រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមសវនាការសាធារណៈ នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់៣១ ឧសភា ២០១១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ដ៍ ។ សវនាការសាធារណៈនឹងផ្តោតលើវិធានការអភិរក្សប្រាសាទព្រះវិហារ។
ក្រៅពីនេះ តាមការអញ្ចើញរបស់លោកជំទាវ កាតឺរីន អាស្ហតុន (Cartherine ASHTON) ជាតំណាងជាន់ខ្ពស់ និងជាអនុប្រធាននៃគណៈកម្មការអឺរ៉ុប និងលោកចាណូស ម៉ារតុន យី (Janos MARTONYI) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហុងគ្រី លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ទី៧ មិថុនា ២០១១ នៅទីក្រុងបូដាប៉េស្តនៃសាធារណរដ្ឋហុងគ្រី ។ កិច្ចប្រជុំនឹងពិភាក្សាបញ្ហាមួយចំនួនធំរួមមានការប្រឈមផ្នែកសន្តិសុខមិនមែនជាប្រពៃណី ការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប និងបញ្ហាក្នុងតំបន់ និងសាកលផ្សេងទៀត ៕
ចែករំលែកព័តមាននេះ