ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប្រាសាទកោះកេរ» ត្រូវ​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​គោល​ដៅ​ទេសចរណ៍​ល្បី​ៗ​លើ​ទូ​ទាំង​ពិភពលោក

3 ខែ មុន

គេហទំព័រ «The New York Times» បាន​ចេញផ្សាយ​បញ្ជី​៥២​គោលដៅ ដែល​ត្រូវ​ទៅ​ទ​ស្សា​នា​ក្នុង​ឆ្នាំ​២០២៤ ក្រោម​ពាក្យស្លោក​ថា «​មិន​ថា​លោក​អ្នក​ធ្វើ​ដំណើរ​ក្រោម​ហេតុផល​អ្វី បញ្ជី​របស់​យើង​ផ្តល់​នូវ​ការ​បំផុសគំនិត​» ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ល្បី​ៗ​នៅ​ទូ​ទាំង​ពិភពលោក

បរទេស ៖ នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ គេហទំព័រ «The New York Times» បាន​ចេញផ្សាយ​បញ្ជី​៥២​គោលដៅ ដែល​ត្រូវ​ទៅ​ទ​ស្សា​នា​ក្នុង​ឆ្នាំ​២០២៤ ក្រោម​ពាក្យស្លោក​ថា «​មិន​ថា​លោក​អ្នក​ធ្វើ​ដំណើរ​ក្រោម​ហេតុផល​អ្វី បញ្ជី​របស់​យើង​ផ្តល់​នូវ​ការ​បំផុសគំនិត​» ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ល្បី​ៗ​នៅ​ទូ​ទាំង​ពិភពលោក​។

ហើយ​ប្រាសាទកោះកេរ្តិ៍ ដែល​ត្រូវ​គេ​ហៅ​ថា «​ប្រាសាទ​ពីរ៉ាមីត​នៃ​ទ្វីបអាស៊ី​» ក៏​ត្រូវ​បាន nytimes.com ដាក់​នៅ​លេខ​រៀង​ទី​៣៤ ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​ចំណងជើង «​កោះកែរ កម្ពុជា ប្រាសាទ​ដ៏​ធំ​ស្កឹម​ស្កៃ​នៃ​សតវត្សរ៍​ទី​១០ ដែល​ចុះ​ក្នុង​ប​ញ្ចី​អង្គការ​យូ​ណេ​ស្កូ​»​។

អ្នក​សរសេរ Seth Sherwood របស់ Nytimes បាន​រៀបរាប់​អំពី​ប្រាសាទកោះកេរ្តិ៍ យ៉ាង​ដូច្នេះ​ថា ៖ «​ក្រៅ​ពី​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា យើង​សូម​ណែនាំ​គោលដៅ​ថ្មី​សម្រាប់​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី នោះ​គឺជា​ប្រាសាទបុរាណ​មួយទៀត ដែល​មាន​អាយុកាល​ចំណាស់​រាប់​សហស្ស​វត្សរ៍ នៅ​ក្នុង​តំបន់​​ក្បែរ​នោះ ហើយ​ផ្តល់​នូវ​ជម្រើស​ដំណើរ​ផ្សងព្រេង​នៅ​តំបន់​ដាច់​ស្រា​យា​ល​ជាង​មុន​»​។

អ្នក​សរសេរ Seth Sherwood របស់ Nytimes រៀបរាប់​បន្ត​ថា «​ប្រាសាទ​កោះ​កេរ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​សតវត្ស​ទី​១០ ប្រហែល​២​សតវត្ស​មុន​ប្រាសាទអង្គរវត្ត​។ ទីក្រុង​ដ៏​ពិសិដ្ឋ​នៃ​កោះ​កេរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូ​ណេ​ស្កូ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ​២០២៣ ។ បេះដូង​នៃ​ទីតាំង​នេះ គឺជា​ចង្កោម​នៃ​ប្រាសាទ​រាង​រ៉ា​មី​ត​ប្រាំពីរ​ជាន់ មាន​ទំហំ​៤.៥​ម៉ា​យ​កា​រ៉េ រួម​មាន​ប្រាសាទ​ដ៏​ធំ​ខ្ពស់ អម​ដោយ​រូបសំណាក ចម្លាក់​ថ្ម ស្រះ​សិប្បនិម្មិត និង​ដើមឈើ​ដ៏​ធំ​ត្រឈឹងត្រឈៃ​»​។

អ្នក​សរសេរ Seth Sherwood របស់ Nytimes រៀបរាប់​បន្ត​ថា «​ខេត្តសៀមរាប ដែល​ជាទី​ក្រុង​ធំ​ទី​២ របស់​ប្រទេស​កម្ពុជា គឺជា​មូលដ្ឋាន​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​។ កោះ​កេរ មាន​ចម្ងាយ​ប្រហែល​៧០​ម៉ា​យ​ពី ឬ​ធ្វើ​ដំណើរ​ប្រហែល​២​ម៉ោង ដោយ​តាក់ស៊ី​ពី​ទីរួមខេត្ត​សៀមរាប ដែល​ទីក្រុង​នេះ​ទើបតែ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ថ្មីស្រឡាង និង​ជា​កន្លែង​ស្នាក់​នៅ​ដ៏​ប្រណីត​ដូច​ជា សណ្ឋាគារ Babel Boutique Hotel​ ជាដើម​»​។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ នៃ​អតីត​រាជធានី​លិង្គ​បុ​រ ឬ​ឆោ​ក​គ​គ៌្យ​រ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​។

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល ប្រាសាទ​កោះ​កេរ គឺជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៥ ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ា​ត ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ យើង​ចង​ចាំ​ជា​និច្ច​ចំពោះ​ព្រះរាជកិច្ច​ដ៏​ខ្ពស់​ខ្ពស់ និង​ស្វិតស្វាញ​បំផុត នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជម្រុញ​ឲ្យ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ កើត​មាន​ឡើង​។

ប្រជាជន​ខ្មែរ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ជា​អនេក ដែល​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ នៃ​អតីត​រាជធានី​លិង្គ​បុ​រ ឬ ឆោ​ក​គ​គ៌្យ​រ របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​។ UNESCO ទទួលស្គាល់​ពី​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ និង​ស្ថាបត្យកម្ម​ពិសេស​នៃ​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ និង​តម្លៃ​ជា​សាកល​ដ៏​លេចធ្លោ​របស់​ខ្លួន ដែល​ជា​កិត្តិយស​ដល់​កេរដំណែល​ដ៏​យូរអង្វែង​នៃ​អរិយធម៌​ខ្មែរ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា ដើម្បី​ការពារ​រតនសម្បត្តិ​របស់​ខ្លួន​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​។

គូសបញ្ជាក់​ថា ប្រាសាទ​កោះ​កេរ ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជូន​ឯកសារ​ស្នើ​សុំ​ចុះបញ្ជី​នៅ​តំបន់​ប្រាសាទ​កោះ​កេរ ទៅ​អង្គការ​យូ​ណេ​ស្កូ តាំងពី​ខែមករា ឆ្នាំ​២០២១​។ ប្រាសាទ​កោះ​កេរ មាន​ទំ​ហី​ដី​ជាង ៨,៧០០​ហិ​កតា ស្ថិត​នៅ​ក្នុងស្រុក​គូលែន ឃុំ​ស្រយង់ ខេត្តព្រះវិហារ​។ ប្រាសាទ​ប្រាសាទ​កោះ​កេរ មាន​លក្ខណៈ​ជា​ប្រាសាទភ្នំ កម្ពស់​ប្រមាណ​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់ បីដូច​ជាម​ហា​ចេតិយ៍ បែរមុខ​ទៅ​រក​រាជធានី​អង្គរ នៅ​ឯ​ទិស​ខាងលិច ដោយ​មាន​កាំជណ្តើរ​ប្រមាណ​៥៥​កាំ​។ តាម​ថ្នាក់​ពី​មួយ​ទៅ​មួយ មាន​កម្ពស់​៥​ម៉ែត្រ មាន​ផ្ទៃរាប​ប្រមាណ​២​ម៉ែត្រ តាម​ចន្លោះ​ថ្នាក់​នីមួយ​ៗ​។ នៅ​លើ​កំពូល​ប្រាសាទ​នេះ មាន​រូបចម្លាក់​គ្រុឌ​ធំ​ៗ​ជា​ច្រើន កំពុង​សម្ដែង​រិ​ទ្ធិ ទ្រ​នូវ​សិវ​លឹ​.​ង្គ ត្រី​ភូ​វ​នេ​ស្វរៈ នៅ​ក្បែរ​គ្នា​នេះ​ដែរ មាន​មាត់​រន្ធ​អណ្តូង មួយ​ទំហំ ៤x៤​ម៉ែត្រ​។

ប្រាសាទកោះកេរ្តិ៍ បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ឧទ្ទិស​ដល់​អាទិទេព​មួយ​អង្គ​ឈ្មោះ ត្រី​ភូ​វ​នេ​ស្វរៈ ក្នុង​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​កោះ​កេរ មាន​រូបរាង​ជា​ពីរ៉ាមីត ដោយ​មាន​៧​ជាន់ និង​មាន​កម្ពស់​៣៥​ម៉ែត្រ​។ សព្វថ្ងៃ​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ មាន​សំណង់​ប្រាសាទ សំណង់​សាសនា ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​១២៧ ក្នុង​នោះ​មាន​ប្រាសាទ​ដែល​នៅ​មាន​រូបរាង​ចំនួន​៥៦​។ ចុះ​! តើ​លោក​អ្នក​បាន​ទៅ​ដល់​ប្រាសាទ​កោះ​កេរ​ហើយ​ឬ​នៅ?

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ