រាជធានីភ្នំពេញ ៖ បងប្អូនមហាជនប្រាកដជាស្គាល់ច្បាស់ហើយ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ក្រោយពេលចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានកន្លងផុតទៅជាច្រើនឆ្នាំ ពេលនេះកូនៗរបស់តារាចម្រៀងទាំងពីរដួងនេះ ពេញរូបពេញរាងហើយ ថែមទាំងអាចច្រៀងបានយ៉ាងពីរោះទៀតផង។
កាលពីពេលថ្មីៗនេះ កូនប្រុសរបស់លោក ឃុំ ប៉ុណ្ណាដែត មានឈ្មោះថា «ឃុំ រដ្ឋាណាលីដូ» បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះធ្វើអោយមហាជនសម្តែងការកោតសរសើរយ៉ាងខ្លាំង ក្រោយពី លីដូ បកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា «ជានិស្ស័យក៏អាចថាបាន» ដែលជាបទយុវវ័យសម័យថ្មី និងមានការពេញនិយមផងដែរនៅក្នុងបណ្តាញសង្គមកាលពីកន្លងទៅ។

ប្រាកដណាស់ ក្រៅពីការច្រៀង អ្វីដែលធ្វើអោយមហាជនកាន់តែកោតសរសើរទៀតនោះ គឺកូនប្រុសរបស់លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា រូបនេះ អាចលេងហ្គីតាយ៉ាងល្អថែមទៀត ដូចពាក្យចាស់ពោលថា «ស្លឹកឈើ ជ្រុះមិនឆ្ងាយកពីគល់» ដោយមហាជនគ្រប់គ្នារំពឹងថា នេះអាចជាតំណក់ឈា.មសិល្បៈរបស់តារាចម្រៀងទាំងពីរដួងនេះផងដែរ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ឃុំ ប៉ុណ្ណាដែត បានប្រាប់ឱ្យដឹងថា «កូនប្រុសរបស់លោកដែលមានឈ្មោះថា លីដូ រូបនេះ មានអាយុ១៦ឆ្នាំ រៀនថ្នាក់១០ ហើយការដែលចេះលេងហ្គីតា និងច្រៀងនេះ គឺគាត់រៀនតាម YouTube ហើយក្នុងនោះ ក៏មានចំណុចមួយចំនួនដែលលោក និងភរិយាបានជួយបង្ហាត់បង្ហាញផងដែរ»។
ទាក់ទងនឹងការប្រើប្រាស់សម្លេងថា តើគួរប្រើសម្លេងបែបម្តេច? ទិចនិចបែបម្តេចក្នុងការច្រៀង? លោក ឃុំ ប៉ុណ្ណាដែត បានបន្តថា «កូនប្រុសរបស់លោកឆាប់ចាប់បាន មិនថាការច្រៀង ឬលេងភ្លេងនោះទេ ពោលគឺដោយកាលពីកន្លងទៅ កូនរបស់លោកក៏ធ្លាប់ច្រៀងបទរបស់ភរិយា អ្នកនាង យក់ ថិតរដ្ឋា ឃើញថា ចេះចាំបានលឿនក្នុងការច្រៀងលេងផងដែរ»។

សម្រាប់ការទាក់ទង និងការត្រួសត្រាយផ្លូវកូនប្រុសចូលក្នុងវិថីសិល្បៈវិញ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បង្ហើបឱ្យដឹងថា «ប្រសិនបើកូនរបស់លោកស្រឡាញ់ ឬចូលចិត្តសិល្បៈ លោកមានតែជំរុញលើកទឹកចិត្តកូនបន្ថែម មិនថាការលេងភ្លេង ឬការច្រៀងជាដើមនោះ។ ក្នុងនោះផងដែរ កាលពីកន្លងទៅ ក៏មានមហាជនមួយចំនួនធ្លាប់បានសំណូមពរលោកថា ចង់អោយកូនរបស់លោកចេញជាបទចម្រៀងមួយបទ ពីរបទ សម្រាប់បងប្អូនមហាជន ព្រោះឃើញថា សម្លេងកូនរបស់លោកក៏ល្អ រូបសម្រស់ក៏បាន សាកសមជាតារាចម្រៀង»។
ហើយចំពោះការសំណូមពរអោយកូនប្រុសរបស់លោកច្រៀងនេះ លោកបាននិយាយថា «ប្រសិនបើមានសំណូមច្រើននោះ លោកនឹងធ្វើការរៀបចំ ព្រោះនៅផ្ទះរបស់លោកក៏មានស្ទូឌីយោស្រាប់ផងដែរ»។
គួរបញ្ជាក់ដែរថា នេះអាចជាគ្រាប់ពេជ្រនៃសិល្បៈរបស់តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ដែលអាចនឹងទើបរះឡើងក៏អាចថាបាន៕ ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ