ខេត្តបាត់ដំបង ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល០៣ថ្ងៃ ខេត្តបាត់ដំបងបានស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចំនួនជាង១០ម៉ឺននាក់ ដែលកើនឡើងជិត២% បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ ។ នេះបើតាមការអះអាងរបស់មន្ទីរទេស ចរណ៍ខេត្ត ។

រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធព្រះរាជពិធីបុណ្យ «អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក» រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ វិច្ឆិកា ។ ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរនេះត្រូវបានមន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទូលរៀបចំផ្ទាល់នៅតំបន់ «សួនច្បារសម្ដេចក្រឡាហោម ស ខេង វិមានឯករាជ្យ»ក្នុងក្រុងបាត់ដំបង ។

ថ្នាក់ដឹកនាំគ្រប់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែងបានចូលរួមយយ៉ាងភ្លូកទឹកភ្លូកដីរយៈពេល០៣ថ្ងៃនៃពិធីបុណ្យ ។ ប្រធានមន្ទីរទេចសចរណ៍ខេត្ត លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានរាយការណ៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល០៣ថ្ងៃ ក្នុងឆ្នាំនេះ២០២៣នេះភ្ញៀវទេសចរបានកើតឡើងជាងឆ្នាំ២០២២ ។

លោកបានបង្ហាញរបាយការណ៍ថា នៅក្នុងឆ្នាំ២០២៣នេះ ពិធីបុណ្យអកអំបុករយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ វិច្ឆិកា មានភ្ញៀវទេសចរមកចូលរួមកម្សាន្តសរុបចំនួន១០០,៥៤៧នាក កើនឡើង១៩២% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ រយៈពេល០៣ថ្ងៃដូចគ្នាដែលមានត្រឹមតែចំនួន៩៨,៦៥៥នាក់ ។

របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៣នេះ ក្នុងចំណោមភ្ញៀវទេសចរទាំងជាង១០ម៉ឺននាក់ គឺមានជាតិចំនួន៩៩,៩៣០នាក់ កើនឡើង១៥៧% បើធៀបនឹងឆ្នាំទៅមិញ រីឯភ្ញៀវបរ ទេសមានចំនួន៦១៧នាក់ កើនឡើង១៣១,០៨% បើធៀបទៅនឹងឆ្នាំទៅមិញ ។ នៅក្នុងរបាយ ការណ៍ លោកអ៊ុច អ៊ុំភីនីស្សារ៉ា មិនបានបរិយាយអំពីហេតុផល ដែលនាំឲ្យមានការចាប់
អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរនៅក្នងព្រះរាជពិធីបុណ្យអកអំបុកនេះទេ ។

ប៉ុន្តែបើយោងទៅលើទិដ្ឋភាពជាក់ស្ដែងនៃទីតាំងប្រារព្វពិធីផ្ទាល់ និងមតិនានាពីសំណាក់ប្រជា ពលរដ្ឋដែលបានចូលរួមគឺ ទិដ្ឋភាពទីតាំងនៃការប្រារព្ធពិធីបុណ្យដែលមានសួរច្បារល្អ វត្តមានវិមានឯករាជ្យថ្មីស្រឡាងដ៏ស្កឹមស្កៃ ដែលមិនធ្លាប់មានពីមុននៅក្នុងក្រុងបាត់ដំបង និងការកែលំអរច្រាំងស្ទឹងសង្កែ អមដោយសួនច្បារផង ធ្វើឲ្យមានសោភ័ណ្ឌភាពគួរឲ្យចង់ទស្សនា។ល។

សមិទ្ធផលទាំងអស់នេះហើយដែលបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិ ៕






ចែករំលែកព័តមាននេះ