សិង្ហបុរី៖ ថ្មីៗនេះ តុលាការសិង្ហបុរីបើកសវនាពាក់ព័ន្ធនឹងការចោទប្រកាន់ថា «អ្នករត់តាក់ស៊ីបៀតបៀនផ្លូវភេទនារីវ័យ១៧ឆ្នាំ»។ បុរសវ័យ៤៣ឆ្នាំ ឈ្មោះលឺឈុនប៉ូ (Ler Chun Poh) ជាប់ចោទពីបទបៀតបៀននារីរងគ្រោះចំនួនបីដង។ កាលនោះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១:៤០យប់, បុរសរូបនេះបើកឡានសុខៗ គាត់ក៏ក្រឡេកភ្នែកទៅឃើញនារីម្នាក់កំពុងឈរតែម្នាក់ឯងនៅចំណតរថយន្ត ស្ថិតនៅម្ដុំប្លុក៤៨៦ (Blcok 486) នៃដងរុក្ខវិថីឈ័រឈូកាងលេខ៥ (Choa Chu Kang 5)។
ពេលនោះ នាងកំពុងរកមើលរថយន្តរបស់ក្រុមហ៊ុនប៊្លូអែសជី (BlueSG) ព្រោះនាងភ្លេចទូរស័ព្ទនៅក្នុងឡានកាលពីពេលក្បាលព្រលប់។ ឃើញដូច្នោះ បុរសឈ្មោះលឺឈុនប៉ូក៏បើកឡានទៅឈប់ក្បែរនោះ និងនិយាយបញ្ចុះបញ្ចូលឱ្យនាងជិះឡានរបស់គាត់។ ទោះបីនាងគ្មានលុយបង់ថ្លៃតាក់ស៊ីក៏បានដែរ គាត់សុខដឹកនាងដោយឥតគិតថ្លៃ។
តាមពិត នាងឈរងាកមើលចុះឡើងៗមែន ប៉ុន្តែមិនមែនរកឡានតាក់ស៊ីដើម្បីជិះទេ។ នាងរកមើលតែឡានរបស់ក្រុមហ៊ុនប៊្លូអែសជីតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលបុរសនេះនិយាយអង្វរងោចៗច្រើនដងពេក នាងសុខចិត្តឡើងជិះឡានរបស់គាត់តែម្ដងទៅ។ នាងអង្គុយនៅបាំងខាងមុខព្រោះតាមទម្លាប់នៅពេលជិះតាក់ស៊ីជាមួយគ្រួសារ នាងចូលចិត្តអង្គុយនៅបាំងខាងមុខ។
នាងសូមខ្ចីទូរស័ព្ទរបស់គាត់និយាយទៅម្ដាយរបស់នាងដើម្បីវេរលុយថ្លៃជិះតាក់ស៊ី។ ប៉ុន្តែបុរសនេះប្រកែកមិនយកលុយទេ។ នៅពេលចូលអង្គុយនៅក្នុងឡាន នាងរៀបនឹងដាក់ខ្សែក្រវាត់ទៅហើយ ស្រាប់តែបុរសនោះលូកដៃយ៉ាងលឿនទៅចាប់ខ្សែក្រវាត់ និងឆ្លៀតប៉ះពាល់ដើមទ្រូងរបស់នាង។ នារីរងគ្រោះសុខចិត្តនៅស្ងៀមសិន។ ចាំសរុបឱ្យច្រើនរឿងប្ដឹងឡើងតុលាការតែម្ដង។ នៅពេលតាក់ស៊ីបើកទៅដល់ចំណតរថយន្ត នាងងើបចេញពីក្នុងឡាន និងឆែកមើលឡានប៊្លូអែសជីដែលឈប់ស្ងៀមដើម្បីរកមើលទូរស័ព្ទ។ បុរសនោះមិនងើបចេញទៅណាទេ។ គាត់សំកុកនៅក្នុងឡានដើម្បីរង់ចាំនាងត្រឡប់មកវិញ។
នាងខំរកមើលនៅក្នុងឡានប៊្លូអែសជីនៅតែមិនមិនឃើញទូរស័ព្ទ។ នាងក៏ដើរសំដៅទៅឡានតាក់ស៊ីរបស់បុរសនោះវិញ។ គាត់ចង់ដឹកនាងទៅផ្ទះ។ នាងមានអារម្មណ៍អល់អែកមិនចង់ជិះឡានតាក់ស៊ីនោះទៀតទេ។ ប៉ុន្តែគាត់ចេះតែអង្វរងោចៗថាដឹកទៅដាក់នៅកន្លែងក្បែរៗនោះក៏បានដែរ។ កាលនោះ អត់មានអ្នកណានៅក្បែរនោះទេ គឺមានតែ២នាក់នេះតែប៉ុណ្ណោះ។
អារម្មណ៍របស់នាងហាក់ដូចជាច្របូកច្របល់មែនទែន ព្រោះខ្វល់ពីរឿងបាត់ទូរស័ព្ទខ្លាំងពេក។ នាងក៏ចូលអង្គុយនៅក្នុងឡានតាក់ស៊ីនោះទៀត។ នាងរៀបនឹងដាក់ខ្សែក្រវាត់ទៅហើយ ស្រាប់តែបុរសនេះលូកដៃចាប់ខ្សែក្រវាត់ និងលូកលាន់លើរូបរាងកាយរបស់នាងសាជាថ្មី ជាលក្ខណៈបន្លំដាក់ខ្សែក្រវាត់បណ្ដើរ ហើយឆ្លៀតស្ទាបរាងកាយរបស់នារីរងគ្រោះបណ្ដើរ។
នារីរូបនោះភ័យឡើងញ័រខ្លួន។ គ្រាន់តែឡានតាក់ស៊ីបើកដល់កន្លែងមួយ នាងប្រាប់ឱ្យឈប់ និងដោះខ្សែក្រវាត់ភ្លាម។ បុរសរូបនោះដៃរហ័សដូចផ្លេកបន្ទោរ។ គាត់ចាប់ខ្សែក្រវាត់ និងបៀតបៀនរាងកាយរបស់នាងជាលើកទីបី។ នារីរូបនោះដើរចេញពីក្នុងឡានជាប្រញាប់ និងអរគុណគាតដែលជួយយកអាសានាង។ រួចនាងដើរសំដៅទៅរកអ្នកនៅម្ដុំនោះដើម្បីខ្ចីទូរស័ព្ទ។
និយាយទូរស័ព្ទទៅសង្សាររួច នាងក៏ដើរសំដៅទៅរកចំណតរថយន្តដើម្បីរង់ចាំគាត់។ ក្រោយមក នាងទៅដាក់ពាក្យប្ដឹងសមត្ថកិច្ច និងប្រាប់សង្សារថាអ្នករត់តាក់ស៊ីម្នាក់បៀតបៀនលើរូបរាងកាយរបស់នាង។ ទោះបីជនជាប់ចោទខំនិយាយការពារខ្លួននៅក្នុងតុលាការយ៉ាងណាក៏ដោយ ក៏ជាការឥតប្រយោជន៍។ ចៅក្រមនឹងប្រកាសសាលក្រមនៅខែវិច្ឆិកាខាងមុខនេះ៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/singapore/taxi-driver-convicted-molest-looking-phone-free-ride-3882961














ចែករំលែកព័តមាននេះ