ពិតទេ! តារាជើងចាស់ ច័ន្ទ តារាទី ចង់វិលទៅស្រុកកំណើតវិញ ប្រើជីវិតជាកសិករ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី បានបង្ហាញបំណងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយអ្នកស្រីចង់វិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញ បន្ទាប់ពីអ្នកស្រីបានប្រឡូកក្នុងអាជីពសិល្បៈយ៉ាងជោកជាំ ពោលគឺគិតមកទល់នាពេលនេះ មានរយៈពេលប្រមាណជាង៤០ឆ្នាំមកហើយ ។
យ៉ាងណាម៉ិញ គេនៅមិនទាន់ដឹងច្បាស់ទេថា តើបំណងរបស់លោកស្រីនាពេលនេះ ជាការពិតឬយ៉ាងណា? ក្នុងពេលដែលបច្ចុប្បន្ន អ្នកស្រីនៅតែមានទីផ្សារសម្តែងជាបន្តបន្ទាប់ ក្នុងនាមជាតួអង្គម្តាយ ដែលមានទេពកោសល្យល្អនៅក្នុងអាជីពមួយនេះ ។

តាមរយៈបណ្តាញសង្គម តារាសម្តែងដ៏ល្បីល្បាញនាទសវត្សន៍ឆ្នាំ៨០ និងឆ្នាំ៩០ អ្នកស្រី ច័ន្ទ តារាទី បានបង្ហោះរូបភាពរបស់អ្នកស្រីចំនួន៤សន្លឹក ដោយបង្ហាញពីទិដ្ឋភាពជីវភាពរស់នៅបែបស្រុកស្រែចម្ការ រួចភ្ជាប់ជាមួយនឹងសំណេរថា «ប្រើជីវិតជាមួយសិល្បៈអស់រយៈពេលជាង៤៣ឆ្នាំ ចុងក្រោយក៏វិលត្រឡប់មកស្រុកកំណើតវិញ ប្រើជីវិតជាកសិករដូចដើម»។

តាមរយៈសំណេរខាងលើនេះ អាចបញ្ជាក់បានថា អ្នកស្រី ច័ន្ទ តារាទី ទំនងជាចង់បញ្ចប់អាជីពសិល្បៈរបស់អ្នកស្រីក្នុងពេលនេះ ហើយវិលទៅរស់នៅស្រុកកំណើតវិញ ដើម្បីរស់នៅតាមជីវភាពស្រុកស្រែចម្ការ តាមកំណើតដើមរបស់អ្នកស្រី ។

យ៉ាងណាតាមរយៈការបង្ហាញជំហររបស់អ្នកស្រី ច័ន្ទ តារាទី នាពេលនេះ គេក៏ឃើញមានមហាជន ជាពិសេសមិត្តភក្តិរបស់អ្នកស្រីបានចូលខំមិន ដោយម្នាក់ៗបង្ហាញពីក្តីស្រឡាញ់ចំពោះអ្នកស្រី និងមួយចំនួនទៀតបានយល់ស្របចំពោះការសម្រេចចិត្តបែបនេះរបស់អ្នកស្រី ។
ជាការកត់សម្គាល់ បើទោះបីជាតារាសម្តែងរួមជំនាន់របស់អ្នកស្រី ច័ន្ទ តារាទី ភាគច្រើនបានបញ្ចប់អាជីពសម្តែង និងចេញទៅរស់នៅឯក្រៅប្រទេសក៏ដោយ ប៉ុន្តែសម្រាប់អ្នកស្រី គឺនៅតែបន្តវត្តមានសម្តែងរហូតមកទល់នាពេលនេះ ដោយសារអ្នកស្រីនៅតែមានចិត្តស្រឡាញ់លើផ្នែកសិល្បៈ ហើយមិនចង់បោះបង់ចោលឡើយ ។

អ្នកស្រី នៅតែមានទីផ្សារការងារ ដោយអ្នកស្រីតែងតែបង្ហាញវត្តមានសម្តែងនៅក្នុងខ្សែភាពយន្តដុំ និងភាពយន្តភាគចាក់ផ្សាយតាមទូរទស្សន៍ជាបន្តបន្ទាប់ ក្នុងនាមជាតួអង្គម្តាយ ហើយជាពិសេសទៅទៀតនោះ អ្នកស្រីក៏ទើបតែថតបញ្ចប់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី» ដែលជាភាពយន្តភាគបែបប្រវត្តិសាស្ត្រ បង្ហាញពីប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ។

អ្នកស្រី ចាន់ តារាទី គឺជាតារាភាពយន្តជើងចាស់ដែលដុះចេញពីសាលាវិចិត្រសិល្បៈ និងមានលោកគ្រូ ឆេង ផុន ជាអ្នកបង្ហាត់បង្រៀន។ ហើយក្នុងការសម្តែងរបស់អ្នកស្រី គឺជាដៃគូរយ៉ាងសាកសមជាមួយ លោក យស បូវណ្ណៈ ខណៈពេលកាលពីឆ្នាំ២០១៩ អ្នកស្រី បានចាប់ដៃគ្នាជាថ្មីជាមួយ លោក សយ បូវណ្ណៈ សម្តែងក្នុងរឿង «លោកឪពុក»។

ប្រឡូកក្នុងវិស័យសិល្បៈជិត៣ទសវត្សរ៍មកនេះ ពោលគឺតាំងពីទសវត្សន៍ឆ្នាំ៨០ មានខ្សែភាពយន្តរាប់រយរឿងទៅហើយ ដែលអ្នកស្រី ចាន់ តារាទី បានសម្តែង ក្នុងនោះមានរឿងដែលល្បី មានដូចជា ៖ រឿង «ភ្នំពេញស្នេហាខ្ញុំ», រឿង «ជំនោរប៉ៃលិន» និងរឿងល្បីៗមួយចំនួនទៀត។ បច្ចុប្បន្ន អ្នកស្រី ច័ន្ទ តារាទី មានកូនប្រុសស្រីចំនួន៣នាក់ហើយ នៅមុនពេលដែលអ្នកស្រីបានបែកបាក់គ្រួសារ ៕













ចែករំលែកព័តមាននេះ