ដោយ​សម្ងាត់ តាម​សម្បជញ្ញៈ​របស់ ខ្លួន​ម្នាក់​ៗ ហើយ​តាម​វិន័យ​ដូច​បាន​រៀបរាប់​ពី​ខាងលើ ហើយ​ដែល​នឹង​ត្រូវ​បញ្ជាក់ ក្នុង​ពេល​ឆាប់​ៗ​ខាង មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ