ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​គោ​-​ក្របី​១​ក្បាល​បង់​ឱ្យជើង​កាង​១០​ម៉ឺន​រៀល ក្រុមហ៊ុន​នាំគោ​ក្របី​ផ្តាច់មុខ​ទៅវៀតណាម​​កំពុង​ក្លាយជា​ជើងកាង​ (វីដេអូ)

6 ខែ មុន
  • ព្រៃវែង

គោក្របី​រស់​មួយ​ថ្ងៃ​ៗ​រាប់រយ​ក្បាល យក​ទៅ​ស្តុ​ប​ទុក​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​របៀង​ស្វាយ​អា​ង៉ោង ស្ថិត​ក្នុង​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ពេទ្យសត្វ ប្រចាំការ​ចាំ​ពិនិត្យ​លើ​សុខភាព​សត្វ​នោះ​ទេ ។ ដោយ​រង់ចាំ​

ខេត្តព្រៃវែង ៖ គោក្របី​រស់​មួយ​ថ្ងៃ​ៗ​រាប់រយ​ក្បាល យក​ទៅ​ស្តុ​ប​ទុក​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​របៀង​ស្វាយ​អា​ង៉ោង ស្ថិត​ក្នុង​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ពេទ្យសត្វ ប្រចាំការ​ចាំ​ពិនិត្យ​លើ​សុខភាព​សត្វ​នោះ​ទេ ។ ដោយ​រង់ចាំ​ភាគី​ខាង​ឈ្មួញ​វៀតណាម ឆ្លង​ដែន​ចូល​មក​ទិញ​ដល់​ក្នុង​ដី​ខ្មែរ ពេល​ចរចា​តម្លៃ​ត្រូវ​ឱ្យ​កម្មករ​យួន​ដឹក​សត្វ​គោក្របី​ឆ្លង​ដែន ចូល​ទៅ​ស្រុក​យួន ហើយ​បើ​មិន​ត្រូវ​តម្លៃ​ប្រជាពលរដ្ឋ​ខ្លះ បង្ខំចិត្ត​ដឹក​សត្វ​គោ ក្របី​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ទឹកមុខ​ស្អុយ​ក៏​មាន​ដែរ ។

រីឯ​ខាង​ក្រុមហ៊ុន​មួយ​ដែល​រកស៊ី​នាំគោ ក្របី​ទៅ​ស្រុកវៀតណាម​​រាប់​ឆ្នាំ​មក​ហើយ​របស់​លោក​ឧកញ៉ា ជឹម សុខ មាន​សិទ្ធិ​ធំ​ណាស់ ប្រៀប​ដូច​ល្បង​ធំ​ប្រចាំការ​រាប់​ក្បាល​គោក្របី​យក​លុយ ទោះបី​សត្វ​គោក្របី​ប្រជាពលរដ្ឋ​លក់ដាច់ បាន​តម្លៃ​ថោក​យ៉ាងណា​ក៏​ដោយ ក៏​ក្រុមហ៊ុន​ល្បង​ធំ​មួយ​នេះ អត់​ខ្វល់​ដែរ ដឹង​តែ​ឱ្យ​កូនចៅ​ឈរ​ចាំ​ហែក​សំបុត្រ​រាប់​ក្បាល​គោ ក្របី​យក​លុយ​១​ក្បាល​១០​ម៉ឺន​រៀល​ដាច់​ថ្លៃ មិន​ថា​គោក្របី​តូច​ឬ​ធំ​នោះ​ទេ ដឹង​តែ​បង់លុយ​ស្មើគ្នា​ទាំងអស់រាប់រយ​ក្បាលប្រចាំថ្ងៃ ។

ទ​ង្វើ​នេះ ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​គោក្របី​ត្អូញត្អែរ​ថា ពួក​គាត់​ខំ​ចិញ្ចឹម​ហត់​ណាស់ រាប់​ឆ្នាំ​ទម្រាំ​បានកូន​មួយ​ៗ​មើលថែ រហូត​ដល់​ធំ​ត្រូវការ​លក់​យក​លុយ​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ បែរជា​ត្រូវ​បង់ពន្ធ​ឱ្យ​លោក​ឧកញ៉ា ជឹ​ម សុខ អស់​១០​ម៉ឺន​រៀល​បាត់​ហើយ បាន​ន័យ​ថា គ្រាន់តែ​កូន​គោក្របី​កើតមក​ភ្លាម​១​ក្បាល គឺ​ពួក​គាត់​ជំពាក់​បំណុល​លោក​ឧកញ៉ា ជឹ​ម សុខ ១០​ម៉ឺន​រៀល​បាត់​ទៅ​ហើយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ខ្លះ​ដែល​ខ្លាច​អំណាច​លោក​ឧកញ៉ា ជឹ​ម សុខ បាន​លួ.ច​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ច្រក​ទ្វារ​ព្រំដែន​របៀង​កម្ពុជា​-​វៀតណាម ស្វាយ​អា​ង៉ោង និង​ពាម​បន្ទារ សព្វ​ថ្ងៃនេះ​គ្មាន​ប្រជាពលរដ្ឋ​ណា​រកស៊ី​បាន​ទេ ព្រោះ​រាល់​ទំនិញ​ចេញចូល​សុទ្ធតែ​ជា​របស់​លោក​ឧកញ៉ា ជឹ​ម សុខ ទាំងអស់ ហើយ​សព្វ​ថ្ងៃនេះ​លោក​ឧកញ៉ា ជឹ​ម សុខ កំពុង​តែ​អភិវឌ្ឍ​ធ្វើ​បេន​ស្រូវ​នៅ​ជាប់មាត់​ទន្លេ​តូច​ផ្លូវ​ខ្សែបន្ទាត់​ព្រំដែន ចន្លោះ​កណ្តាល​នៃ​ច្រករបៀង​ស្វាយ​អា​ង៉ោង និង​ពាម​បន្ទារ​ជិត​រួចរាល់​ហើយ ។ ថ្ងៃមុន​គ្រាន់តែ​ពលរដ្ឋ​រស់នៅ​ក្បែរ​ជាប់​ព្រំដែន​ឆ្លង​ចូល​ទៅ​ទិញ​ជី​ថ្នាំ ឬ​ប្រេងសាំង​យក​មក​ប្រើប្រាស់​លើ​ដំណាំ​ផ្ទាល់ខ្លួន តាម​ច្រករបៀង​ពាម​បន្ទារ​ប៉ូលិស​ព្រំដែន គេ​ឱ្យមក​ហើយ បែរជា​កូនចៅ​របស់​លោក​ឧកញ៉ា ជឹ​ម សុខ មក​តាម​កៀង​ពលរដ្ឋ​ឱ្យទៅ​ចូល​បេន​របស់​លោក​ឧកញ៉ា ជឹ​ម សុខ​ដែរ ប៉ុន្តែ​រឿង​បង់លុយ​ប៉ុន្មាន​នោះ ប្រភព​ព័ត៌មាន​ក៏​មិន​បានដឹង​ច្បាស់​នោះ​ដែរ ។

ជុំវិញ​បញ្ហា​ខាងលើ ​លោក ចិន វិសាល ប្រធាន​ការិយាល័យ​ពេទ្យសត្វ​ខេត្តព្រៃវែង​បាន​ឆ្លើយ​ប្រាប់​ភ្នាក់​ងារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​គេ​មានច្បាប់ ហើយ​គេ​រកស៊ី​យូរហើយ កាសែត​ជា​ច្រើន​សួរ​ដដែល​ៗ​គ្រាន់តែ​ប្រាប់ និង​បញ្ជូន​គោលការណ៍​ក្រុមហ៊ុន​ឱ្យ​ជិត​៣០​នាក់​ហើយ សូម​សួរ​ទៅ​ខាង​​ក្រុម​ហ៊ុន​ខ្លួនឯង​ទៅ ខ្ញុំ​ជាប់រវល់​ប្រជុំ ។

ចំណែក​លោក​ឧកញ៉ា ជឹ​ម សុខ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣​​នេះ​ថា ក្រុមហ៊ុន​លោក​មានច្បាប់​លិខិតអនុញ្ញាត មាន​លិខិត​ពាក់​មី​ដឹក​ជញ្ជូន​តាម​ដងផ្លូវ​ៗ ព្រោះ​លោក​រកស៊ី​ជាង​២០​ឆ្នាំ​ហើយ អ្នក​ណា អ្នក​ណា​ក៏​គេ​ដឹង​ដែរ មាន​តែ​អ្នក​ព័ត៌មាន​មួយ​ចំនួន​ដឹង​ហើយ​ធ្វើ​មិនដឹង ។ អ្នកកាសែត​មួយ​ចំនួន​ចេះ​តែ​ចុះ​ផ្សាយ ។ លោក​ឧកញ៉ា​ថា បើ​មិន​ឱ្យ​ក្រុមហ៊ុន​យក​លុយ​ឱ្យ​យក​ក្រដាស​ឬ? បើ​ក្រុមហ៊ុន​លោក​រត់ការ​ចំណាយ​លុយ​អស់​ច្រើន​ណាស់ ហើយ​បើ​តាម​សៀវភៅ​បន្ទុក​កាត់​ពន្ធ​អាករ របស់​ក្រសួង គេ​យក​១​ក្បាល​៤០០០​ពាន់​រៀល​ទៅ​ហើយ តែ​ខាង​ក្រុមហ៊ុន​សម្រេច​​យក​១​ក្បាល​១០​ម៉ឺន​រៀល ទើប​ក្រុមហ៊ុន​រត់ការ​បាន អ្នក​ណា​រកបាន ឬ​រក​មិន​បានជា​រឿង​របស់​​គាត់​ក្រុមហ៊ុន​មិន​បង្ខំ​ទេ ។

រីឯ​បេន​ស្រូវ​ដែល ទើប​បង្កើត​ថ្មី​នោះ​ក៏​មានច្បាប់​ជា​គោលការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​វិនិយោគ​កុងត្រា​១៩​ឆ្នាំ សម្រាប់​វេច​ខ្ចប់​រាល់​ទំនិញ​នាំ​ចេញ​នាំ​ចូល​ ហើយ​ពេល​ដល់​អាណត្តិ ត្រូវ​រុះរើ​ចេញ​ប្រគល់​ដី​ទ្រព្យសម្បត្តិ​ជូន​រដ្ឋ​វិញ​តាម​កិច្ចសន្យា។

និយាយ​ពី​រឿង​នាំ​គោ​ក្របី​ទៅលក់​​ឱ្យ​ឈ្មួញ​វៀតណាម​វិញ ពល​រដ្ឋ​ម្ចាស់​គោ​ក្របី​ក្ដៅ​ក្រហា.យ​ខ្លាំង​ណាស់ ព្រោះ​តែ​ឧកញ៉ា ជឹម សុខ កាត់​យក​១០​ម៉ឺន​រៀល ១ក្បាល​បាត់​ទៅហើយ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ