រាជធានីភ្នំពេញ ៖ នៅពេលដែលនិយាយទៅដល់តារាកំប្លែង ស៊ូយ៉ា ឬហៅយ៉ាយ៉ា បងប្អូនមហាជនអាចនឹងស្គាល់ហើយ ដោយ ស៊ូយ៉ា រូបនេះ តែងតែធ្វើឱ្យផ្ទៃរឿងផ្ទុះសំណើច សើចក្អាកក្អាយ ដោយដើរតួអ្វីក៏សម លាយឡំជាមួយទឹកមុខ កាយវិការ និងការតុបតែងខ្លួន។ ហើយចំណុចពិសេសរបស់ ស៊ូយ៉ា នៅក្នុងរឿងកំប្លែងខ្លីៗ គឺ ស៊ូយ៉ា អាចសម្តែងបានទាំងអស់ មិនថាតួអង្គជាយាយ ជាម្តាយ ជានារីរោងចក្រ តួអង្គនារីរត់តុ ឬជាថៅកែនោះទេ សំខាន់គេតែងតែងបង្អាប់លេងនូវមុខមាត់ ចង្ការ និងម្រាមដៃជើងរបស់គាត់ផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកាលពីពេលថ្មីៗនេះ បងប្អូនមហាជនលើកឡើងថា ហាក់បាត់មុខ យ៉ា យ៉ា ឬហៅ ស៊ូយ៉ា ដែលជាតារាកំប្លែងពោរពេញទៅដោយវោហារនោះ ពេលនេះអ្វីៗត្រូវបានលាតត្រដាង ពោលគឺតារាកំប្លែងមុខស្ងួតរូបនេះ បានបា.ក់ដៃកាលពីពេលកន្លងទៅ។ ហើយអ្វីដែលគួរឱ្យអាសូរទៀតនោះ ខណៈជីវភាពមានការខ្វះខាត ខ្លួនស៊ូយ៉ា ក៏មានបញ្ហាបាក់ដៃទៀត មិនអាចចេញថតរកលុយអស់មួយរយៈពេលមកហើយ។

ស៊ូយ៉ា ឬយ៉ាយ៉ា បានបាក់ដៃខាងឆ្វេង កំពុងសម្រាកព្យាបាល បណ្តាលឱ្យរូបគាត់មិនអាចទៅសាលារៀន និងចេញទៅថតជាមួយតារាកំប្លែងពូណុយជាច្រើនថ្ងៃមកហើយ។ ចំពោះមូលហេតុ ដែលនាំឱ្យតារាកំប្លែង ស៊ូយ៉ា រូបនេះ រងរបួសបា.ក់ដៃនោះ គឺដោយសារតែគាត់លេងបាល់ រួចក៏ស្រាប់តែដួលបា.ក់ដៃតែម្ដង បើគិតមកដល់ពេលនេះ ប្រហែលជា១ខែមកហើយដែលតារាកំប្លែងរូបនេះ មិនបានថតនោះ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាកំប្លែងពូណុយ ដែលតែងតែហៅ ស៊ូយ៉ា ឬយ៉ាយ៉ា ថតនោះ បានធ្វើការជម្រាបជូនថា «នាពេលកន្លងមក ដែលនាយ ស៊ូយ៉ា ពុំបានថតនេះ គឺប្រមាណជា១ខែមកហើយដែលពុំបានថត និងពុំទៅសាលារៀននោះទេ ដោយសារមូលហេតុលេងបាល់ ហើយដួលប្រះឆ្អឹងបា.ក់ដៃខាងឆ្វេង និងបានទៅមន្ទីរពេទ្យ បន្ទាប់មកគ្រូពេទ្យក៏បានរិត និងរុំរបួសឱ្យ ដើម្បីឱ្យឆ្អឹងដែលប្រះដោយសារការដួលនោះ ត.ភ្ជាប់គ្នាឡើងវិញ»។

តារាកំប្លែងពូណុយ បានបញ្ជាក់បន្តថា «ចាប់តាំងពីតារាកំប្លែង ស៊ូយ៉ា បានបាក់ដៃមក តារាកំប្លែងរាងតូចរូបនេះ ពុំមានចំណូលនោះឡើយ ពោលគឺសព្វថ្ងៃនេះ តារាកំប្លែងស៊ូយ៉ា ជាអ្នករកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយឪពុកខ្លួនរកពុំសូវបាន ណាមួយម្តាយរបស់តារាកំប្លែងរូបនេះ កំពុងតែពោរពោះជិតគ្រប់ខែទៀត ដូច្នេះពុំអាចធ្វើការងារអ្វីធ្ងន់បាននោះឡើយ។ ហើយមានតែនាយ ស៊ូយ៉ា ប៉ុណ្ណោះ ដែលជាអ្នករកប្រាក់បាន ដើម្បីជួយគ្រួសារក្នុងពេលដែលខ្លួនពើបប្រទះនៅការខ្វះខាតស្រាប់ផងនោះ»។
បើតាមការបង្ហើបពីតារាកំប្លែង ពូណុយ បានឱ្យដឹងបន្តថា «ការរបួសបា.ក់ដៃ មកដល់ពេលនេះ គឺជិត១ខែមកហើយ ដូច្នេះបើតាមការណែនាំរបស់គ្រូពេទ្យ គឺរយៈពេល១ខែកន្លះ ទើបជាសះស្បើយ និងអាចថតបានធម្មតា។ ប៉ុន្តែគាប់ជួន ដោយសារគ្រួសារ ស៊ូយ៉ា ខ្វះខាត ម្តាយពោរពោះ ឪពុករកពុំសូវបានទៀត ទើបធ្វើឱ្យតារាកំប្លែង ស៊ូយ៉ា ត្រូវបង្ខំចិត្តចេញសម្តែងក្នុងពេលដែលខ្លួនពុំទាន់ជាសះស្បើយឡើយ»។

បើតាមការបង្ហើបបន្តរបស់តារាកំប្លែងពូណុយ បានឱ្យដឹងទៀតថា «កន្លែងខ្លះនៃសាច់រឿង គឺលោកកែប្រែដោយដាក់បញ្ចូលតួអង្គ ស៊ូយ៉ា បន្ថែម ដើម្បីកុំឱ្យតារាកំប្លែងរូបនេះ បាត់មុខយូរពេក ណាមួយមានអ្នកគាំទ្រជាច្រើនរង់ចាំមើលគាត់ផងដែរ»។
គួរបញ្ជាក់ផងដែរថា នាពេលនេះ តារាកំប្លែង ស៊ូយ៉ា ឬហៅ យ៉ាយ៉ា បានមកសម្តែង ដើម្បីបំពេអារម្មណ៍ជូនបងប្អូនមហាជនជាថ្មីម្តងទៀត ភ្ជាប់មកជាមួយរបួសបា.ក់ដៃពុំទាន់ជាសះស្បើយ ដោយសារមកពីមូលហេតុនៃការលេងបាល់ បណ្ដាលឱ្យដួលប្រះឆ្អឹងបា.ក់ដៃខាងឆ្វេង៕
ដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ