ប្រេតមួយមាត់មានកន្ទុយ ឃ្លានអ្វីឆីពុំកើត ព្រោះប្រើពាក្យអាក្រក់ដាក់លោកសង្ឃ ដាក់អ្នកសុំទាន
- ភ្នំពេញ
ប្រេតមួយមាត់មានកន្ទុយ ឃ្លានអ្វីឆីពុំកើត ព្រោះប្រើពាក្យអាក្រក់ដាក់លោកសង្ឃ ដាក់អ្នកសុំទាន
ប្រេតមួយមាត់មានកន្ទុយ ឃ្លានអ្វីឆីពុំកើត ព្រោះប្រើពាក្យអាក្រក់ដាក់លោកសង្ឃ ដាក់អ្នកសុំទាន
ប្រេតឈ្មោះវន្តាស ៖
ប្រេតនេះ មានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាកដែលស្តោះចេញពីមាត់គេ ។
ចំពោះប្រេតទាំងនេះមកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លាស្តោះដាក់ អាហារឲ្យអ្នកមានសីលខ្ពស់ ។
ប្រេតឈ្មោះកុណបាស ៖
គឺមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនខ្លួនស្អុយអសោចិ៍ ស៊ីតែសពខ្មោច ។
ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃស.ពខ្មោចឥតបានប្រយោជន៍ទេ បើស៊ីណាស់កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
ប្រេតឈ្មោះគូថខាទក ៖
ប្រេតនេះភ្នែករឹលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយ ខ្មោះៗសាច់ស្រែងកក្រោះ ដៃជើងធំស្ទក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។
ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធាកោងកា.ចអប្រិយ ។
ប្រេតឈ្មោះអគ្គិជាលមុខ ៖
មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ពួកប្រេតនេះ គឺចង្រៃព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែលេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។
ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅ ញកបព្វតាក្បែរមាត់សមុទ្រលើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក ពុំអាចឆីចំណីបាន ។
ប្រេតឈ្មោះសូចិមុខ ៖
មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ក្រចកដៃសោតស្រែងស៊ីសុសដុំ ដុះវែង ក្រាស់ចោតដូចជើងភ្នំ សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។
ពួកប្រេតនេះច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតាក៏មិនឲ្យលោកពិសាគ្រប់ដែរ ។
ប្រេតឈ្មោះតណ្ហដិ្ឋត ៖
មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗ ខ្លួនធំដូចយក្ស សាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយារធ្លាក់សំយេះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញដុះស្លែស្រមាញ ។
ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ឃើញបឹង ស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាក្រួសថ្មទៅវិញ ។
ប្រេតឈ្មោះសុនិជ្ឈាមក ៖
មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ។ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ។ ចំពោះរូបរាងវិញគឺអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅក្ងិត រាងខ្ពស់ស្គមស្វិតដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យារដាបដល់ស្មា សក់ក្បាលវែងអាក្រក់ពេកក្រៃ ។
ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡាយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។
គួររំលឹកថា ៖ ប្រេតមានច្រើនប្រភេទ តែប្រេតមួយនោះ មានរូបល្អដូចទេវតា ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ