ខេត្តឧត្តរមានជ័យ ៖ លោក ឃឹម ចន្ថា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវព្រឹទ្ធាចារ្យ ភឿង ករុណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងក្នុងកងវរៈលេខ៩០៥ ប៉ូលិសការពារព្រំដែនគោកកម្ពុជា-ថៃ ដែលស្ថិតនៅក្នុងភូមិត្រពាំងតាវ ឃុំត្រពាំង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ដោយមានការចូលរួមលោក ហួត សុធី ស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ, លោក ភាជ ភា ទទួលទឹសយោធភូមិភាគទី៤ ប៉ូលិសការពារព្រំដែនគោកកម្ពុជា-ថៃ, លោក ហង្ស បូ ទទួលប៉ូលិសការពារព្រំដែន៧០២ និង៩០៥ នៃខេត្តឧត្តរមានជ័យ, លោក ស៊ុ សារឿន ទទួលគ្រប់គ្រងប៉ូលិសកងវរៈសេនាតូចលេខ៩០៥ ការពាព្រំដែនគោកកម្ពុជា-ថៃ និងពលប៉ូលិសជាច្រើនរូបផងដែរ ។
លោកកុ ល វិបុល មេបញ្ជាការកងវរៈសេនាតូចលេខ៩០៥ បានឡើងអាននូវរបាយការណ៍ជូនគណៈប្រតិភូថា ក្នុងកងវរៈសេនាតូចលេខ៩០៥ មានប៉ុស្ដិ៍ចំនួន៥ នៅលើកំពូលជួរភ្នំដងរ៉ែក គឺប៉ុស្ដិ៍ចុងព្រិច ប៉ុស្ដិ៍តាទុំ ប៉ុស្ដិ៍ជាំ ប៉ុស្ដិ៍ភ្នំត្បាល់ ហៅប៉ុស្ដិ៍ល្បាលទន្សោង និងប៉ុស្ដិ៍ព្រះប្រឡាយ ប៉ុស្ដិ៍នគបាលប៉ូលិសការពារព្រំដែនទាំង៥នេះ បានដើរល្បាតជាប្រចាំថ្ងៃ ខណៈនោះដើរល្បាតទៅចាប់ដៃគ្នាពីប៉ុស្ដិ៍មួយទៅប៉ុស្ដិ៍មួយទៀត ដើម្បីស្តាប់សភាពការផ្នែករាល់បទល្មើសឆ្លងដែនដោយខុសច្បាប់ផងដែរ។

លោកមេបញ្ជាការកងវរៈ បានបន្តថា លើសពីនោះនៅពេលទំនេរពីការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កងកម្លាំងនៅតាមបណ្តាប៉ុស្ដិ៍នីមួយៗបានឆ្លៀតឱកាសដាំដំណាំបន្លែបង្ការមួយចំនួន និងចិញ្ចឹមមាន់ ទា ទុកធ្វើជាម្ហូបអាហារផងដែរ ពីព្រោះជួបការលំបាកក្នុងការធ្វើដំណើរមករកទីផ្សារ។ ដោយឡែកនៅទីបញ្ជាការកងវរៈ ក៏បានខិតខំយកចិត្តទុកដាក់ កសាងទីបញ្ជាការ ដូចជាអគារកន្លែងស្នាក់នៅ ទីកន្លែងប្រចាំបញ្ជា និងផ្លូវថ្នល់ក្នុងទីបញ្ជាការដាំកូនឈើឲ្យមានសោភណ្ឌភាពបានល្អប្រសើ ។

លោក ឃឹម ចន្ថា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីបានសាកសួរសុខទុក្ខ និងបានសំណេះសំណាលរួចមក បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចងមេត្រីភាពកាលពីអំឡុងឆ្នាំ២០០៨កន្លងមក រវាងកងវរៈសេនាតូចលេខ៩០៥ ក្នុងមួយឆ្នាំចំនួន២ដង គឺក្នុងរដូវបុណ្យចូលឆ្នាំ និងរដូវបុណ្យភ្ជំបិណ្ឌ គឺតែងតែបានចុះសាកសួសុខទុក្ខជាប្រចាំ។
លោក ឃឹម ចន្ថា មានប្រសាសន៍បន្តថា ក្រោយពីបានស្តាប់នូវរបាយការណ៍រួចមក បានកោតសរសើរដល់កងកម្លាំង និងលោកមេបញ្ជាការ លោកមេបញ្ជាការងគ្រប់រូប ដែលបានយកចិត្តទុកដាក់ខិតខំការពារជាតិមាតុភូមិ ជូនប្រជាពលរដ្ឋ និងជូនរាជរដ្ឋាភិបាល សុំឲ្យខិតខំបន្តទៀត។

លើសពីនោះ លោកបានពាំនាំអំណោយជួយឧបត្ថម្ភដូចជា ៖ អង្ករចំនួន៥តោន, ទឹកត្រី១៥០យួរ, ទឹកស៊ីអ៊ីវ៧០យួរ, ត្រីខកំប៉ុង៧កេសធំ, មីខ្លាឃ្មុំ៥០កេស, ស្ករ.ស៧បាវ, ប៊ីចេង៧ការុង និងប្រេងឆា១៥កេស។ លើសពីនោះ កងកម្លាំងក្នុងម្នាក់ៗទទួលបានថវិការចំនួន៥ម៉ឺនរៀល, មេបញ្ជាកាទទួលបាន២០ម៉ឺនរៀល មេបញ្ជាការង១០ម៉ឺនរៀល និងឧបត្ថម្ភអង្គភាព៤លានរៀលផងដែរ៕
ចែករំលែកព័តមាននេះ