ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ ជើងឯក ដែល​សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ នៅថ្ងៃស្អែកនេះ

4 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ…

ភ្នំពេញ៖ ​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន នៅមុនពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក។ ​

ស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះ ប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើនដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ តែងប្រារព្វនូវពិធីក្រុងពាលី​នេះ។

គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន​សហប្រតិបត្តិការឥតសំណងរបស់​រដ្ឋាភិបាលជប៉ុន ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានសមត្ថភាពចម្រោះទឹកកខ្វក់ បានចំនួន ៥,០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ​។

គួររំលឹកថា​ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកនេះ បានធ្វើពិធីក្រុងពាលីបើកការដ្ឋាន កាលពីថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ហើយនៅព្រឹកថ្ងៃទី២២ កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាង​សង់ផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់​អោយដឹង​ថា​ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូម បញ្ជូនទឹកកខ្វក់ ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោម ជាប់អាង​បង្ហូរទឹកបូមចេញពី​ស្ថានីយបូមទឹកបឹងត្របែក។

ស្ថានីយនេះ ក៏មានការសាងសង់​ផ្លូវ សម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់​មកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រាលកៅស៊ូ AC ទំហំ ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០​ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ជូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ (Sewage Treatment Plant) មានសមត្ថភាពប្រព្រឹត្តិកម្មទឹក​កខ្វក់ ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀល សម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោង​ឆ្នាំគោលដៅ២០២៥។

ជាមួយគ្នានេះ គម្រោង ក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន ” ចុះ​ហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មក ទីភ្នាក់ងារ JICA បានចុះកិច្ចព្រម​ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ