ក្រុងប៉ោយប៉ែត ៖ នៅច្រកទ្វារអន្តរជាតិប៉ាយប៉ែតបើទោះណាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានរួមគ្នាទប់ស្កាត់ដើម្បីឈានទៅលុបបំបាត់ការប្រើប្រាស់កម្លាំងពលកម្មលើកុមារក្នុងនោះរួមទាំងក្មេងសុំទាន ឬហិតកាវផងដែរ ប៉ុន្តែគេនៅតែសង្កេតឃើញថា ក្មេងហិតកាវ និងសុំទាននៅតែបន្តកើតមានដដែលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ជាក់ស្តែងក្មេងហិតកាវនិងសុំទានមានតូចមានធំ មានប្រុស មានស្រីជាច្រើននាក់បាននាំគ្នាលួចលាក់ពួនហិតកាវនៅចំណុចក្បែរកន្លែងលក់ខោអាវ និងអីវ៉ាន់ខាងកើតខ្លោងទ្វារប្រាសាទកំពូល៣នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រហែល៥០ម៉ែត្រដោយពួកគេកាន់ថង់ម្នាក់មួយ ដែលក្នុងថង់នោះមានជ័រប៉ះកង់នៅខាងក្នុង ហើយធ្វើសកម្មភាពហិតជ័រក្នុងថង់នោះដូចគេផ្លុំប៉េងប៉ោង។ ចំណែកឯក្មេងតូចៗមួយចំនួនដើរសុំទានពីភ្ញៀវតាមច្រកទ្វារមើលទៅយ៉ាងលំបាកភ្នែក ។ ក្រុមក្មេងអនាថាទាំងនេះពេលពួកគេឃើញប៉ូលិស ឬសមត្ថកិច្ចពាក់ព័ន្ធ ពួកគេតែងតែព្យាយាមផ្អាកសកម្មភាព ។
កន្លងមកគេឃើញក្រុមក្មេងអនាថាហិតកាវ និងសុំទានហាក់មានការថយចុះ ស្ទើរតែបាត់ស្រមោល ប៉ុន្តែមួយរយៈនេះ ពួកគេបែរជាមានសកម្មភាពឡើងវិញ ។ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពេលបច្ចុប្បន្នបើទោះជាក្មេងអនាថាហិតកាវ និងសុំទាននៅតែមានក្តី ប៉ុន្តែការប្រើប្រាស់កម្លាំងពលកម្មលើកុមារហាក់មានការថយចុះស្ទើរតែសូន្យទៅហើយ ដោយសារការទប់ស្កាត់ពីសំណាក់ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត ។ មានការរំពឹងថា ក្មេងអនាថាដែលហិតកាវ និងសុំទានខាងលើអាជ្ញាធរ និងសមត្ថសកិច្ចមានវិធានការមិនបណ្តោយឱ្យពួកគេក្លាយជាក្មេងបែបហ្នឹងតទៅទៀតនោះទេ ព្រោះគ្មានអនាគត៕
ចែករំលែកព័តមាននេះ