ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជប៉ុន នឹង​ជួប​និយាយ​គ្នា​រឿង​ជំនួយ​សម្រាប់​កម្ពុជា

4 ខែ មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ជួប​ជាមួយ​មេដឹកនាំ​ជប៉ុន ថៃ ឡាវ និង វៀតណាម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជប៉ុន

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ជួប​ជាមួយ​មេដឹកនាំ​ជប៉ុន ថៃ ឡាវ និង វៀតណាម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​។

តាម​ការ​អញ្ជើញ​របស់​លោក គី​ស៊ី​ដា ហ្វ៊ូ​មី​អូ នាយក​រដ្ឋមន្ត្រី​ជប៉ុន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូ​ក្យូ ចាប់ពី​ថ្ងៃ​ទី​១៦-១៨ ខែធ្នូ ឆ្នាំ​២០២៣​។

ប៉ុន្តែ​ក្នុង​ឱកាស​នោះ សម្តេច​នឹង​ឆ្លៀតពេល​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយ​រដ្ឋមន្ត្រី​ជប៉ុន នាយក​រដ្ឋមន្ត្រី​ថៃ នាយក​រដ្ឋមន្ត្រី​ឡាវ និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កាលពី​យប់មិញ បានអោយ​ដឹង​ថា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល សម្តេច​ធិ​បតី​នឹង​មាន​ជំនួប​កំពូល​ទ្វេភាគី​ជាមួយ​លោក គី​ស៊ី​ដា ហ្វ៊ូ​មី​អូ ដើម្បី​ពិភាក្សា​​អំពី​ការ​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​ទាំង​ពីរ​។ ភាគី​ទាំង​ពីរ នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ក្តី​បារម្ភ និង​ផលប្រយោជន៍​រួម​ផង​ដែរ​។

បន្ថែម​ពី​នេះ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ធារាសាស្ត្រ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក ព្រមទាំង​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត លើ​វិស័យ​ឌី​ជី​ថ​ល ធនាគារ និង​ថាមពល​។

សម្តេច​ធិ​បតី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​សហគមន៍​បំ​ភាយ​ឧស្ម័ន​សូន្យ​អាស៊ី (AZEC) ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ស្តី​ពី​អន្តរការណ៍​ថាមពល និង​ជំរុញ កិច្ច​សហប្រតិបត្តិការ ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​នៅ​អាស៊ី​។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​តូ​ក្យូ សម្តេច​ធិ​បតី នឹង​មាន​ជំនួប​អាហារ​ការងារ​ពេល​ព្រឹក ជាមួយ​លោក សន​សៃ ស៊ី​ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក សេដ្ឋា ថា​វី​ស៊ី​ន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​។

សម្តេច​ធិ​បតី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន ផង​ដែរ​។

អញ្ជើញ​អមដំណើរ សម្តេច​ធិ​បតី រួម​មាន ៖ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា លោក សុខ ចិន្ដា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋមន្ត្រី​មួយ​ចំនួន មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​ឧកញ៉ា​កម្ពុជា​។

កិច្ចប្រជុំ​កំពូល​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយទៀត សម្រាប់​អាស៊ាន និង​ជប៉ុន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ជំរុញ​នូវ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន​-​ជប៉ុន តាម​រយៈ​ការ​ចេញ​នូវ​សេចក្តី​ប្រកាស​ចក្ខុវិស័យ​រួម ស្តី​ពី​មិត្តភាព និង​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន និង​ផែនការ​អនុវត្ត​សេចក្តី​ប្រកាស​ចក្ខុវិស័យ​រួម ដែល​បាន​បង្កើត​ឡើង​ក្រោម​មូលបទ​សំខាន់​ៗ​ចំនួន​៣ រួម​មាន ៖ (១) ដៃគូរ​ចិត្ត និង​ចិត្ត​គ្រប់​ជំនាន់​។ (២) ដៃគូរ​សម្រាប់​សហ​បង្កើត​សេដ្ឋកិច្ច និង​សង្គម​នៃ​អនាគត និង (៣) ដៃគូរ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ