ខេត្តស្ទឹងត្រែង ៖ រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តស្ទឹងត្រែង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងតាមរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ និងទីកន្លែងកម្សាន្តនានា នៅក្នុងខេត្តស្ទឹងត្រែង ប្រមាណជា១០,៤៣៥នាក់ ប្រកបដោយសុខសុវត្ថិភាព ហើយជាផ្នែកមួយដែលជំរុញឱ្យភ្ញៀវទេសចរ មកស្គាល់រមណីយដ្ឋានធម្មជាតិនៅខេត្តស្ទឹង ត្រែងនេះផងដែរ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា «ក្នុងរយៈពេល០៣ថ្ងៃ នៃថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ សហគមន៍ទេសចរណ៍ ក៏ដូចជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍ និងទីកន្លែងកម្សាន្តនានា គឺមានរៀបចំបានស្អាតល្អទៅតាមស្តង់ដាដែលបានណែនាំ និងអ្នកលក់ម្ហូបអាហារមានអនាម័យ រសជាតិឆ្ងាញ់ តម្លៃសមរម្យ បូករួមមានបរិស្ថានល្អ និងកន្លែងកម្សាន្តធានាមានសុវត្ថិភាពផងដែរ»។

លោកបន្ថែមថា «មានកត្តាធំៗ៤យ៉ាង បានធ្វើឱ្យភ្ញៀវទេសចរនាំគ្នាធ្វើដំណើរកម្សាន្តដូចជា ៖ កត្តាសន្តិភាព, ផ្លូវគមនាគមន៍ល្អ, ប្រជាពលរដ្ឋមានជីវភាពធូរធារ និងកត្តាមធ្យោបាយដែលបងប្អូនមាន ព្រមទាំងបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តសប្បាយទៀតផង»។

លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា «ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាំគ្នាចូលមកលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែតលា ឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវទេសចរសរុបចំនួន ១០,៤៣៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន១០,៤១៥នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន២០នាក់ បើប្រៀបធៀបឆ្នាំ២០២២ ភ្ញៀវទេសចរនៅឆ្នាំ២០២៣នេះ បានកើនឡើងចំនួន៩៨៧នាក់ ស្នើនឹង១០,៤៤ ភាគរយ៕


ចែករំលែកព័តមាននេះ