រាជធានីភ្នំពេញ ៖ ពេលកូននៅក្មេង ឪពុកម្តាយតែងតែជួយពួកគេគ្រប់ពេលដែលពួកគេត្រូវការជំនួយ ។ នៅពេលដែលកូនរបស់អ្នកកាន់តែធំ ហើយបញ្ហារបស់ពួកគេកាន់តែស្មុគ្រស្មាញ អ្នកត្រូវតែផ្លាស់ប្តូរតួនាទីដើរតួជាអ្នកជំនួយការកាន់តែច្រើន ហើយអាចកាន់តែពិបាក ជាពិសេសប្រសិនបើអ្នកមានកូនដែលងាយធ្លាក់ទឹកចិត្ត ។

សញ្ញាព្រមានដែលកូនរបស់អ្នកអាចកើតរោគធ្លាក់ទឹកចិត្ត ៖ តើកូនអ្នកតែងតែសោកសៅ ឬឆាប់ខឹងច្រើនដងក្នុងមួយថ្ងៃ ច្រើនថ្ងៃក្នុងមួយសប្តាហ៍ ? តើកូនអ្នកបានបាត់បង់ការចាប់អារម្មណ៍លើអ្វីដែលពួកគេធ្លាប់រីករាយ ឬទេ ? តើទម្លាប់នៃការញ៉ាំ ឬការគេងរបស់ពួកគេបានផ្លាស់ប្តូរហើយ ឬនៅ ? តើពួកគេមានថាមពលតិចតួច កម្លាំងចិត្តតិចតួចណាស់ក្នុងការធ្វើអ្វីមួយមែនទេ ? តើពួកគេមានអារម្មណ៍ថា គ្មានតម្លៃ អស់សង្ឃឹមអំពីអនាគត ឬមានអារម្មណ៍ថាខុសចំពោះរឿងដែលមិនមែនជាកំហុសរបស់ពួកគេ ? តើការសិក្សារបស់ពួកគេធ្លាក់ចុះ ឬពួកគេពិបាកក្នុងការផ្តោតអារម្មណ៍ ? តើពួកគេមានគំនិតចង់ធ្វើអត្តឃាតទេ ? បើដូច្នេះមែន វាជារឿងសំខាន់ដែលអ្នកឱ្យពួកគេវាយតម្លៃដោយអ្នកជំនាញសុខភាពផ្លូវចិត្តភ្លាមៗ ។

ប្រសិនបើក្មេងជំទង់របស់អ្នកបង្ហាញសញ្ញាទាំងនេះច្រើន ពួកគេអាចនឹងមានជំងឺធ្លាក់ទឹកចិត្ត ដែលពិតជាទាមទារការយកចិត្តទុកដាក់ និងពិគ្រោះជាមួយអ្នកជំនាញចិត្តសាស្ត្រ ។ មានរឿងមួយចំនួនដែលឪពុកម្តាយអាចធ្វើបាន ដើម្បីជួយកូនរបស់ពួកគេ ៖
១. គាំទ្រ ៖ រឿងសំខាន់បំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់ក្មេងជំទង់របស់អ្នក គឺពង្រឹងទំនាក់ទំនងរបស់អ្នក ។ ព្យាយាមបង្កើតការយល់ចិត្តដល់កូនរបស់អ្នក ។
២. ស្វែងយល់ពីកូន ៖ ព្យាយាមស្វែងយល់ពីអារម្មណ៍របស់ពួកគេ មិនមែនអាកប្បកិរិយាមិនល្អរបស់ពួកគេទេ ។ ឧទាហរណ៍ អ្នកអាចនិយាយថា «កូនដូចជាមិនសប្បាយចិត្តទេថ្មីៗនេះ ។ តើវាជាការពិតមែនទេ ?» ចូរធ្វើឱ្យវាច្បាស់ថា អ្នកចង់ព្យាយាមយល់ពីអ្វីដែលរំខានពួកគេ ដោយមិនព្យាយាមដោះស្រាយបញ្ហាឡើយ ។

៣. ចង់ដឹង ចង់ឃើញ ព្រោះអ្នកបារម្ភ និងមានក្តីមេត្តា ៖ សួរកូនៗអំពីអារម្មណ៍របស់ពួកគេដោយថ្នមៗ ។ កុំវិនិច្ឆ័យ ឬព្យាយាមដោះស្រាយបញ្ហារបស់គេ ទោះបីអ្នកមិនយល់ស្របនឹងទស្សនៈរបស់គេក៏ដោយ ។ ការស្តាប់ពួកគេនិយាយអំពីបញ្ហារបស់ពួកគេ ហាក់ដូចជាអ្នកកំពុងរំលេចចំណុចអវិជ្ជមាន ប៉ុន្តែការពិតអ្នកកំពុងឱ្យពួកគេដឹងថា អ្នកលឺសម្តីពួកគេ អ្នកឃើញពួកគេ ហើយអ្នកកំពុងព្យាយាមយល់ពីពួកគេ មិនមែនទៅជួយដោះស្រាយទាំងស្រុងនោះទេ ពីព្រោះក្មេងភាគច្រើនមិនចូលចិត្តឱ្យគេជួយឡើយ ។ ការស្តាប់ដោយគ្មានការវិនិច្ឆ័យពិតជានឹងធ្វើឱ្យពួកគេចាត់ទុកអ្នកមិត្តល្អ ដែលពួកគេអាចរត់ទៅរកនៅពេលដែលពួកគេត្រៀមខ្លួន ដើម្បីនិយាយសម្ងាត់របស់ពួកគេ ។
ព្យាយាមផ្តល់ឱកាសឱ្យពួកគេធ្វើអ្វីៗដោយមិនចាំបាច់រិះគន់ពួកគេ ។ ជំនួសឱ្យការនិយាយថា «កូនសម្លាញ់ កូនគួរតែក្រោកឡើង ហើយធ្វើអ្វីមួយ ។ សាកទៅរកមិត្តភក្តិកូនមើល ?» អ្នកអាចនិយាយថា «ប៉ានឹងទៅផ្សារ ប្រាប់ប៉ាបានបើកូនចង់ទៅជាមួយប៉ា ហើយប្រហែលជាយើងអាចញ៉ាំអីនោះទីនោះ» ។ សម្រាប់ឪពុកម្តាយមួយចំនួន អ្នកអាចមានអារម្មណ៍ថា អ្នកធ្វើមិនបានគ្រប់គ្រាន់សម្រាប់កូនអ្នក ប៉ុន្តែការនៅក្បែរកូន និងការទទួលយករបស់អ្នក គឺពិតជាអ្វីដែលពួកគេត្រូវការពីអ្នកនៅពេលនេះ ។

៤. សង្កត់សំឡេងវិជ្ជមាន ៖ ត្រូវប្រាកដថា អ្នកកំពុងកត់សម្គាល់រឿងវិជ្ជមានដែលក្មេងជំទង់របស់អ្នកធ្វើផងដែរ ។ ទៅសាលារៀន កាន់ការងារក្រៅម៉ោង លាងចាន ឬសម្អាតផ្ទះ ទាំងនេះគឺជារឿងល្អដែលពួកគេកំពុងធ្វើ ហើយវាជាការសំខាន់ណាស់ដែលត្រូវទទួលស្គាល់ ហើយសរសើរពួកគេ ។ មនុស្សទាំងអស់គ្នាចូលចិត្តទទួលបានការកោតសរសើរ និងទទួលស្គាល់ចំពោះការធ្វើការងារដ៏ល្អ ។
អ្នកក៏សួរខ្លួនឯងថា តើអ្នកបាននិយាយរឿងវិជ្ជមានប៉ុន្មានទៅកូននៅថ្ងៃនេះ ? តើអ្នកបាននិយាយអវិជ្ជមានប៉ុន្មាន ? វិជ្ជមាន គួរតែលើសពីអវិជ្ជមាន ។ ប្រាប់ពួកគេថា អ្នកមានមោទនភាពចំពោះពួកគេ ដែលពួកគេកំពុងធ្វើការងារល្អ ប្រសិនបើអ្នកឃើញពួកគេមើលថែខ្លួនឯង ធ្វើកិច្ចការផ្ទះ ទំនាក់ទំនងល្អជាមួយគ្រួសារ ឬធ្វើកិច្ចការផ្សេងទៀតដែលត្រូវការការប្រឹងប្រែង អត់ធ្មត់ជាដើម ។ ពួកគេទំនងជានឹងពេញចិត្តចំពោះអ្វីដែលអ្នកបាននិយាយ ។

៥. ជួយកុមារដែលមានជំងឺធ្លាក់ទឹកចិត្តទទួលបានការព្យាបាល ៖ ក្នុងករណីមួយចំនួន អ្នកអាចជួយណែនាំពួកគេឆ្ពោះទៅរកការព្យាបាល ហើយបន្ទាប់មករង់ចាំដោយអត់ធ្មត់ ដើម្បីឱ្យពួកគេដើរឆ្លងកាត់វាបានយ៉ាងរលូន ។ សាកល្បងនិយាយថា «ប៉ាដឹងថា កូនកំពុងមិនសប្បាយចិត្ត កំពុងមានការលំបាក ហើយប៉ាមានគំនិតមួយចំនួនដែលអាចជួយបាន ។ ប្រសិនបើកូនចង់និយាយជាមួយប៉ា កូនអាចមករកប៉ាបាន ប៉ានឹងនៅទីនេះសម្រាប់កូន» ។
ប្រសិនបើពួកគេមករកអ្នក ចូរត្រៀមខ្លួន ហើយស្វែងរកអ្នកជំនាញ ពីរ ឬបីនាក់ ហើយប្រាប់ពួកគេថា ពួកគេអាចជ្រើសរើសមួយណាដែលពួកគេមានអារម្មណ៍ស្រួលបំផុត ហើយគិតថា នឹងជួយពួកគេបានច្រើនបំផុត ហើយការជ្រើសរើសរបស់ពួកគេនឹងជួយឱ្យពួកគេមានអារម្មណ៍ថា មានភាពជាម្ចាស់លើការព្យាបាលរបស់ពួកគេ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សវ័យជំទង់ និងកំណត់ដំណាក់កាលនៃការព្យាបាលប្រកបដោយប្រសិទ្ធភាព ។
៦. ការថែរក្សាខ្លួនឯង ៖ ជាចុងក្រោយ វាជារឿងសំខាន់ក្នុងការធ្វើឱ្យប្រាកដថា អ្នកកំពុងថែរក្សាខ្លួនអ្នកបានល្អប្រសើរផងដែរ ។ វាអាចជាការហត់នឿយខាងផ្លូវអារម្មណ៍ និងផ្លូវកាយក្នុងការធ្វើជាឪពុកម្តាយ ដែលកូនងាយមានជំងឺធ្លាក់ទឹកចិត្ត ។ ត្រូវប្រាកដថា អ្នកឆ្លៀតពេលធ្វើអ្វីដែលអ្នកពេញចិត្ត ហើយចេញក្រៅជាមួយមិត្តភ័ក្ដិឱ្យបានច្រើនផងដែរ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ