រាជធានីភ្នំពេញ ៖ ក្រោយពេលផ្លាស់ទៅផលិតកម្មថ្មីកញ្ញាសាសា ហាក់ទទួលបានការគាំទ្រច្រើនជាង បើប្រៀបធៀបទៅនឹងទ្រនំចាស់ ដែលជាកំណើតដំបូងនៃជីវិតចម្រៀងរបស់នាង។ ផលិតកម្មដែលសាសាកំពុងយកធ្វើជាទ្រនំនោះ គឺផលិតកម្ម Town ដែលរួមមានតារាចម្រៀងល្បីៗជាច្រើនដួងផងដែរ ដូចជាកញ្ញា មាស សុខសោភា និងលោកករុណា ពេជ្រ ជាដើម ។ ជួបជាមួយកោះសន្តិភាព តារាចម្រៀងរូបស្រស់សាសានិយាយថា នាងប្រាកដជាទទួលបានការគាំទ្រច្រើនជាងមុនក្នុងពេលផ្លាស់មកនៅផលិតកម្ម Town រួមជាមួយមិត្តភក្តិរបស់នាង គឺកញ្ញាមាស សុខសោភា ។ ក្រោយពេលចូលច្រៀងឱ្យផលិតកម្ម Town មានក្រុមហ៊ុន និងស្ថានីយទូរទស្សន៍មួយចំនួនធំអញ្ជើញនាងឱ្យទៅច្រៀងជាបន្តបន្ទាប់ ហើយពេលដែលនាងច្រៀងម្តងៗ ទស្សនិកជនគាំទ្រយ៉ាងខ្លាំង។
តាមពិតទៅអ្វីដែលសាសាបាននិយាយ គឺដូចគ្នានឹងការលើកឡើងរបស់ប្រិយមិត្តយុវវ័យ ដែលថា សាសាចាប់ផ្តើមល្បីខ្លាំងតាមរយៈបទ «បែកគ្នាព្រោះអ្នកទី៣» របស់ផលិតកម្ម Town ។ ចំណែកវ៉ុលទី៨ដែលជាវ៉ុលថ្មីរបស់ផលិតកម្មនេះ បទចម្រៀងពីរបទរបស់សាសាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនោះគឺបទ«មេរៀនទឹកភ្នែក» និងបទ «អស់ការអត់ធ្មត់»ដែលគេគិតថា នឹងនាំឱ្យកេរ្តិ៍ឈ្មោះសាសាកាន់តែលេចត្រដែតក្នុងវិស័យសិល្បៈចម្រៀងនៅកម្ពុជា ។
សាសាកំពុងតែមានការមមាញឹកខ្លាំងចំពោះការងារសិល្បៈដែលក្រៅពីថតបទចម្រៀងឱ្យផលិតកម្ម Town គឺនាងបានច្រៀង ឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មច្រើនទៀតដូចជាក្រុមហ៊ុន Cell Card និងក្រុមហ៊ុន Beeline ជាដើម ។
ពាក់ព័ន្ធបញ្ហាស្នេហាដែលបានលេចឮជាបន្តបន្ទាប់នោះ សាសាបានសម្តែងនូវការពិតថា នាងពិតជាមានអ្នកដែលតាមស្រឡាញ់មែន ហើយគេជាមនុស្សសមរម្យម្នាក់ ។
ចំពោះការចុះផ្សាយតាមរយៈសារព័ត៌មានកន្លងទៅថា នាងទទួលបានកាដូពីបុរសអ្នកមានទ្រព្យសម្បត្តិម្នាក់នោះ គឺជាការចុះផ្សាយមិនចំការពិត ។ នាងបញ្ជាក់ថា ការប្តូរម៉ូដរថយន្ត គឺជាការចំណាយប្រាក់របស់ឪពុកម្តាយរួមនិងប្រាក់សន្សំរបស់នាងពីមុខរបរប្រចាំថ្ងៃប៉ុណ្ណោះ។
ចំពោះបុរសដែលមានទំនាក់ទំនងជាមួយនាងនោះសាសាប្រាប់ថា គេគឺជាអ្នករកស៊ីម្នាក់ មិនមែនជាអ្នកសិល្បៈដូចរូបនាងទេ ព្រោះតែអ៊ីចឹងហើយបានជានាងមិនទាន់ហ៊ានអះអាងថា នៅថ្ងៃអនាគតនឹងមានការប្រែប្រួលយ៉ាងណានោះ ។ តែនាងគិតថា បញ្ហាអនាគត គឺទុកឱ្យព្រហ្មលិខិតជាអ្នកកំណត់។
តាមប្រវត្តិកញ្ញាសាសាបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ២០០៥ ដែលកាលណោះនាងជាតារាសម្តែង ។ ក្រោយមកប្រហែលជាក្នុងឆ្នាំ២០០៧ នាងចូលសាកល្បងច្រៀងឱ្យ ផលិតកម្មក្លាស៊ីក ។ នាងបំពេញការសិក្សាបានត្រឹមតែថ្នាក់ទី១២ប៉ុណ្ណោះ និងមិនទាន់បន្តការសិក្សាជាទៀតនៅឡើយទេ ៕
ចែករំលែកព័តមាននេះ