ខេត្តព្រះសីហនុ ៖ សម្រាប់បងប្អូនដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងករណីមានអ្នកទារលុយដែលបងប្អូនមកកម្សាន្តនៅលើឆ្នេរសាធារណៈនោះ សូមផ្តល់ព័ត៌មានតាមរយៈទូរស័ព្ទលេខទូរស័ព្ទ ខណៈរដ្ឋបាលខេត្តបានប្រកាសជូនដំណឹងជាថ្មីម្តងទៀតថា គឺមិនតម្រូវឱ្យបងប្អូនបង់ប្រាក់នោះទេ ដោយអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារបាន ។

យោងតាមផេកប្រជាជនខេត្តព្រះសីហនុបានឱ្យដឹងបែបនេះថា «រដ្ឋបាលក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងសារជាថ្មីដល់សាធារណជនជ្រាបថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត ។
ការហាមឃាត់មិនឱ្យវាទទី ដាក់តុ ក្រាលកន្ទេល គឺហាមដាច់ខាតចំពោះអ្នកធ្វើអាជីវកម្មដាក់ជួល ដើម្បីធានាបាននូវទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវគ្រប់រូប អាចប្រើប្រាស់ដោយរីករាយ ។
*ករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្តនៅលេីឆ្នេរសាធារណៈ សូមផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ៖096 723 6600 / 070 633 338 សូមអរគុណ!» ។

គួររំលឹកទៀតថា កាលពីកន្លងមក មានបុរសម្នាក់ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុឃាត់ខ្លួននាំមកវាស់កម្ពស់ ព្រោះវាតទីយកឆ្នេរសាធារណៈ ដាក់តុហើយទារលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល នេះបើតោងតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោកអភិបាលខេត្តព្រះសីហនុ ។
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែកមរា ឆ្នាំ២០២៤នេះ បានអោយដឹងយ៉ាងដូច្នេះថា៖ « កុំឈ្លើយ ប្រាប់ហើយថា កុំវាតទី លើឆ្នេរសាធារណៈ គាត់ដាក់តុ ទារលុយភ្ញៀវ រហូតដល់៣មឺនរៀល។ យកមកវាស់កម្ពស់ម្ដងមើល រួចធ្វើតេស្ត (វិជ្ជមានសារធាតុញៀនទៀត) ត្រូវយកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត ។ អរគុណចំពោះប្រិយមិត្ត ដែលបានរាយការណ៍មកកាន់អាជ្ញាធរ» ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង និងខេត្តព្រះសីហនុធ្លាប់បានជម្រាបជូនសាធារណជនថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈ ធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។
ក្នុងករណីឃើញមានអ្នកដើរទារថ្លៃភាស៊ីតាមគ្រប់រូបភាព និងទារលុយពីបងប្អូន ដែលមកលេងកម្សាន្តនៅលើឆ្នេរសាធារណៈ សូមផ្តល់ព័ត៌មានតាមទូរសព្ទលេខ ៖ 096 723 6600 / 070 633 338 ៕


ចែករំលែកព័តមាននេះ