យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការមានប្រាស្រ័យទាក់ទងល្អជាមួយបណ្តាសហសេវិកក្នុងកន្លែងធ្វើការពិតជាអាចជួយឲ្យអ្នកមានអាយុយឺនយូរ។
ការសិក្សាទៅលើបុរសនិងស្រ្តី៨២០នាក់បានបង្ហាញថាអ្នកដែលមានទំនាក់ទំនងល្អជាមួយមនុស្សពីម្នាក់ទៅម្នាក់មានអត្រាប្រឈមនឹងមរណភាពទាបជាងអ្នកដែលមិននិយាយស្តីជាមួយមិត្តរួមការងាររបស់ខ្លួន។
ការជាប់ពាក់ព័ន្ធរវាងទំនាក់ទំនងវិជ្ជមាននៅក្នុងចំណោមអ្នករួមការងារជាមួយគ្នានិងអត្រាប្រឈមនឹងការស្លាប់គឺផ្តោតជាសំខាន់បំផុតនៅក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី៣៨ទៅ៤៣ឆ្នាំ។
ទោះជាយ៉ាងណា ការគាំទ្រវិជ្ជមានណាមួយពីសំណាក់អ្នកគ្រប់គ្រងឬក៏អ្នកដទៃទៀតដែលស្ថិតក្នុងតំណែងខ្ពស់ជាងខ្លួនពុំបានបង្ហាញពីផលវិជ្ជមានលើមរណភាពនោះទេ ។ ការសិក្សាដែលបានបោះពុម្ភផ្សាយដោយសមាគមចិត្តសាស្ត្រអាមេរិកAmerican Psychology Association រកឃើញថាការគាំទ្រផ្នែកសង្គមពីសំណាក់មិត្តភក្តិគឺជាផ្នែកដ៏សំខាន់មួយនៃការប្រឈមរាល់មូលហេតុទាំងអស់នៃមរណភាពទៅវិញ។
ចំណែកការសិក្សាដែលបានអះអាងថាការមានប្រាស្រ័យទាក់ទងល្អជាមួយបណ្តាសហសេវិកក្នុងកន្លែងធ្វើការពិតជាអាចជួយឲ្យមនុស្សមានអាយុយឺនយូរត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យUniversity of Tel Avivប្រទេសអុីស្រាអែល។ ការសិក្សានេះបានចំណាយពេលជាង២០ឆ្នាំគឺចន្លោះពីឆ្នាំ១៩៨៨ដល់ឆ្នាំ២០០៨។ អំឡុងការធ្វើពិសោធ អ្នកស្រាវជ្រាវបានជ្រើសរើសយកអ្នកស្ម័គ្រចិត្តមកពីប្រទេសធំៗមួយចំនួនដែលមានសេដ្ឋកិច្ចខ្លាំង ការធានារ៉ាប់រង សេវាសាធារណៈ និងសេវាសុខភាពល្អ។ ភាគច្រើននៃពួកគេធ្វើការជាមធ្យម៨ម៉ោងក្នុង១ថ្ងៃ។ ១ភាគ៣នៃពួកគេទាំងនោះគឺជាស្រ្តី ៨០%រៀបការរួចមានកូន និង៤៥%ទទួលបានការអប់រំយ៉ាងតិច១២ឆ្នាំ។
របាយការណ៍នៅក្នុងព្រឹត្តិប័ត្រសុខភាពផ្លូវចិត្តAPAចេញផ្សាយក្នុងខែនេះបានរកឃើញថា ភាពមានអាយុយឺនយូររបស់បុរសត្រូវបានកើនឡើងដោយអំណាចនៃការគ្រប់គ្រងនិងការសម្រេចចិត្ត។ តែទំនួលខុសត្រូវដូចគ្នានេះចំពោះស្រ្តីបែរជាបង្ហាញនូវភាពផ្ទុយគ្នាទៅវិញ។
អ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិតArie Shiromទទួលស្គាល់ថា ក្រុមខ្លួនពុំមានទិន្នន័យព័ត៌មានចំពោះការផ្លាស់ប្តូរក្នុងការគ្រប់គ្រងត្រួតពិនិត្យ ចំនួនការងារដែលត្រូវធ្វើឬក៏ការគាំទ្រអំឡុងពេល២០ឆ្នាំនោះទេ តែលោកបានបន្ថែមថា៖«យើងនៅតែមានការខ្វែងគំនិតគ្នាដែលថា បណ្តាអ្នកស្រាវជ្រាវដទៃទៀតបានរកឃើញយ៉ាងប្រាកដថាចរិកលក្ខណៈចំនួនការងារដែលត្រូវធ្វើ ការគ្រប់គ្រងនិងការគាំទ្រវាអាចនឹងឋិតថេរមួយរយៈពេល»៕
ចែករំលែកព័តមាននេះ