ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ទារក​ទើប​កើត​ម្នាក់ ត្រូវ​ម្តាយ​យក​ទៅ​បោះចោល​ក្នុង​ចំការ​ដំឡូង​មី មួយ​នៅ​ខេត្ត​ប៉ៃលិន

3 ខែ មុន

ខេត្ត​ប៉ៃលិន ៖ ទារក​តូច​ម្នាក់ ទម្ងន់​២.៧​គីឡូក្រាម មាន​ច្រមុះ​ស្រួច សម្បុរ​សណ្តែកបាយ ក្រូ​វ​ម្តាយ​សម្រាល​រួច បាន​យក​ទៅ​បោះចោល​នៅ​ក្នុង​ចំការ​ដំឡូង​មី លុះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ដើរទៅ​កាប់​ផ្លែ​ចេក​ក្បែរ​ចំការ​នោះ…

ខេត្ត​ប៉ៃលិន ៖ ទារក​តូច​ម្នាក់ ទម្ងន់​២.៧​គីឡូក្រាម មាន​ច្រមុះ​ស្រួច សម្បុរ​សណ្តែកបាយ ក្រូ​វ​ម្តាយ​សម្រាល​រួច បាន​យក​ទៅ​បោះចោល​នៅ​ក្នុង​ចំការ​ដំឡូង​មី លុះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ដើរទៅ​កាប់​ផ្លែ​ចេក​ក្បែរ​ចំការ​នោះ ស្រាប់តែ​ប្រទះ​ឃើញ ដេក​គ្រប​ស្លឹក​ដំឡូង​ពីលើ មាន​ទាំង​ឈាម​ហូរ​ចេញពី​ផ្ចិត ប៉ុន្តែ​ឃើញ​ទារក​នៅ​មាន​ដង្ហើម ក៏​រត់​ទៅ​ប្រាប់​អ្នក​ជិតខាង ឲ្យ​រាយការណ៍​ជូន​មេ​ភូមិ និង​សមត្ថកិច្ច​នគរបាល ចុះ​ពិនិត្យ​ភ្លាម​ៗ ។

ហេតុការណ៍​អ្នក​ភូមិ​ប្រទះ​ឃើញ​ទារក​តូច​ម្នាក់ ត្រូវ​បាន​ម្តាយ​យក​ទៅ​បោះចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៤​នេះ ស្ថិត​នៅ​ចំណុច​ចំការ​ដំឡូង​មី ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា អ្នក​ដែល​ប្រទះ​ឃើញ​ទារក​ខាងលើ​នេះ ឈ្មោះ គុម ស្រី​លី​ន ភេទ​ស្រី រស់នៅ​ក្នុងភូមិ​ខាងលើ​។ ក្រោយ​ពី​ប្រទះ​ឃើញ ដោយសារ​តែ​នាង​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត ក៏​ប្រគល់​ឱ្យទៅ​មេការ​ស្តង់​ដំឡូង​មី​ម្នាក់ ឈ្មោះ វ៉ិ​ត សុខ​លី អាយុ​៣៤​ឆ្នាំ ប្រពន្ធ ឈ្មោះ ទិ​ត្យ ឆ​វ័​ន្ត អាយុ​៣១​ឆ្នាំ មានកូន​ស្រី​២​នាក់ ។ រីឯ​ទារក ដែល​ទើប​សុំ​ពី​ស្ត្រី ដែល​រើស​បាន ត្រូវ​បាន​ពួក​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា «​លី សុខ​សំណាង​» ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី ភិន ឡោ​ស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មង្គល បានឱ្យ​ដឹង​ទាំង​ភាព​ភ័យ​តក់ស្លុត ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ កូនស្រី​របស់​គាត់ បាន​ដើរទៅ​កាប់​ផ្លែ​ចេក នៅ​ក្នុង​ចំការ​ក្បែរ​ផ្ទះ ស្រាប់តែ​នាង​ក្រឡេក​មើលទៅ​លើ​ដីចំការ​ដំឡូង​មី​ក្បែរ​របង ស្រាប់តែ​ប្រទះ​ឃើញ​មាន​ទារក​ម្នាក់ គ្រប​ស្លឹក​ដំឡូង​មី ដោយ​មាន​ដង្ហើម មាន​ឈាម​ហូរ​ជោក​ខ្លួន ហើយ​ក៏​រត់​ទៅ​ប្រាប់​គាត់​ជា​ម្តាយ​ឱ្យ​នាំ​គ្នា​ទៅ​មើល និង​លើក​បី​យក​ទៅ​លាង​ជម្រះ​ខ្លួន និង​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ និង​នគរបាល ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ប្រទះ​ឃើញ​ទារក​ដ៏​កំសត់​ខាងលើ រួច​មក ដោយសារ​តែ​ជីវភាព​កូន​របស់​គាត់​មានការ​ខ្វះខាត និង​មានកូន​ច្រើន ទើប​ប្រគល់​ឱ្យទៅ​មេការ​ស្តង់​ដំឡូង​មី​ខាងលើ ដើម្បី​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូន តែ​ម្តង ។

បើ​តាម​ការ​រៀបរាប់​ពី​មេការ​ស្តង់​ដំឡូង​មី​ម្នាក់ ឈ្មោះ វ៉ិ​ត សុខ​លី អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ទិ​ត្យ ឆ​វ័​ន្ត អាយុ​៣១​ឆ្នាំ មានកូន​ស្រី​២​នាក់​ក្នុង​បន្ទុក បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​សុំ​ទារក ដែល​រើស​បាន យក​ទៅ​ចិញ្ចើម​ធ្វើ​ជា​កូន​នោះ ព្រោះតែ​គ្រួសារ​របស់​ពួក​គាត់​មាន​តែ​កូនស្រី ។ ដូច្នេះ​ចង់បាន​កូនប្រុស​ម្នាក់​ទៀត ឲ្យ​បាន​បី​នាក់​។ ហើយ​ពួក​គាត់​សន្យា​ថា នឹង​មើលថែ​រក្សា​ទារក​ខាងលើ ឱ្យ​បាន​ល្អ ក្លាយទៅជា​កូន​របស់​ខ្លួន ដោយ​យក​ទៅ​ចុះ​សំបុត្រ​កំណើត និង​បញ្ចូល​ក្នុង​សៀវភៅ​គ្រួសារ ថែម​ទៀត​ផង ។

ចំណែក​អ្នក​ភូមិ បាន​រៀបរាប់​ទាំង​ការ​អាណិតអាសូរ​ដល់​ទារក​ខាងលើ​ថា មិន​គួរ​ណា​ម្តាយ មានចិត្ត​ដាច់​បែប​នេះ​ទេ ដោយ​យក​កូនបង្កើត​របស់​ខ្លួន ទៅ​បោះចោល​នៅ​ក្នុង​ព្រៃ​ចំការ​ដំឡូង​មី តែ​នេះ​សំណាង​ហើយ ដែល​មាន​អ្នក​ភូមិ ប្រទះ​ឃើញ​ទាន់​ពេល បើសិនជា​ឆ្កែ​អ្នក​ភូមិ​ឃើញ អាច​នឹង​ខាំ​ហែក​ខ្ទេចខ្ទី​គ្មាន​សល់​នោះ​ទេ​។

បើ​តាម​ពួក​គាត់​សន្និដ្ឋាន​ថា ស្ត្រី​ដែល​ហ៊ាន​បោះ​កូន​របស់​ខ្លួន​ចោល​នេះ មិនមែន​ជា​អ្នក​ភូមិ​របស់​ពួក​គាត់​ឡើយ គឺ​អាច​ជា​ស្ត្រី​អ្នកដំណើរ​មក​ពី​ឆ្ងាយ ដោយសារ​តែ​ភាព​ខ្វះខាត ឬ​ក្រីក្រ ហើយ​ក៏​អាច​ជា​ស្ត្រី ដែល​ខឹង​នឹង​ប្តី​រត់​ចោល ទើប​ដាច់​ចិត្ត​បោះ​កូនប្រុស​របស់​ខ្លួន​ចោល​ដោយ​គ្មាន​សោកស្តាយ​អ្វី បន្តិច​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ