ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

អ្នក​ធ្លាក់​បាក់​ឌុ​ប អាច​ស្រក់​ទឹកភ្នែក ដោយសារ​តែ​ប្រឡង​ធ្លាក់​។ ប៉ុន្តែ​ត្រូវ​ប្រែក្លាយ​ការ​បរាជ័យ​នេះ អោយទៅ​ជា​ការ​តស៊ូ​កសាង​អនាគត​នា​ពេល​អនាគត ពីព្រោះ​ថា ធ្លាក់​បាក់​ឌុ​ប​មិនមែន​មាន​ន័យ​ថា

អ្នក​ធ្លាក់​បាក់​ឌុ​ប អាច​ស្រក់​ទឹកភ្នែក ដោយសារ​តែ​ប្រឡង​ធ្លាក់​។ ប៉ុន្តែ​ត្រូវ​ប្រែក្លាយ​ការ​បរាជ័យ​នេះ អោយទៅ​ជា​ការ​តស៊ូ​កសាង​អនាគត​នា​ពេល​អនាគត ពីព្រោះ​ថា ធ្លាក់​បាក់​ឌុ​ប​មិនមែន​មាន​ន័យ​ថា អនាគត​ចប់​ត្រឹមនេះ​ឡើយ​។

ឱកាស​នៅ​តែ​មាន ប្រសិនបើ​យើង​ចេះ​ឈឺចាប់ ហើយ​ប្រែក្លាយ​ការ​ឈឺចាប់ ពោល​គឺ​បរាជ័យ​នៅ​ក្នុង​ពេល​នេះ ទៅ​ជា​កម្លាំង​ជំរុញ និង​ខំប្រឹង​ឡើង​វិញ ។

ការ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២​នាក់ ចែក​ជា ២២៧​មណ្ឌល​ប្រឡង ត្រូវជា ៥.៥៤៣​បន្ទប់ លទ្ធផល​ចេញ​ហើយដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា សិស្សានុសិស្ស និង​បេក្ខជន​ដែល​ប្រឡង​ជាប់ គឺ​មាន ៧២,៨៩ ភាគរយ ស្មើនឹង ៩៨.៤៦០​នាក់​។ នៅ​ក្នុង​នោះ ទទួល​បាន​និទ្ទេស A ចំនួន​១.៦៧៣​នាក់​, និទ្ទេស B ចំនួន​៦.៩៦៤​នាក់​, និទ្ទេស C ចំនួន​១៨.៣០៨​នាក់​, និទ្ទេស D ចំនួន​៣៤.២៤៦​នាក់ និង​និទ្ទេស E ចំនួន​៣៧.២៦៩​នាក់ ក្រៅពី​នោះ គឺជា​អ្នក​ធ្លាក់ ។

ចំពោះ​អ្នក​ធ្លាក់​ប្រហែលជា​អ្នកខ្លះ​ត្រូវ​ឪពុក​ម្តាយ​ស្តីបន្ទោស ខ្លះ​ទៀត​ក៏​លួងលោម​លើកទឹកចិត្ត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្អូន​ៗ​កុំ​ដាក់ទោស​ខ្លួនឯង​បន្ថែម​ទៀត ។ ប្អូន​យំ​ចុះ តែ​ត្រូវ​ជូត​ទឹកភ្នែក ហើយ​តាំងចិត្ត​អោយ​កាន់តែ​រឹង​មាំ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ក្នុង​វិ​ថី​ជី​វិ​.​ត​។

ប្អូន​ៗ​ដែល​បរាជ័យ​មិនមែន​ជា​អ្នក​នៅ​ក្រៅសង្គម​ទេ​។ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​មិន​បំភ្លេច​អ្នក​ទាំងអស់​គ្នា​ដែរ ដោយ​ក្រៅពី​បាន​អបអរសាទរ​ចំពោះ​បេក្ខជន​ប្រឡង​ជាប់​ហើយ សម្តេច​ក៏​បាន​ប្រាប់​ថា «​បេក្ខជន​ដែល​បាន​ទទួលលទ្ធផល​មិនល្អ កុំ​បាក់ទឹកចិត្ត ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត​»​។

សម្ដេច​តេ​ជោ​បន្ដ​ថា «​សូមកុំ​បាក់ទឹកចិត្ត ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម ដើម្បី​អាច​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​នា​ឆ្នាំ​ក្រោយ ឬ​អាច​នឹង​ចាប់​យក​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ ឬ​កម្រិត​នៃ​ការ​សិក្សា​បន្ទាប់ ដើម្បី​នឹង​បន្ត​អភិវឌ្ឍន៍​សិក្សា​ជំនាញ​អាជីព​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​នៅ​ពេល​ខាង​មុខ​»​។

នៅ​ចាំ​ទេ​! កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​គោលនយោ​បាយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​ចំនួន​១,៥​លាន​នាក់ ដោយ​ការ​បណ្ដុះបណ្ដាល​នេះ មានមុខ​ជំនាញ​ចំនួន​៣៨ នៅ​ក្នុង​វិស័យ​ចំនួន​១០ រួម​មាន ៖ វិស័យ​សំណង់ អគ្គិសនី អេ​ឡិច​ត្រូ​និក មេកា​និក​ទូទៅ ទេសចរណ៍ សេវាកម្ម កសិកម្ម កសិឧស្សាហកម្ម ធុរៈកិច្ច និង​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម​។

ប្អូន​ៗ​អាច​ដាក់ចិត្ត ដាក់​កាយ ចាប់​យក​អាជីព​ខាងលើ​នេះ​សិន​ក៏​បាន ដោយនៅ​ក្នុងអំឡុងពេល​រៀន ប្អូន​ៗ​មិន​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​នោះ​ទេ ហើយ​សម្រាប់​អ្នកចូលរួម​បណ្ដុះបណ្ដាល​ពេញ​ម៉ោង អាច​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន​២៨​ម៉ឺន​រៀល​បន្ថែម​ផង​ដែរ ហើយ​នៅ​ពេល​រៀន​ចប់​អាច​មានឱកាស​ធ្វើការ បង្កើត​មុខរបរ​ខ្លួនឯង ពោល​គឺ​អាច​រក​ប្រាក់​ចិញ្ចឹម​ជី​វិ​.​ត​បាន មុន​អ្នក​ជាប់​ផង​ក៏​ថា​បាន ។

ក្រៅ​ពីមុខ​ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងនេះ ប្អូន​ៗ​ក៏​អាច​នឹង​ចុះ​ឈ្មោះ​រៀន​បរិញ្ញាប័ត្រ​រង​ក៏​បាន​។ នៅ​ពេល​រៀន​ចប់ ប្អូន​ៗ​ក៏​អាច​នឹង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​រៀន​បន្ត​រហូត​ដល់​ថ្នាក់​បិ​រញ្ញា​ប័ត្រ អនុ​បណ្ឌិត និង​បណ្ឌិត​ក៏​បាន​ដែរ ។ សង្គម​យើង​មិន​បិទ​ឱកាស​ទេ​។ ដូច្នេះ កុំ​បាក់ទឹកចិត្ត ហើយ​នៅ​ក្នុង​ករណី​យើង​នៅ​តែ​ចង់បាន​សញ្ញាប័ត្រ​បាក់​ឌុ​ប​នេះ គឺ​អាច​បន្ត​រំលឹក​មេរៀន​ចាស់​ៗ​ជា​ប្រចាំ រហូត​ដល់​ពេល​ចុះ​ឈ្មោះ​ប្រឡង​។ យើង​អាច​ដាក់​ប្រឡង​នៅ​ក្នុង​នាម​ជា​បេក្ខជនស្វ័យរិន ក៏​បាន​ដូច​គ្នា ដូច្នេះ​ព្រួញ​មួយ​អាច​បា​.​ញ់​បាន​សត្វ​ពីរ​។

បរាជ័យ​នៅ​ពេល​នេះ មិនមែន​ប្អួ​ន​ៗ​គ្មាន​ផ្លូវ​ដែល​ត្រូវ​ដើរ​ឡើយ ។ សូម​កែប្រែ​ខ្លួន ហើយ​ខំប្រឹង​សិក្សា​ចាប់​យក​ឱកាស ហើយ​ប្រែក្លាយ​ការ​បរាជ័យ​ទៅ​ជា​កម្លាំង​ធ្វើ​យ៉ាងណា​ចាប់​ឱកាស ហើយ​ទម្លុះ​រនាំង​នៃ​ឧបសគ្គ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​អនាគត​យើង​អាច​ភ្លឺស្វាង នៅ​ពេល អនាគត ។ អនាគត​ល្អ គ្មាន​​ឡើយ​សម្រាប់​អ្នក​ដែល​គ្មាន​ការ​តស៊ូ ហើយ​ដេក​ដួល​នឹង​បរាជ័យ ។ បរាជ័យ​នៅ​កន្លែង​ណា ក្រោក​ឈរ ហើយ​ព្យាយាម​ច្បាម​ឱកាស​នៅ​កន្លែង​នោះ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កន្លែង​ដែល​ភ្លឺស្វាង ៕

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ