រាជធានីភ្នំពេញ ៖ នៅពេលនិយាយទៅដល់ស្រីស្រស់ រ៉ន ចាន់ឌីន អតីតបេក្ខភាពចម្រៀងកុមារ ឆ្នាំ២០១៧នោះ បងប្អូនមហាជនអាចនឹងស្គាល់ហើយតាមរយៈសម្លេងដ៏ផ្អែមស្រទន់របស់កញ្ញារូបនេះ។ ក្រោយពេលទទួលបានប្រជាប្រិយភាពជាច្រើនឆ្នាំមក នាពេលនេះ ស្រីស្រស់ពេញក្រមុំស្តូកតែម្ដង ហើយឆ្នាំនេះ ក៏ជាឆ្នាំដែលនាងតូចរូបនេះ ប្រឡងបាក់ឌុបផងដែរ។

ប្រាកដណាស់ កាលពីកន្លងទៅ ស្រីស្រស់ រ៉ន ចាន់ឌីន បានមកប្រឡងនាមណ្ឌលវិទ្យាល័យទឹកល្អក់ ខណៈដំណើរនៃការប្រឡងប្រព្រឹត្តិទៅដោយរលូនសម្រាប់កញ្ញាផ្ទាល់ ហើយសម្រាប់សម័យប្រឡង៦វិច្ឆិកានោះទៀតសោត ឃើញមានម្តាយ និងប្អូនស្រីកញ្ញា ក៏បានមកជួយលើកទឹកចិត្តចំថ្ងៃដ៏ពិសេសសម្រាប់កូនផងដែរ។

គួរបញ្ជាក់ថា ស្រីស្រស់ ចាន់ឌីន សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ កញ្ញាប្រឡងនៅបន្ទប់ទី៧ លេខតុទី១៦២ នាវិទ្យាល័យទឹកល្អក់ ស្ថិតក្នុងរាជធានីភ្នំពេញ។ ចំពោះការប្រឡងជាធម្មតា ហើយស្រីស្រស់រូបនេះធ្លាប់និយាយថា នាងភ័យខ្លះៗផងដែរ ប៉ុន្តែក្រោយមកក៏មានអារម្មណ៍ថាធូរស្រាលវិញ ក្រោយធ្វើបាននូវសំណួរខ្លះៗនោះមក។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព កញ្ញា រ៉ន ចាន់ឌីន ដែលជាអតីតបេក្ខភាពចម្រៀងកុមារ «The Voice Kids Cambodia» រដូវកាលទី១ ឆ្នាំ២០១៧ បានប្រាប់ឱ្យដឹងថា «កញ្ញាបានប្រឡងជាប់ហើយ ពោលគឺលទ្ធផលដែលទទួលបាននោះ គឺនិទ្ទេស «D» លើផ្នែកវិទ្យាសាស្ត្រសង្គម។ ដោយកាលពីកញ្ញាប្រឡងនោះ គឺមានដូចជា ៖ មុខវិជ្ជាផែនដីវិទ្យា និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ»។
កញ្ញា រ៉ន ចាន់ឌីន ប្រាប់បន្តថា «ក្នុងនោះដែរ ក្រោយពេលដែលទទួលបានលទ្ធផលមួយគាប់ប្រសើរចំពោះកញ្ញានោះ កញ្ញាពិតជារីករាយយ៉ាងខ្លាំង ដោយអំឡុងពេលប្រកាសលទ្ធផលនោះ កញ្ញាភ័យជាខ្លាំង ហើយក៏រំភើបខ្លាំងដែរ នៅពេលទទួលលទ្ធផលមួយល្អជូនម្តាយដែលបានមកលើកទឹកចិត្តកញ្ញាគ្រប់ពេលវេលា ហើយអ្វីដែលកញ្ញាបានធ្វើនោះ គឺកញ្ញាខិតខំអស់ពីសមត្ថភាពហើយ សម្រាប់ការប្រឡងមួយនេះ»។

កញ្ញា រ៉ន ចាន់ឌីន បានបន្តទៀតថា «ក្រោយពេលប្រឡងបាក់ឌុបជាប់នោះ នាពេលខាងមុខ កញ្ញានឹងជ្រើសរើសជំនាញអក្សរសាស្ត្រខ្មែរ ដោយនាពេលអនាគត កញ្ញាចង់ក្លាយជាអ្នកនិពន្ធ»។
គួរបញ្ជាក់ផងដែរថា យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តកណ្តាល បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ តាមនិទ្ទេសនីមួយៗ មានដូចជា ៖ សិស្សទទួលបាននិទ្ទេស A ចំនួន១.៦៧៣នាក់, និទ្ទេស B ចំនួន៦.៩៦៤នាក់, និទ្ទេស C ចំនួន១៨.៣០៨នាក់, និទ្ទេស D ចំនួន៣៤.២៤៦នាក់ និងនិទ្ទេស E ចំនួន៣៧.២៦៩នាក់ ៕
ដោយ ៖ លីហួ គឹមឆាយ




ចែករំលែកព័តមាននេះ