រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតចាប់ពីខ្សោយទៅបង្គួររយៈពេល៣ថ្ងៃទៀត ដោយសារព្យុះត្រូពិក។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថា នឹងវិវដ្ដទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតី នៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវដ្ដទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើម ក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងតំបន់ខ្ពង់រាប ដូចជា ៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីចាប់ពី ៣០% ទៅ ៥០%។

ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងទៀតថា ចំណែកនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាលវិញ នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ចាប់ពី ៥០% ទៅ ៦០%។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕


ចែករំលែកព័តមាននេះ