ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ បើ​អ្នកប្រឆាំង​ថ្ងៃ​៧​មក​រា និង​ថ្ងៃ​២៩​ធ្នូ សូម​ទៅ​សាកល្បង​គ្រោះថ្នាក់​នៅ​ចំការ​មីន ដែល​នៅ​សេសសល់

3 ខែ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដាំផ្ញើ​ទៅ​ដល់​អ្នកប្រឆាំង​នឹង​ការ​ឈប់​សម្រាក ថ្ងៃ​ទី​៧ ខែមករា និង​ថ្ងៃ​ទី​២៩ ខែធ្នូ ឱ្យទៅ​សាកល្បង​គ្រោះថ្នាក់​នៅ​ចំការ​មីន ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដាំផ្ញើ​ទៅ​ដល់​អ្នកប្រឆាំង​នឹង​ការ​ឈប់​សម្រាក ថ្ងៃ​ទី​៧ ខែមករា និង​ថ្ងៃ​ទី​២៩ ខែធ្នូ ឱ្យទៅ​សាកល្បង​គ្រោះថ្នាក់​នៅ​ចំការ​មីន ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​នា​ឱកាស​អញ្ជើញ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៥​ឆ្នាំ នៃ​ថ្ងៃជ័យ​ជម្នះ «៧​មក​រា​» នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា «​ជោគជ័យ និង​ការ​សប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃនេះ គឺ​ពិតជា​ផ្តើម​ចេញពី​ជ័យជម្នះ ៧​មក​រា បើ​គ្មាន​ជ័យជម្នះ​៧​មក​រា យើង​ពិតជា​មិន​អាច​មាន​អ្វី​ៗ​ដូច​ថ្ងៃនេះ​ឡើយ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​។ ស្មារតី​៧​មក​រា ចារឹក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប និង​បាន​ប្រែ​ក្លាយទៅជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ប្រកបដោយ​វីរភាព ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​យើង​បាន​ឈាន​ឡើង​ពី​ជ័យជម្នះ​មួយ​ទៅ​កាន់​ជ័យជម្នះ​មួយទៀត​ឥត​ឈប់​ឈរ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បន្ដ​ថា «​សន្តិភាព មាន​តម្លៃ​ជាទី​បំផុត ការ​បំផ្លាញ​សន្តិភាព​មិន​ពិបាក​ទេ តែ​ការ​បង្កើត​សន្តិភាព គឺ​ពិបាក​ណាស់ ពុំនោះសោត​រាប់​តំណ​មនុស្ស​ក៏​ពុំ​អាច​បង្កើត​សន្តិភាព​បាន​ដែរ​។ អាស្រ័យ​ហេតុនេះ យើង​ត្រូវ​សាមគ្គី​គ្នា រួមចិត្ដ​តែ​មួយ ដើម្បី​ថែរក្សា​សន្តិភាព​ដែល​រកបាន​មក​ដោយ​លំបាក​បំផុត​នេះ ឱ្យ​គង់វង្ស​ស្ថិតស្ថេរ មិន​ឱ្យ​អានុភាព​ណា​មក​បំផ្លាញ​បាន​ឡើយ ទោះបី​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្ដី​»​។

សម្ដេច​តេ​ជោ បន្ថែម​ថា «​គណបក្ស​ប្រជាជន​កម្ពុជា បាន​គាំទ្រ​ចំពោះ​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ​ជា ទិវា​សន្ដិភាព ដែល​ជា​ថ្ងៃ​បុណ្យ​ផ្លូវការ​មួយ​នៅ​កម្ពុជា និង​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ​»​។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ ក៏​សូម​ផ្ដាំផ្ញើ​ទៅ​កាន់​មនុស្ស​មួយ​ចំនួន បើ​អស់លោក​អ្នក​មិន​ពេញចិត្ត​ជាមួយនឹង​ការ​ឈប់​សម្រាក ថ្ងៃ​ទី​៧ ខែមករា និង​មិន​ពេញចិត្ត​ការ​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ នោះ​ទេ សូម​អស់លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ចំការ​មីន ដែល​នៅ​សេសសល់ ដើម្បី​សាកល្បង​ជាមួយនឹង​គ្រោះថ្នាក់ ដែល​ពួក​អ្នក​គួរតែ​ប្រថុយ​។ ប្រសិនបើ​អ្នក​ពិតជា​ជើងឯក នៃ​ការ​ប្រឆាំង ថ្ងៃ​៧​មក​រា និង​ការ​ប្រឆាំង​ជាមួយ​សន្ដិភាព សូម​អស់លោក​អ្នក សាកល្បង​ដោយ​ខ្លួនឯង នៅ​ចំការ​ដែល​នៅ​សេសសល់​មិន​ទាន់​អស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ