ខេត្តព្រះវិហារ ៖ ពីព្រំដែនកម្ពុជា-ថៃតំបន់ប្រាសាទព្រះវិហារមានសេចក្តីរាយការណ៍មកថា ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់៣ថ្ងៃជាប់ៗគ្នា បណ្តាលឱ្យកងទ័ពកម្ពុជាជួបនូវការលំបាកដូចជាជម្រកស្នាក់នៅ ស្បៀងអាហារ និងថ្នាំសង្កូវ នោះជាដើម ។ ប៉ុន្តែមិនមែនធ្ងន់ធ្ងរនោះទេ វាគ្រាន់តែមេឃបង្អុរភ្លៀងជាប់ៗគ្នាពេកធ្វើឱ្យកងដឹកជញ្ជូនជួបការលំបាកខ្លះៗ និងយឺតយ៉ាវតែប៉ុណ្ណោះ…ម្យ៉ាងទៀតទាល់តែមានភ្លៀងធ្លាក់បែបនេះ ទើបដឹងថា ជម្រកស្នាក់អាស្រ័យរបស់ទាហានលិច…ម្យ៉ាងទៀតទាល់តែជួបការលំបាកបែបនេះទើបហៅថា ទាហាន ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា ២០១១ នេះ កោះសន្តិភាពមិនទាន់អាចរកសុំការបញ្ជាក់បានភ្លាមៗនៅឡើយទេ ពីសំណាក់នាយទាហានប្រចាំការតំបន់ព្រំដេនប្រាសាទព្រះវិហារ ។ ទោះជាយ៉ាងណា បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំព្រំដែនខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា មកទល់នឹងពេលនេះ ស្ថានភាពលំបាកខាងលើពុំទាន់ចោទជាបញ្ហាធ្ងន់ធ្ងរនៅឡើយនោះទេ ហើយក៏មានពលទាហាន និងនាយទាហានមួយចំនួនក៏បានអំពាវនាវរកសប្បុរសជនជួយជាស្បៀង និងថ្នាំសង្កូវផងដែរ ។ សេចក្តីរាយការណ៍ក៏បានបន្ថែមទៀតថា ពេលនេះស្ថានការណ៍រវាងយោធាកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ហើយទាហានទាំងពីរមានទំនាក់ទំនងគ្នាល្អដូចមុនថ្ងៃទី១៥ កក្កដា ២០០៨ យ៉ាងដូច្នេះដែរ ៕
ចែករំលែកព័តមាននេះ