រាជធានីភ្នំពេញ ៖ មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈវប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងខេត្តសៀមរាប ។ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាង៣០០នាក់ផងដែរ ខណៈកាលពីឆ្នាំកន្លងទៅ គឺមានអ្នកសិល្បៈចូលរួមប្រមាណជិត២០០នាក់តែប៉ុណ្ណោះ។ អ្នកសិល្បៈដែលចូលរួមនោះ គឺជាការស្ម័គ្រចិត្តទាំងអស់ ដោយម្នាក់ៗបានបង្ហាញពីការពេញចិត្ត និងក្តីស្រលាញ់ ដើម្បីរួមគ្នាលើកស្ទួយមរតកវប្បធម៌ជាតិ។
មហាព្រឹត្តិការណ៍ «រាត្រីចងចាំ» ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។
ការសម្តែងខាងលើនេះ នឹងបើកអោយទស្សនិកចូលរួមទស្សនាដោយសេរី នៅក្នុងបរិវេណព្រលានជល់ដំរី ចាប់ពីម៉ោង១៧:០០ល្ងាចតទៅ។ ហើយព្រឹត្តការណ៍នេះ រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការដោយរដ្ឋបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរជាតិអប្សរាផងដែរ ៕
ចែករំលែកព័តមាននេះ