ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! ស្រី​ស្រស់ ស៊ឹ​ម ស្រី​និ​ច បង្ហាញ​តម្រុយ​បញ្ចប់​អាជីព​សិល្បៈ ក្រោយ​ប្រឡូក​ជិត​១០​ឆ្នាំ

5 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង ស៊ឹ​ម ស្រី​និ​ច បាន​បង្ហាញ​តម្រុយ​ជា​ថ្មី​ពី​ការ​បញ្ចប់​អាជីព​សិល្បៈ​របស់​ខ្លួន បន្ទាប់​ពី​នាង​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​។ នេះ​ជា​ការ​បង្ហាញ​តម្រុយ​ជា​ថ្មី​ម្តងទៀត ក្រោយ​ពេល​កន្លង​មក

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ស៊ឹ​ម ស្រី​និ​ច បាន​បង្ហាញ​តម្រុយ​ជា​ថ្មី​ពី​ការ​បញ្ចប់​អាជីព​សិល្បៈ​របស់​ខ្លួន បន្ទាប់​ពី​នាង​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​មួយ​នេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​។ នេះ​ជា​ការ​បង្ហាញ​តម្រុយ​ជា​ថ្មី​ម្តងទៀត ក្រោយ​ពេល​កន្លង​មក តារា​សម្តែង​រូប​ស្រស់​រូប​នេះ ក៏​ធ្លាប់​បញ្ជាក់​ពី​ការ​បញ្ចប់​អាជីព​សិល្បៈ​របស់​ខ្លួន​ដូច​គ្នា ដោយសារ​តែ​នាង​មានធុរៈ​ផ្ទាល់ខ្លួន​។

តារា​សម្ដែង​ស្រី​ស្រស់ ស៊ឹ​ម ស្រី​និ​ច អាច​នឹង​មិន​បង្ហាញ​វត្តមាន​សម្តែង​ថ្មី​ៗ​បន្ថែម​ទៀត​ឡើយ ក្រោយ​ពេល​ដែល​នាង​ថត​បញ្ចប់រឿង «​អប្សរា​មហា​អង្គរ​» ដែល​ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង​។

ស្រី​ស្រស់ ស៊ឹ​ម ស្រី​និ​ច បាន​បង្ហាញ​ជំហរ​ដូច្នេះ​តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​គ្រប់យ៉ាង​ដែល​នាង​ខ្ញុំ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ ខ្ញុំ​ក៏​បាន​ព្យាយាម​សម្រាប់​ពេលវេលា​កន្លង​មក​ហើយ នឹង​មក​ដល់ និង​ពេល​នេះ​ដូច​គ្នា​។ ការ​ខំប្រឹង​របស់ខ្ញុំ សុំ​ត្រឹម​អោយ​ខ្ញុំ​ចង​ចាំ​ខ្លួនឯង​នៅ​ក្នុង​រឿង «​អប្សរា​​ម​ហា​អង្គរ​»​ថា ខ្ញុំ​បាន​ផ្តល់​ពេលវេលា និង​គ្រប់យ៉ាង​ដែល​ខ្ញុំ​បាន​ព្យាយាម​ជា​តួអង្គ​៣ នឹង​អាក​បុ្ប​កិរិយា​ត្រូវ​បែងចែក​ទាំង​សម្លេង និង​កាយវិការ​សម្រាប់​៥​អត្ត​ចរិត ខ្ញុំ​ក៏​បាន​ប្រឹង​ទាំង​កម្លាំងកាយ និង​ចិត្ត ដោយ​ក្តី​ស្រលាញ់​យ៉ាង​ពិតប្រាកដ ពិន្ទុ​នឹង​លទ្ធផល​ខ្ញុំ​ទុក​អោយ​បងប្អូន​ទស្សនិកជន ហើយ​ក៏​អរគុណ​ពេលវេលា​គ្រប់យ៉ាង​ដែល​បាន​រួមចំណែក​នៅ​ក្នុង​ការ​ផលិត​រឿង «​អប្សរា​មហា​អង្គរ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​អាច​នឹង​មិន​មាន​ពេលវេលា​ច្រើន​ទៀត​ទេ ក្នុង​ការ​បង្ហាញ​សមត្ថភាព​ថត​រឿង​បន្ថែម​ទៀត ដូច្នេះ​ហើយ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​នឹង​ធ្វើ​ទៅ​ដោយ​ក្តី​ស្រលាញ់ រហូត​ដល់​នាង​ខ្ញុំ​អស់​ពេលវេលា​ក្នុង​អាជីព​សិល្បៈ អរគុណ​ច្រើន​»​។

ជា​ការ​កត់សម្គាល់ កន្លង​មក តារា​សម្តែង​នាង ស៊ឹ​ម ស្រី​និ​ច ក៏​ធ្លាប់​បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា «​លា​ហើយ​ជីវិត​សិល្បៈ​៦​ឆ្នាំ នាង​ខ្ញុំ​ទទួល​បានការ​សើច​សប្បាយ និង​សំណើច​ជា​ច្រើន ហើយ​មេរៀន​ក៏​រាប់​មិន​អស់​ថែម​ទៀត​ផង​។ អរគុណ​ដល់​បង​ៗ​អ្នកដឹកនាំ ក្រុមហ៊ុន​ផលិតកម្ម​ទាំងអស់ ដែល​ធ្លាប់​ផ្តល់​ឱកាស និង​ស្នាមញញឹម​ដល់​ក្មេង​ស្រី​ម្នាក់​នេះ​អោយ​រៀន​ក្រោកឈរ​ដើរ​ដេក​អង្គុយ បែ​តបត់​គ្រប់​ស្ថាន​ការ និង​កាលៈទេសៈ​ទាំងអស់ ហើយ​ជា​ចុង​ក្រោយ​ក៏​សុំ​ទោស​ទៅ​ដល់​បង​ៗ directors ដែល​ប្អូនសុំ​អនុញ្ញាត​មិន​បាន​ទទួល​ការងារ​ថត​វិញ ដោយ​ប្អូន​ត្រូវ​បំពេញ​ធុរៈកិច្ច​ដែល​ត្រូវ​បំពេញ​មើលថែ​ខ្លួនឯង និង​ការងារ ដែល​គប្បី​នឹង​ផ្អាក ឬ​ក៏​បញ្ចប់​ពី​ជី​វិ​.​ត​សិល្បៈ​មួយ​នេះ​»​។

ការ​ដើរ​ចេញពី​វិ​ថី​សិល្បៈ​ត្រឹម​ពាក់កណ្តាល​នា​ពេល​នេះ ត្រូវ​បាន​ស្រី​ស្រស់ ស៊ឹ​ម ស្រី​និ​ច បញ្ជាក់​ពី​មូលហេតុ​ថា «​នាង​ត្រូវ​មាន​ស្វាមី ហើយនឹង​ចាប់ផ្តើម​មុខរបរ​ថ្មី​ផង​ដែរ​»​។

យ៉ាងណា ស្រី​ស្រស់ ស៊ឹ​ម ស្រី​និ​ច បាន​បញ្ជាក់​ថា «​ការ​សម្រេច​ឈប់​ពី​អាជីព​សិល្បៈ​នាង​មិន​មានការ​សោកស្តាយ​អ្វី​ឡើយ ដោយសារ​តែ​នាង​បាន​ប្រឡូក​ក្នុង​អាជីព​នេះ​ប្រហែលជា​ជាង​៦​ឆ្នាំ​មក​ហើយ​»​។ នាង​បន្ថែម​ថា «​ក្នុង​ពេល​ដែល​នាង​ត្រូវ​មានគ្រួសារ ហើយនឹង​ការ​ចាប់ផ្តើម​មុខរបរ​រកស៊ី​ថ្មី​ផង​នោះ ជា​ហេតុ​ធ្វើ​អោយ​នាង​សម្រេច​ឈប់​ពី​សិល្បៈ ព្រោះ​នាង​អាច​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​អាជីព​មួយ​នេះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ