ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៧​ម៉ឺន​នាក់ ចាំ​ទទួល​ព្រះ​អង្គ ចន្ទ មុន្នី តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់​ល្ងាច (​វី​ដេ​អូ​)

5 ខែ មុន
  • កំពង់ចាម

នៅ​ក្រោម​ម្លប់ឈើ​មួយ​ដើម​ធំ ផ្លូវ​ឡើង​ចំណោត​មក​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្ថិត​ក្នុងស្រុក​កំពង់សៀម គេ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​បានឱ្យ​កូនស្រី​របស់​ខ្លួន​ដែល​មាន​ជំងឺ​ឈឺ​មើល​មិនជា​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មក​ដេក​រង់ចាំ​ការ​ប្រោស​ព្រំ​ពី​ព្រះ​អង្គ​ធម្ម​វនវាសី ច័ន្ទ​មុន្នី ដែល​កំពុង​តែ​ល្បី​ពេញ​បណ្ដាញ​សង្គម​ថា

ខេត្តកំពង់ចាម ៖ នៅ​ក្រោម​ម្លប់ឈើ​មួយ​ដើម​ធំ ផ្លូវ​ឡើង​ចំណោត​មក​ភ្នំ​ប្រុស​ភ្នំ​ស្រី នា​វេលា​ម៉ោង​ជាង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​ក្នុងស្រុក​កំពង់សៀម គេ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​បានឱ្យ​កូនស្រី​របស់​ខ្លួន​ដែល​មាន​ជំងឺ​ឈឺ​មើល​មិនជា​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មក​ដេក​រង់ចាំ​ការ​ប្រោស​ព្រំ​ពី​ព្រះ​អង្គ​ធម្ម​វនវាសី ច័ន្ទ​មុន្នី ដែល​កំពុង​តែ​ល្បី​ពេញ​បណ្ដាញ​សង្គម​ថា «​លោក​មាន​បារមី​អាច​ប្រោស​ជំងឺ​ឲ្យ​ជា​សះស្បើយ​បាន ប្រសិនបើ​មាន​ឧបនិស្ស័យ​ជាមួយនឹង​ព្រះ​អង្គ​»​។

បើ​តាម​អ្នកស្រី ឃ្លាំង សុធា​រី អាយុ​៥៧​ឆ្នាំ រស់នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម បាន​រៀបរាប់​ឲ្យ​ដឹង​ថា «​កូនស្រី​របស់​គាត់​ឈ្មោះ ហុង សា​វី អាយុ​៦​ឆ្នាំ ត្រូវ​នាំ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ហាន់ជ័យ តែ​កូនស្រី​របស់​គាត់ រៀន​មិនសូវ​ចេះ​ចាំ​នឹង​គេ​នោះ​ទេ​។ រហូត​មក​ដល់​រៀន​បាន​ថ្នាក់​ទី​៥ កូនស្រី​ក៏​ចាប់ផ្ដើម​ឈឺ ហើយ​ការ​រៀនសូត្រ​ចេះ​តែ​មានការ​ថមថយ ដោយ​មិន​អាច​ចាប់​អ្វី​ដែល​គ្រូបង្រៀន​បាន​ឡើយ​»​។

អ្នកស្រី​សុធា​រី រៀបរាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា «​ដោយសារ​តែ​បញ្ហា​សុខភាព កូនស្រី​មាន​ជំងឺ​មិន​ចង​ចាំ​បាន ជួនកាល​ពេល​នៅផ្ទះ​នឹកឃើញ​រៀន ក៏​ទាញ​សៀវភៅ​មក​រៀន​។ ដោយ​ឃើញ​សភាព​បែប​នេះ គឺ​គាត់​មិន​អនុញ្ញាត​ឲ្យ​កូន​ទៅ​រៀន​បន្ត​ទៀត​នោះ​ទេ​។ បន្ទាប់​មក គាត់​ក៏​បាន​នាំ​កូនស្រី​មក​រក​គ្រូពេទ្យ ដើម្បី​ឱ្យ​ជួយ​ព្យាបាល​ជំងឺ ទាំង​ពេទ្យ​រដ្ឋ និង​ឯកជន នៅ​ក្នុង​ខេត្តកំពង់ចាម ព្រមទាំង​មន្ទីរពេទ្យ​មួយទៀត​នៅ​ឯ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​នៅ​ពេល​កូនស្រី​លេបថ្នាំ​ដំបូង គឺ​បាន​ធូរស្រាល តែ​អស់​ជាតិ​ថ្នាំ​ក៏​រើ​ឡើង​វិញ​ដដែល ហើយ​កូនស្រី​ដែល​ឈឺ​នេះ គឺជា​កូន​ទី​៤ និង​ជា​កូនពៅ​ទៀត​ផង​»​។

អ្នកស្រី​សុធា​រី ប្រាប់​បន្ត​ទៀត​ថា «​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ក៏​ឮដំណឹង​ថា ព្រះ​អង្គ ចន្ទ មុន្នី និមន្ត​មក​កាន់​ភ្នំ​ប្រុស​ភ្នំ​ស្រី គាត់​ក៏​ប្រញាប់ប្រញាល់​ដឹក​កូនស្រី​មក​ឈប់​សម្រាក​នៅ​ក្រោម​ដើមឈើ​ធំ​មួយ និង​បាន​ឲ្យ​កូនស្រី​ដេក​រង់ចាំ​ជា​ច្រើន​ម៉ោង តែ​មិន​ទាន់​ឃើញ​ព្រះ​អង្គ​និមន្ត​មក​ដល់​នៅឡើយ​»​។

ស្ថិត​ក្នុង​ទឹកមុខ​ទាំង​ស្រងូតស្រងាត់ និង​សប្បាយ​ផង អ្នកស្រី​សុធា​រី បាន​លើក​ឡើង​ទៀត​ថា​«​បើសិនជា​កូនស្រី​របស់​គាត់​មាន​ឧបនិស្ស័យ​ជាមួយនឹង​ព្រះ​អង្គ​មែន​នោះ អាច​នឹង​ប្រោស​ជំងឺ​កូនស្រី​របស់​គាត់​អោយ​ជា​ក៏​ថា​បាន​ដែរ​»​។

ចំណែក​លោកយាយ​អ៊ិ តេ​ក អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ដៃ​បួន ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ក៏​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា «​គាត់​មាន​ជំងឺ​ឈឺដៃ​ជើង និង​រាង​កាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្យាបាល​មិន​ព្រម​ជា​សោះ ហើយ​ថែម​ទាំង​ពិបាក​ដើរ​ទៀត​ផង​។ បន្ទាប់​មក​គាត់​ក៏​ទទួល​បាន​ដំណឹង​ថា ព្រះសង្ឃ ចន្ទ មុន្នី និមន្ត​មក​កាន់​ភ្នំ​ប្រុស ក្នុង​ទឹកដី​ស្រុក​កំពង់សៀម គាត់​រួម​ទាំង​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់ នាំ​គ្នា​ជិះ​រថយន្តឈ្នួល​មួយ​គ្រឿង ធ្វើ​ដំណើរ​មក​កាន់​វត្ត​ភ្នំ​ប្រុស ក្នុង​គោលបំណង​សុំ​សេចក្តីសុខ​ពី​ព្រះសង្ឃ និង​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​បានជា​សះស្បើយ​ពី​ជំងឺ​»​។

រីឯ​លោក រ៉េ​ត សា​រ៉ាត ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​វិញ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា «​គ្រាន់តែ​ពុទ្ធបរិស័ទ​ដែល​រង់ចាំ​ទទួល​ព្រះ​អង្គ​និមន្ត​មក​កាន់​ទឹកដី​ខេត្តកំពង់ចាម គឺ​ពួក​គាត់​នាំ​គ្នា​មក​ចាំ​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​មក​ដល់​ពេល​ល្ងាច ទើប​ព្រះ​អង្គ ចន្ទ មុន្នី បាន​និមន្ត​មក​ដល់​កម្មវិធី​បុណ្យ​មួយ ស្ថិត​ក្នុងស្រុក​កំពង់សៀម ដើម្បី​សម្ដែងធម៌​ទេសនា​»​។

សូម​បញ្ជាក់​ថា តាម​ទីតាំង​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​នៅ ៖ បា​ធា​យ រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ​, ផ្សារ​ព្រៃ​ទទឹង ស្រុក​ព្រៃឈរ​, ច្រក​ឡើង​ភ្នំ​ប្រុស​ភ្នំ​ស្រី​, មុខ​មន្ទីរពេទ្យ​៧​ដេ ស្រុក​កំពង់សៀម និង​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​សរុប​ពលរដ្ឋ​ទាំងអស់​មាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ឯណោះ​។

ហើយ​បើ​តាម​ថេរ​ដីកា​របស់​ព្រះ​អង្គ ចន្ទ មុន្នី បាន​សង្កត់ធ្ងន់​ឱ្យ​ខ្មែរ​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ឲ្យ​ជាតិ​យើង​មានការ​រីក​ចម្រើន​ក្រោម​ម្លប់​សន្តិភាព​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ ក្នុង​គោលបំណង​ឲ្យ​ព្រះ​អង្គ​ប្រោស​ព្រំ ដើម្បី​បានជា​ជំងឺ​នោះ គឺ​រូប​លោក​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ថា តើ​មាន​អ្នកជំងឺ​ប៉ុន្មាន​នាក់​បានជា​នោះ​ទេ0x017d7 ហើយ​រហូត​ដល់​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ទើប​ព្រះ​អង្គ ចន្ទ មុន្នី បាន​និមន្ត​តាម​រថយន្ត​ឆ្ពោះទៅ​កាន់​វត្ត​តា​សុត ស្ថិត​នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ