ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក ២០២៤ ថែម​សំបុត្រ​៤០​ម៉ឺន​សន្លឹក ក្រោយ​ជាង​៧​លាន​សន្លឹក​លក់ដាច់​គ្មាន​សល់

8 ខែ មុន

ប្រទេស​បារាំង ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ (Paris 2024) កាលពី​ថ្ងៃ​

ប្រទេស​បារាំង ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ (Paris 2024) កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​ប្រកាស​ថា សំបុត្រ​ទស្សនា​ប្រហែល​៤០​ម៉ឺន​សន្លឹក​បន្ថែម​ទៀត នឹង​ត្រូវ​ដាក់​លក់​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែវិច្ឆិកា​នេះ បន្ទាប់​ពី​សំបុត្រ​ចំនួន ៧.២​លាន​សន្លឹក​លក់ដាច់​គ្មាន​សល់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ​ផ្លូវការ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ហៅ​កាត់​ថា IOC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

ព្រឹត្តិការណ៍​ប៉ា​រី​ស​ឆ្នាំ ២០២៤ សង្ឃឹមថានឹង​លក់​សំបុត្រ​សរុប​ចំនួន ១០​លាន​សន្លឹក​សម្រាប់​ការ​ប្រកួត​កីឡា​រដូវក្តៅ​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា បន្ទាប់​ពី ៧.២​លាន​សន្លឹក​លក់ដាច់​គ្មាន​សល់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Michael Aloisio ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​គិត​ថា​គណៈកម្មាធិការ​រៀបចំ​ផ្សេង​ទៀត​បាន​លក់​សំបុត្រ​ច្រើន​យ៉ាងនេះ​ទេ​»​។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​បាន​បញ្ជាក់​ថា សំបុត្រ​ភាគច្រើន​គឺ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ហើយ​សំបុត្រ​សម្រាប់​ពិធី​បើក និង​បិទ​ក៏​មាន​ផង​ដែរ​។ មួយ​ភាគ​បី​នៃ​សំបុត្រ​ដែល​ទើប​ចេញ​ថ្មី​នឹង​មាន​តម្លៃ​ក្រោម​៥០​អឺ​រ៉ូ នៅ​គ្រប់​វិញ្ញាសា​ប្រកួត​ទាំងអស់ លើកលែងតែ​កីឡា​ស្គី​លើ​ទឹក (Surfing)​។ សំបុត្រ​ប្រហែល ៣០​ម៉ឺន​សន្លឹក​ដែល​មាននៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា នឹង​មាន​សម្រាប់​វគ្គ​អត្តពលកម្ម ជាមួយនឹង ២៤,០០០​សន្លឹក​ផ្សេង​ទៀត សម្រាប់​កីឡា​វាយ​កូន​បាល់ (Tennis)​។ សំបុត្រ​ថ្លៃ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ប៉ា​រី​ស​ឆ្នាំ ២០២៤ មាន​តម្លៃ ២,៧០០​អឺ​រ៉ូ ស្មើនឹង ២,៩០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ពិធី​បើក និង​សំបុត្រ​តម្លៃ​ថោក​បំផុត​មាន​ចំនួន ២៤​អឺ​រ៉ូ ស្មើនឹង ២៦​ដុល្លារ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ អ្នក​រៀបចំ​ក៏​កំពុង​ស្វែងរក​ការ​លក់​សំបុត្រ​ចំនួន ២.៨​លាន​សន្លឹក​សម្រាប់​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​របស់​ខ្លួន​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នៅ​ចុងឆ្នាំ ២០២៣ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ដោយ​មាន ៣២​ប្រភេទ​កីឡា និង ៤៨​វិញ្ញាសា​ប្រកួត ហើយ​បន្ទាប់​មក ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា​៕ (​ប្រភព ៖ Inside The Games)