ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ប្រដាល់ ​Dave Leduc និង ព្រំ​ សំណាង​ ​បានត្រឹមស្មើគ្នា ​

6 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុង​កម្មវិធី Wurkz​ សេនា​គុន​ខ្មែរ​ពិភព​លោក ​នៅ​យប់​ថ្ងៃអាទិត្យ ​ទី៥ ​ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះ ​ស្តេច​ប្រដាល់…

ភ្នំពេញ៖ ក្នុង​កម្មវិធី Wurkz​ សេនា​គុន​ខ្មែរ​ពិភព​លោក ​នៅ​យប់​ថ្ងៃអាទិត្យ ​ទី៥ ​ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះ ​ស្តេច​ប្រដាល់ ដាវ លីឌុច ( ​Dave Leduc ) និង ព្រំ​ សំណាង​ ​បានត្រឹមស្មើគ្នា ខណៈព្រំសំណាង ត្រូវម៉ាត់​១ដៃ របស់ដាវលីឌុច អុកគូទ​។ កីឡាករទាំងពីរ បែកមុខ​ ហូរឈាម​ដូចគ្នា។​

​​​ការ​ប្រ​កួតនេះ ​រៀបចំ​​ដោយ​សង្វៀន​ថោ​ន នៅ​ទីតាំង​ផ្សារ​ទំនើប ​ជីប​ម៉ុង 271 មេ​ហ្គា​ម៉​ល ក្នុងរាជធានី​ភ្នំពេញ​​។ ការប្រកួតនេះ គឺមានតែ ១ទឹកប៉ុណ្ណោះ ដែលមានរយៈពេល ៩នាទី។

​​ការប្រកួតនេះ ​បានពន្យារពេល រហូតដល់​ម៉ោង​ ១១យប់​។ យូរជាង ៥គូមុន​។ ការ​ពន្យារពេលនេះ ត្រូវបានពិធីករ​ប្រកាសថា ដោយសារតែកីឡាករទាំងពីរ បានប្តូរ​ការពាក់ក្រ័ង មកជា​ការរុំ​អំបោះឆៅ។

ព្រំ សំណាង និង Dav​e Leduc ​​ប្រកួត​​ក្នុង​​ទម្ងន់ ​៨១​គីឡូ​ក្រាម។ ស្តេច​ប្រដាល់​​របស់​មី​យ៉ាន់​ម៉ា Dave Leduc ដែលមានសញ្ជាតិដើម កាណាដា គឺជាម្ចាស់​ខ្សែក្រវាត់​ ONE Champion​ship ខណៈដែល​ ព្រំ សំណាង ជា​ម្ចាស់មេដាយមាស ស៊ីហ្គេម។

កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៨៦ ព្រំ សំណាង បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ និងកម្ពស់ ១.៨៣ម៉ែត្រ។ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ម្ចាស់មេដាយមាសគុនខ្មែរ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ព្រំ សំណាង បានចូលប្រឡូកអាជីពប្រដាល់គុនខ្មែរ តាំងពីឆ្នាំ២០១១ ធ្លាប់ប្រកួតបាន ១៥៩ដង ឈ្នះ ១៤៤ដង (វាយគូប្រកួតសន្លប់ ៧០ដង) ចាញ់ ១២ដង និងស្មើគ្នា ៣ដង។ ​

ដោយឡែក កីឡាករជនជាតិកាណាដា Dave Leduc ទើបចូលសញ្ជាតិ​មីយ៉ាន់ម៉ា កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩១ មានកម្ពស់ ១.៨៨ម៉ែត្រ។ ដាវ លីឌុច ចាប់ផ្ដើមហាត់ក្បាច់គុន​​ តាំងពីវ័យ ១៦ឆ្នាំ ហើយបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញកីឡាប្រយុទ្ធជាច្រើន មុនហាត់ក្បាច់គុន Lethwei របស់មីយ៉ាន់ម៉ា។ នៅឆ្នាំ២០១៦ ដាវ លីឌុច បាន​ទៅមីយ៉ាន់ម៉ា ហើយបានហាត់កីឡាប្រដាល់​ និងចូលសញ្ជាតិមីយ៉ាន់ម៉ា​។ ដាវ លីឌុច ក៏ធ្លាប់ហ្វឹកហាត់ និងប្រកួតគុនចម្រុះ (MMA) និងប្រដាល់ Mauy Thai ផងដែរ។

Dave Leduc ​ជាម្ចាស់ខ្សែ​ក្រវាត់​ ចំនួន ៥ និងពានរង្វាន់ជាច្រើន ហើយត្រូវបានប្រជាជនមីយ៉ាន់ម៉ា​ ប្រសិទ្ធនាមថា «The King of Lethwei» សម្តេចប្រដាល់មីយ៉ាន់ម៉ា ទៀតផង។

​ក្នុងការប្រកួតយប់ថ្ងៃអាទិត្យ ទី៥ ខែ​វិច្ឆិកា​​នេះ ក៏មាន​​កីឡា​ករ​ជើង​ខ្លាំង ៥​នាក់​ទៀត ​រួមមាន៖​ ឈុត ​សេរី​វ៉ាន់​ថង, បឺត​ សង្ឃឹម, ផល​ សោ​ភ័​ណ្ឌ ធឿន ធារ៉ា​, និង​រឿង សោ​ភ័​ណ្ឌ​ ក៏​​បាន​​​​ប្រកួតជាមួយ​​បរទេស​​ផងដែរ​។

ឈុត ​សេរី​វ៉ាន់​ថង ​យកឈ្នះ​អ្ន​ក​ប្រដាល់​របស់​រុស្ស៊ី ​MAZORIEV SHARIF ក្នុង​ទម្ងន់​ ៦០​ គីឡូ​ក្រាម ដោយផ្តួលឱ្យសន្លប់​ នៅ​ទឹក​ទី​២។​

ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​២​សម័យ​កាល​ បឺត សង្ឃឹម យកឈ្នះ ​កីឡាករ​មកពី​ប្រទេស​ទី​ម័​រ​ KYRGYZ ​​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​។ ឆ្លងកាត់ការប្រកួត ៣ទឹក កីឡាករ បឺត សង្ឃឹម ​ឈ្នះដោយ​ពិន្ទុ​។

​ចំណែក ផល សោ​ភ័​ណ្ឌ បានយកឈ្នះ​​​កីឡា​ករ​ចិន ​LI TIANTAO ក្នុង​ទម្ងន់ ​៦៥​ គីឡូ​ក្រាម ដោយអាជ្ញាកណ្តាល បញ្ឈប់ការប្រកួត​ ​នៅទឹកទី២​។

រឿង សោ​ភ័​ណ្ឌ ​ប្រកួត​​ជា​មួយ​អ្នក​ប្រដាល់​របស់​អេ​ស្ប៉ា​ញ​ MIKEL JESUA ក្នុង​ទម្ងន់​ ៦៩​គីឡូ​ក្រាម​។ ជាលទ្ធផល រឿង សោភ័ណ្ឌ បានយកឈ្នះ នៅទឹកទី១ ដោយអាជ្ញាកណ្តាល បញ្ឈប់​ការប្រកួត ក្រោយពីកីឡាករអេស្ប៉ាញ ត្រូវ ១កែង រយះថ្ងាស លើចិញ្ចើម​ខាងស្តាំ។​

រីឯ ធឿន ​ធារ៉ា ​ប៉ះ​ម្ចាស់​ខ្សែក្រ​វាត់​របស់​ប្រេ​ស៊ី​ល DANIEL TORRES ក្នុង​ទម្ងន់ ​៧២​គីឡូ​ក្រាម។ ធឿន ​ធារ៉ា បានយកឈ្នះ​កីឡាករប្រេស៊ីល នៅទឹកទី២ ដោយវាយម៉ាត់ ១ដៃឆ្វេង បណ្តាលឱ្យ​កីឡាករ Daniel Torres សន្លប់ស្តូក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ