ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​២​ខ្នង​យ៉ាង​សន្ធោសន្ធៅ ម្ចាស់ផ្ទះ​សោកស្ដាយ​យំ​លែង​មិន​ចេញ

4 ខែ មុន
  • កំពង់ចាម

ក្នុង​រដូវប្រាំង​ស្លឹកឈើ​ក្រៀម​ស្វិត​ស្រពោន ហើយ​លំនៅ​ដ្ឋា​ន​ប្រសិនបើ​មានការ​ធ្វេសប្រហែស​នោះ អគ្គិភ័យ​អាច​នឹង​ឆាបឆេះ បើសិនជា​ម្ចាស់​មិន​មានការ​ប្រុង​ប្រយ័ត្ន​។​ ជាក់ស្ដែង​កាលពី

ខេត្តកំពង់ចាម ៖ ក្នុង​រដូវប្រាំង​ស្លឹកឈើ​ក្រៀម​ស្វិត​ស្រពោន ហើយ​លំនៅ​ដ្ឋា​ន​ប្រសិនបើ​មានការ​ធ្វេសប្រហែស​នោះ អគ្គិភ័យ​អាច​នឹង​ឆាបឆេះ បើសិនជា​ម្ចាស់​មិន​មានការ​ប្រុង​ប្រយ័ត្ន​។​ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ មាន​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ បណ្ដាល​ឱ្យ​ផ្ទះ​២​ខ្នង​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់ទាំង​ស្រុង ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​សោកស្ដាយ​យ៉ាង​ខ្លាំង​រហូត​យំ​លែង​ចេញ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ឲ្យ​កម្លាំង​នគរបាល​តាម​បណ្ដា​ស្រុក​-​ក្រុង ត្រូវ​ប្រចាំ​បញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ត្រៀម​ចេញ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​តំបន់​ណាមួយ​។

សមត្ថកិច្ច​មូលដ្ឋាន បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ក្រោយ​ពី​ទទួល​ព័ត៌​មាន​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិ​ជី​ប៉ោ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ភ្លាម លោក​អធិការ​ក៏​បញ្ជា​ឲ្យ​លោក​អធិការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់ ចេញ​រថយន្ត​សង្គ្រោះ​អគ្គិភ័យ​ចំនួន​២​គ្រឿង​របស់​អធិការ​នគរបាល​ស្រុក​ស្រី​ន្ធ​រ អន្តរាគមន៍​ជា​បន្ទាន់ និង​សហការ​ជាមួយ​ប៉ុស្តិ៍​ស្វាយ​ពោធិ៍ មេឃុំ ក្រុមប្រឹក្សា​ឃុំ​ស្វាយ​ពោធិ៍ មេ​ភូមិ​ជី​ប៉ោ និង​ប្រជា​ការពារ​ផង​ដែរ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់ គឺ​អគ្គិភ័យ​បាន​ឆេះ​អស់​ផ្ទះ​១​ខ្នង​ទៅ​ហើយ និង​បន្ត​ឆេះ​រាលដាល​ទៅ​១​ខ្នង​ទៀត​។ ខណៈ​ពេល​នោះ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍ ដោយ​បា​.​ញ់​ទឹក​ទប់ស្កាត់​មិន​អោយ​អណ្ដាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ទី​៣​ឡើយ និង​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន ។ ហើយ​ទីតាំង​ផ្ទះ​កើតហេតុ​នោះ គឺ​នៅ​ចម្ងាយ​ពី​អធិការដ្ឋាន​ប្រហែល​១០​គីឡូម៉ែត្រ ណាមួយ​ផ្ទះ​កើតហេតុ គឺ​ធ្វើ​អំពី​ឈើ ដូច្នេះ​ពេល​ណា​ដែល​មាន​គ្រោះ​អគ្គិ​ភ័យ​កើតឡើង គឺ​ឆាបឆេះ​លឿន​ណាស់​។

សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ថា ការ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​នេះ គឺ​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល​។ ចំពោះ​ការ​ខូចខាត គឺ​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ទាំងស្រុង​អស់​ចំនួន​២​ខ្នង និង​ឆេះ​រាល​ដល់​ជញ្ជាំង​ផ្ទះ​ទី​៣ អស់​មួយ​ចំហៀង​ទៀត ។

សមត្ថកិច្ច​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​រួម​មាន ៖
ទី​១- ឈ្មោះ ឌី វៃ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ជី​ប៉ោ ខូចខាត​ផ្ទះ​អស់ទាំង​ស្រុង ដែល​មាន​ទំហំ​៥​ម៉ែត្រ​×៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​, ម៉ូតូ​ចំនួន​១​គឿ​ង​, អង្ករ​ចំនួន​៣​បេ​, ស្រូវ​ចំនួន​២០​បេ​, ខ្សែ​.​ក​, ខ្សែដៃ​, ចិញ្ចៀន​ចំនួន​៧​ជី​(​ផ្លា​ក​ទី​ន​), ចិញ្ចៀន​១​ជី​(​មាស​), ថវិការ​ចំនួន​៥០០​ដុល្លារ​. គ្រែ​ឈើ​ចំនួន​១, ទូ​ឈើ​ចំនួន​២ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

២- ម្ចាស់ផ្ទះ​ឈ្មោះ សែ​ម ធឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ជី​ប៉ោ ខូចខាត​ផ្ទះ​១​ខ្នង​ទាំងស្រុង ដែល​មាន​ទំហំ​៦​ម៉ែត្រ​×៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​, ថវិការ​ចំនួន​៣​លាន​រៀល​, ខ្សែ​.​ក​ខ្សែដៃ​ចំនួន​២​ដំឡឹង (​មាស​), ស្រូវ​ចំនួន​២០​បេ​, គ្រែ​ឈើ​ចំនួន​៣, ទូ​ឈើ​ចំនួន​២ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

៣- ម្ចាស់ផ្ទះ​ឈ្មោះ ឌី ភី អាយុ​៨៣​ឆ្នាំ រស់នៅ​ភូមិ​ជី​ប៉ោ រង​ការ​ខូចខាត​ឆះ​ជញ្ជាំង​ផ្ទះ​អស់​មួយ​ចំហៀង ប្រវែង​៩​ម៉ែត្រ​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​ជី​វិ​.​តមនុស្ស និង​សត្វពាហនៈ​ឡើយ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រដូវប្រាំង​នេះ សមត្ថកិច្ច​ក៏​បាន​ក្រើនរំលឹក​ដល់​ម្ចាស់ផ្ទះ បើ​មិន​នៅផ្ទះ​ទេ សូម​បិទ​បា​រ៉ែត​ភ្លើង ឬ​ពន្លត់ភ្លើង​ចង្ក្រាន​ឲ្យ​បាន​រួចរាល់ មុន​នឹង​ចាក​ចេញពីផ្ទះ​ទៅ​ប្រកប​របរ​លក់ដូរ ឬ​ធ្វើការ​ផ្សេង​ៗ​ដោះស្រាយ​ជីវភាព​គ្រួសារ ដើម្បី​ចៀសវាង​គ្រោះ​អគ្គិភ័យ​ដោ​យថាហេតុ​ណាមួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ