ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាបបានចេញសេចក្តីប្រកាសថា ទី១-បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅក្នុងករណីបានឃើញ ឬជួបប្រទះសកម្មភាពគួរឱ្យសង្ស័យក្នុងការលួចយកឧបករណ៍អគ្គិសនី ឬករណីការសង្ស័យថា ជាជនល្មើសលួចកាត់ប្រព័ន្ធខ្សែបណ្តាញអគ្គិសនី នៅតាមបណ្តាផ្លូវសាធារណៈ និងសួនច្បារនានា សូមរាយការណ៍មករដ្ឋបាល ខេត្តសៀមរាប ឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុត រដ្ឋបាលខេត្តនឹងមានរង្វាន់លើកទឹកចិត្តជូនយ៉ាងគាប់ចិត្ត។

នៅក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ២-រាល់ដេប៉ូទិញ លក់សម្ភារគ្រឿង អគ្គិសនី និងទីតាំងទិញ លក់អេតចាយទាំងអស់ ហាមឃាត់ដាច់ខាត ក្នុងការទិញនូវសម្ភារគ្រឿង អគ្គិសនី ឬខ្សែភ្លើងអគ្គិសនីដែលមានប្រភពមិនច្បាស់លាស់ ឬអាចមានការពាក់ព័ន្ធបទល្មើសលួច ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញនឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តសៀមរាប ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវពិនិត្យតាមដាន និងល្បាតជាប្រចាំ ទប់ស្កាត់ និងចាត់វិធាន ការជាបន្ទាន់ ក្នុង ករណីមានការលួចឧបករណ៍អគ្គិសនី ឬកាត់បណ្តាញខ្សែអគ្គិសនីតាមដងផ្លូវ និងសួនច្បារនានា ដោយមិនលើកលែងចំពោះជនល្មើសណាមួយឡើយ។

ក្នុងសេចក្ដីប្រកាសបន្តថា ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុង មន្ទីរ អង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធ ភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
ចែករំលែកព័តមាននេះ