ខេត្តកំពង់ចាម ៖ នៅក្នុងយុទ្ធនាការក្តៅចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ កម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ចុះបង្ក្រាបបទល្មើសដោយធ្វើឡើងស្ទើរពេញមួយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងនោះ បង្ក្រាបបទល្មើសបានចំនួន០៥ករណី រឹបអូសរបាំងស្បៃមុងរាប់ពាន់ម៉ែត្រ ព្រមទាំងចាក់លែងកូនត្រីក្នុងបឹងធម្មជាតិជាច្រើនគីឡូ ហើយជំនាញនៅតែបន្តសកម្មភាពចុះបង្ក្រាបតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបទល្មើសនេសាទដោយមិនដកដៃ គឺបានធ្វើឡើងជាបន្តបន្ទាប់ដូចភ្លៀងរលឹម ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកទាំងពីរនេះ គឺមិនឃើញមានវត្តមានជនខិលខូចដាក់ស្បៃមុងបង្ហាញមុខមាត់ឱ្យមន្ត្រីជំនាញដឹងនោះទេ។ ក្រុមទាំងនោះ ហាក់បីដូចជាដឹងខ្លួនមុនពេលដែលកម្លាំងទៅដល់មិនយូរទេជំនាញ និងស្រាវជ្រាវដឹងមុខសញ្ញាហើយ ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបន្តឱ្យដឹងទៀតថា ចំពោះករណីទី០១ គឺបានធ្វើឡើងដោយមានកិច្ច សហការជាមួយអាជ្ញាធរស្រុកបាធាយ អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

+ករណីទី១
-របាំងរ៉ាវផ្ចិតព្រែកចំនួន០១កន្លែងប្រវែង ២៥ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន០១មាត់
-បង្គោលចំនួន៣០ដើម
នៅចំណុចស្ពានយោលព្រែកឱម៉ាល់ ភូមិឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ។

+ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់
-របាំងស្បៃមុងចំនួន៧១៤ម៉ែត្រ
-បង្គោលចម្រឹងចំនួន២២៤ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២១គីឡូក្រាម
នៅចំណុចចុងភូមិឱម៉ាល់ ភូមិឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ។
+ករណីទី០៣
-ឧបលរណ៍លូស្បៃមុងចំនួន ១៦មាត់
-របាំងស្បៃមុងចំនួន៨១៦ម៉ែត្រ
-បង្គោលចម្រឹងចំនួន២៥៦ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣២គីឡូក្រាម
នៅចំណុចកំពង់ស្ពានថ្ម ភូមិទួល ឃុំបាធាយ ស្រុកបាធាយ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបញ្ជាក់បន្ថែមថា បន្ទាប់មក ជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបករណីទី០២ ដឹកនាំផ្នែករដ្ឋបាលជលផលកំពង់សៀម សហការជាមួយ អាជ្ញាធរស្រុកស្ទឹងត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងសហគមន៍នេសាទខ្ពបតាងួន ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលបានចំនួន០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

+ករណីទី១
-លូស្បៃមុងចំនួន០៩មាត់
-របាំងស្បៃមុងចំនួន២២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៣៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៧គីឡូក្រាម
នៅចំណុចបឹងអន្លង់ខឹម ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

+ករណីទី២
-លូស្បៃមុងចំនួន១១មាត់
-របាំងស្បៃមុងចំនួន២៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១៦៥ដើម
-ចាក់លែងកូនត្រីចម្រុះ ៣៥គីឡូក្រាម

នៅចំណុចគគីរកោង ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ក្នុងនាម ស្ថាប័នជំនាញនៅតែធ្វើការអំពាវនាវដដែលៗ សូមមេត្តាបងប្អូនបញ្ឈប់សកម្មភាពប្រើប្រាស់ស្បៃមុងឧបករណ៍នេសាទដោយខុសច្បាប់ក្នុងរដូវបិទ។ ហើយងាកមកប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់លក្ខណៈគ្រួសារ ដើម្បីឲ្យត្រីកាន់តែសម្បូរសម្រាប់មនុស្សយកមកធ្វើម្ហូបទទួលទាន។




ចែករំលែកព័តមាននេះ