ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​ក្នុង​ចំណោម​៩​នាក់​ ក្នុង​សំណុំ​រឿងដីព្រៃ«​ដំណាក់​ឥន្ទ្រី​»

6 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​ក្នុង​ចំណោម​៩​នាក់​កាលពី​ថ្ងៃ​ទី​១៨ តុលា ២០២៣ ក្នុង​សំណុំរឿង​ដី​ព្រៃ​«​ដំណាក់​ឥន្ទ្រី​» ដែល​បាន​រត់គេច​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​ត្រូវ​សាលាដំបូង​ខេត្តក្រចេះ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ចាប់ពី​៥​ឆ្នាំ ទៅ​៨​ឆ្នាំ…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​ក្នុង​ចំណោម​៩​នាក់​កាលពី​ថ្ងៃ​ទី​១៨ តុលា ២០២៣ ក្នុង​សំណុំរឿង​ដី​ព្រៃ​«​ដំណាក់​ឥន្ទ្រី​» ដែល​បាន​រត់គេច​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​ត្រូវ​សាលាដំបូង​ខេត្តក្រចេះ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ចាប់ពី​៥​ឆ្នាំ ទៅ​៨​ឆ្នាំ ។ កាលនោះ ក៏​មាន​មន្ត្រី​ជំនាញ​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​មួយ​ឆ្នាំ តែ​ត្រូវ​ព្យួរ​ទោស​ក្នុង​បទ​ចោទ «​កាប់​គាស់​រុករាន​ដី​ព្រៃ ឆ្ការព្រៃ និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​» បទល្មើស​រំលោភ​យក​ដី​ព្រៃ​នេះ បាន​ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំរ​ហាំ ឬ​ភ្នំ​ក្បាល​ខ្មោច ដែល​គេ​ដាក់​ឈ្មោះ «​ដំណាក់​ឥន្ទ្រី​» ក្នុងភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ចូលរួម​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃ​ទី​១៤ កក្កដា ២០២១ របស់​លោក​លឹ​ម មករន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តក្រចេះ​លើ​ឈ្មោះ សា​រឿ​ន ម៉ា​ប់ ហៅ ម៉ា​ប់​ប៊ូ​ស្រា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ ទីកន្លែង​កំណើត​នៅ​ភូមិ​ពូ​រាំង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី ពី​បទ កាប់​គាស់​រុករាន​ដី​ព្រៃ ឆ្ការព្រៃ​និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ ។
របាយការណ៍​បន្ត​ថា កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​អនុវត្ត​ដីកា និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ជនសង្ស័យ​ទៅ​ឱ្យ​ខាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រ​ញ៉ូ​ង​សែន​ជ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត ។

សូម​រំលឹក​ថា សាលក្រម​ព្រហ្មទណ្ឌ​លេខ​២៥១-​ខ​-​ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ដែល​កោះ​សន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០២១ មាន​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តក្រចេះ បាន​បើក​សវនាការ ជំនុំជម្រះ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០២១ និង​ប្រកាស​សាលក្រម ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ដោយ​សម្រេច ០១.​កែប្រែ​បទ​ចោទ​លើ​ឈ្មោះ អ៊ូ សុភ​ក្តី (​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​) ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ឈ្មោះ ជ័យ សុខា (​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​) ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ឈ្មោះ ហ៊ុន វ​ណ្ណា​រ័​ត្ន (​មន្ត្រី​សុរិយោដី​) ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ និង ឈ្មោះ លន់ សុខ​ខេ​ង (​មន្ត្រី​សុរិយោដី​) ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ពី​បទ «​កាប់​គាស់​រុករាន​ដី​ព្រៃ​ឆ្ការព្រៃ និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី ធ្វើ​ជា​កម្មសិទ្ធិ​» បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៦២ ចំណុច​០១ និង​មាត្រា ៥៦ ចំណុច ០៤ នៃ​ច្បាប់ ស្ដី​អំពី តំបន់ការពារធម្មជាតិ មក​ជា​បទ «​មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ដោយ​អ្នក​រាជការ​សាធារណៈ​» ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៨ ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នក​ទាំង​បួន​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​កំណត់​មួយ​ឆ្នាំ តែ​ទោស​នេះ ត្រូវ​ព្យួរ ទាំងអស់​។

២-​ឲ្យ​រួចខ្លួន​លើ​ឈ្មោះ ពៅ សុធា​រ៉ា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ និង ឈ្មោះ ស្រាត សាន ភេទ​ប្រុស ពី​បទ​កាប់​គាស់​រុករាន ដី​ព្រៃ​ឆ្ការព្រៃ​និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំរ​ហាំ ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី ៩ ខែកញ្ញា ឆ្នាំ​២០២០ ។ បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៦២ ចំណុច ០១ និង​មាត្រា ៥៦ ចំណុច ០៤ នៃ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​។ ក្នុង​សាលក្រម​ដដែល​នេះ បាន​ផ្តន្ទាទោស​លើ​មនុស្ស​ចំនួន ៩​នាក់ ដែល​ជា​មេខ្លោង​រុករាន​ដី​ព្រៃ ០១.​ឈ្មោះ ចាន់ ធី ហៅ ចិត្រ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ដាក់​ពន្ធនាគារ ៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០០​លាន​រៀល ។ ០២.​ឈ្មោះ សាន ឈិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៣.​ឈ្មោះ លី បញ្ញាភា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៤.​ឈ្មោះ សាង ធូ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៥.​ឈ្មោះ ម៉ា ម៉េ​ង​ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ ជា​ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៦.​ឈ្មោះ ហង់ ជុង ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៧.​ឈ្មោះ សា​រឿ​ន ម៉ា​ប់ ហៅ​ម៉ា​ប់​ប៊ូ​ស្រា អាយុ ៤២​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៨.​ឈ្មោះ ស៊ឹ​ម សំណាង ហៅ​ណា​ង​ទាហាន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ចំនួន ៦០​លាន​រៀល ។ ០៩.​ឈ្មោះ ជុំ វន ហៅ សុវណ្ណ​ឌី ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ចំនួន ៦០​លាន​រៀល ។ អ្នក​ទាំង ៩​នាក់​នោះ ត្រូវ បាន​ចោទប្រកាន់ ពី បទ​កាប់ គាស់​រុករាន​ដី​ព្រៃ​ឆ្ការព្រៃ និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំរ​ហាំ ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។ បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៦២ ចំណុច ០១ និង​មាត្រា ៥៦ ចំណុច ០៤នៃ​ច្បាប់ស្តី​ពីតំបន់ការ​ពារ​ធម្មជាតិ​។

ក្នុង​សេចក្តីសម្រេច​នេះ បង្គាប់​ឲ្យ​ចាប់ខ្លួន ឃុំខ្លួន​លើ ០១.​ឈ្មោះ សា​រឿ​ន ម៉ា​ប់ ហៅ ម៉ា​ប់​ប៊ូ​ស្រា ០២.​ឈ្មោះ ស៊ឹ​ម សំណាង ហៅ​ណា​ង​ទាហាន ០៣.​ឈ្មោះ ជុំ វន ហៅ សុវណ្ណ​ឌី យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្តក្រចេះ ដើម្បី​ឲ្យ​មក​ទទួល​ទណ្ឌកម្ម តាម​អំណាច​សាលក្រម​នេះ តាម​មាត្រា​៣៥៣ ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ