ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ប្រាសាទ​កោះ​កេរ​ ដែល​បាន​​ចុះបញ្ជី​បេតិក​ភណ្ឌ​​ពិភពលោក

1 ឆ្នាំ មុន
  • ព្រះវិហារ

​ប្រាសាទ​កោះ​កេរ ​(​កោះកែរ​)​ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤​ ឧទ្ទិស​ដល់​អាទិទេព​មួយ​អង្គ​ឈ្មោះ​ត្រី​ភូ​វ​នេ​ស្វរៈ ដែល​សិលាចារឹក​ជា​ភាសា​ខ្មែរ​ថា «​កម្រ​តែង​ដ៏​រាជា​» ជា​អាទិទេព​ធំ ឬ​ផ្តល់​សេចក្តីសុខ​ក្នុង​ពិធី​សក្ការៈ​ទេវរាជ​មនុស្សលោក ។ ប្រាសាទ​នេះ​

ខេត្តព្រះវិហារ ​៖ ​ប្រាសាទ​កោះ​កេរ ​(​កោះកែរ​)​ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤​ ឧទ្ទិស​ដល់​អាទិទេព​មួយ​អង្គ​ឈ្មោះ​ត្រី​ភូ​វ​នេ​ស្វរៈ ដែល​សិលាចារឹក​ជា​ភាសា​ខ្មែរ​ថា «​កម្រ​តែង​ដ៏​រាជា​» ជា​អាទិទេព​ធំ ឬ​ផ្តល់​សេចក្តីសុខ​ក្នុង​ពិធី​សក្ការៈ​ទេវរាជ​មនុស្សលោក ។ ប្រាសាទ​នេះ​ ពី​ដើម​ឈ្មោះ​ឆក​គគីរ ឬ​ផៃ្ទ​ដីគោក​គគីរ សព្វ​ថៃ្ង​ហៅ​ថា អតីត​រាជធានី​កោះ​កេ​រិ៍្ដ មាន​ទំហំ​ផ្ទៃដី​១៦​គុណ​១៦​គីឡូម៉ែត្រ ។

បើ​តាម​ឯកសារ​រដ្ឋបាល​ខេត្តព្រះវិហារ ប្រាសាទ​កោះ​កេរ​មាន​៧​ជាន់ មាន​កម្ពស់ ៣៥​ម៉ែត្រ ។ នៅ​តំបន់​កោះ​កេរ្តិ៍ លើ​ផ្ទៃដី​ចំនួន​៩​គីឡូម៉ែត្រ​៤​ជ្រុង មាន​ប្រាសាទ​ប្រមាណ​១០០​ប្រាសាទ ដែល​កសាង​ឡើង​តាំងពី​សម័យ​បុរាណ ទុក​សម្រាប់​ជា​ការ​គោរព​បូជា​តាម​លទ្ធិ​ព្រហ្មញ្ញសាសនា ។ អតីត​ទីតាំង​រាជធានី​របស់​ខ្មែរ មាន​អាយុកាល​ជាង​១០០០​ឆ្នាំ ។

នៅ​ក្នុង​ឆ្នាំ​៩២១ អនាគត​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ (​ដែល​អ្នក​ស្រាវជ្រាវ​ភាគច្រើន​បាន​ចោទ​ព្រះ​អង្គ​ថា​ជា​ក្សត្រ​ជ្រែករាជ្យ​) បាន​យាង​ចេញពី​រាជធានី​យ​សោ​ធរ​បុ​រៈ​(​អង្គរ​) ទៅ​កសាង​រាជធានី​ផ្ទាល់ខ្លួន​នៅ​តំបន់​ឆោ​ក​គ​គ៌្យ​រ​(​កោះកែរ​សព្វថ្ងៃ​)​។ ព្រះ​អង្គ​បាន​នាំ​យក​ទៅ​ជាមួយ​នូវ​កម្រ​តេ​ង ជគត ត រាជ ដែល​ជា​វត្ថុ​សំខាន់​សម្រាប់​រាជ្យ ។ ចំពោះ​មូលហេតុ​ច្បាស់លាស់​នៃ​ការ​យាង​ចេញ​នេះ មិន​ទាន់​មាន​អ្នក​ណា​អាច​បកស្រាយ​បាន​ឡើយ ។ មានរឿង​មួយ​ដែល​យើង​មានការ​ឯកភាព​គ្នា​បាន គឺ​ប្រហែលជា​ព្រះ​អង្គ (​ជ័យ​វរ្ម័ន​ទី​៤) មាន​បញ្ហា (​ទំនាស់​រាជបល្ល័ង្ក ?​) ជាមួយនឹង​ក្មួយ​ទាំង​ពីរ​របស់​ទ្រង់ ដែល​ជា​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១(៨៨៩-៩១០)​គឺ​ព្រះបាទ​ហ​ស៌​វរ្ម័៍ន​ទី​១ (៩១០-៩២៣) និង​ព្រះ​បា​ទ៌​ឥ​សាន​វរ្ម័ន​ទី​២ (៩២៣-៩២៨) ពេល​ដែល​បិតា​សោយ​ទិវង្គត ។

នៅ​ពេល​ដែល​ទៅ​ដល់ទី​កន្លែង​ថ្មី (​កោះកែរ​) ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ចាប់ផ្តើម​រៀបចំ​ទីក្រុង នឹង​បាន​កសាង​ប្រាសាទធំ​(​ឧទ្ទិស​ដល់​បុព្វការី​ជន​) និង​ប្រាសាទ​ប្រាង្គ​(៧​ថ្នាក់​) សម្រាប់​រាជ្យ និង​ឧទ្ទិស​ដល់​អាទិទេព​ត្រី​ភូ​វ​នេ​ស្វរៈ​(​ព្រះ​ឥសូរ​) កសាង​រហាល​(​បារាយណ៍​) និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ។

បើ​តាម​សិលាចារឹក​ប្រាសាទនាងខ្មៅ​(​ស្រុក​សំរោង ខេត្តតាកែវ​) និង​សិលាចារឹក​ស្តុក​កក់​ធំ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ប្រកាស​ខ្លួន​ជា​សេ្ត​ច​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​៩២៨ ។

យើង​រក​ឃើញ​សំណង់​ប្រាសាទ​នៅ​កោះកែរ​មាន​ចំនួន​ជាង​៧០​ប្រាសាទ (​រាប់​ទាំង​ទីទួល​បុរាណ​) ។ យោង​តាម​ការ​សិក្សា​ស្ថាបត្យកម្ម ប្រាសាទ​ដែល​ចាស់​ជាងគេ​ភាគច្រើន​គឺ​ប្រាសាទ​ឥដ្ឋ (​កសាង​ក្នុង​ចន្លោះ​ឆ្នាំ​៩២១-៩២៨) បន្ទាប់​មក​គឺ​ប្រាសាទ​ថ្មភក់​(​ប្រហែល​ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ​៩២៨) និង​ប្រាសាទ​ថ្មបាយក្រៀម​(​កសាង​រវាង​ចន្លោះ​ឆ្នាំ​៩៣០ រហូត​ដល់​ការ​បញ្ចប់​នៃ​រាជ្យ​នៅ​ឆ្នាំ​៩៤១) ។

នៅ​ក្នុង​ឆ្នាំ​៩៤៤ ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ បាន​រើ​រាជធានី​មក​តាំងនៅ​តំបន់​អង្គរ​វិញ ដោយ​បាន​កសាង​ប្រាសាទប្រែរូប​(​សម្រាប់​រាជ្យ​) និង​ប្រាសាទមេបុណ្យខាងកើត​(​សម្រាប់​បុព្វការី​ជន​) ។

បើ​ទោះបីជា​កោះកែរ​ស្ថិត​នៅ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​រយៈពេល​តែ​ជាង​២០​ឆ្នាំ​ក៏​ដោយ ការ​កសាង និង​ការ​អភិវឌ្ឍន៍​នៅ​ទី​នេះ​ហាក់បីដូចជា​មានការ​គ្រោង​ទុកជា​មុន និង​មាន​ប្លង់​ច្បាស់លាស់ ទាំង​ការ​សាងសង់​ពង្រីក​ទីក្រុង ការ​ជ្រើសរើស​ទីតាំង​សាងសង់​បូជនីយដ្ឋាន និង​ទីកន្លែង​ជា​ច្រើន​ទៀត សម្រាប់​ឧទ្ទិស​ដល់​ព្រះ​ឥសូរ វិស្ណុ ព្រហ្ម គណេស និង​ទេព​ដទៃ​ទៀត​ក្នុង​ជំនឿ​ព្រហ្មញ្ញសាសនា ជា​ពិសេស​គឺ​ការ​កសាង​ប្រាសាទ​លិង្គ​ដែល​មាន​ទំហំ ធំ​ៗ ។

ក្រុម​ប្រាសាទ​កោះកែរ មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេ​ន​ខេត្តព្រះវិហារ ។ អាច​ធ្វើ​ដំណើ​ចេញពី​ទីរួមខេត្ត​សៀមរាប កាត់​តាម​ផ្លូវ​លេខ​៦៤ (២១១) ចំងាយ​៧២​គីឡូម៉ែត្រ និង​បន្ត​ទៅ​តាម​ផ្លូវ​ខេត្ត​ចំងាយ ៤៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ ។

ដោយ​ឆ្លងកាត់​នូវ​សង្គ្រាម​ជា​ច្រើន​សតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​ធម្មជាតិ និង​ពី​មនុស្ស​យ៉ាងដំណំ ។ តំបន់​កោះ​កេរ្តិ៍ ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ នៅ​ក្នុង​សម័យ​សង្គ្រាមស៊ីវិល​ជាង​៣០​ឆ្នាំ​(១៩៧០-១៩៩៨) រីឯ​ការ​លួច​វ​ត្តុ​បុរាណ ការ​បំផ្លាញ​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ និង​មាន​សភាព​ធ្ងន់​បំផុត ដែល​ធ្វើ​ឱ្យ​ប្រាសាទ​មួយ​ចំនួន​ធំ ត្រូវ​បាក់​រលំ​ធា្ល​ក់​ដល់​ដី ។

ចាប់ពី​ឆ្នាំ​១៩៧០​នៅ​តំបន់​កោះ​កេរ្តិ៍ ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​ការ​កាន់កាប់​របស់​កងទ័ព​ខ្មែរក្រហម ។ រហូត​ដល់​ឆ្នាំ​១៩៩៨ ក្រោយ​ពី​ធ្វើ​សមាហរណកម្ម​កងទ័ព​ខ្មែរក្រហម​មក​ក្នុង​រាជរដ្ឋាភិបាល តំបន់​កោះ​កេរ្តិ៍ ត្រូវ​បាន​បើក​ជា​សាធារណៈ​ឡើង​វិញ តែ​នៅ​មាន​គ្រាប់​មីន​កប់​ក្រោម​ដី​ស្ថិត​នៅ​រាយ​ប៉ាយ​ពេញ​តំបន់​ប្រាសាទ​នៅឡើយ ។

កោះ​កេរ្តិ៍ ឬ​ឆោ​ក​គ​គ៌្យ​រ គឺជា​រាជធានី​ចាស់​បុរាណ មាន​អាយុប្រមាណ​ជាង​១០០០​ឆ្នាំ មក​ហើយ ។ ឆោ​ក​គ​គ៌្យ​រ ជា​ពាក្យ​ខ្មែរ​បុរាណ បើ​និយាយ​តាម​សព្វថ្ងៃ គឺ​បឹង​គគីរ ឬ​ស្រះ​គគីរ​។ ពាក្យ​ឆោ​ក​គ​គ៌្យ​រ​នេះ​ហើយ​ដែល​ក្លា​យមក​ជា​ពាក្យ​កោះ​កេរ្តិ៍ ។

នៅ​ជុំវិញ​ក្រុម​ប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅ​ថា​ប្រាសាទកោះកេរ្ដិ៍ ដែល​ស្ថិត​ក្នុង​កំពែង​រាង​បួន​ជ្រុង​ទ្រវែង ដែល​មាន​ប្រាសាទ អគារ​តូច ធំ​ជា​ច្រើន ព្រមទាំង​ប្រាសាទ​ឧ​ប​សម្ព័ន្ធ ដទៃ​ៗ​ឯទៀត​ជា​ច្រើន​ផង​ដែរ ។ ស្ថាបត្យកម្ម​នៃ​តួ​ប្រាសាទកោះកេរ្ដិ៍ គឺជា​សំណង់​ប្រាសាទ​ទោល​ធំ ហើយ​ខ្ពស់ត្រដែត ដែល​មាន​កំពូល​តួ​ប៉ម​តែ​មួយ​នោះ ។

ប្រាសាទកោះកេរ្តិ៍ មាន​លក្ខណៈ ជា​ប្រាសាទភ្នំ កម្ពស់​ប្រមាណ​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់ បីដូច​ជាម​ហា​ចេតិយ៍​បែរមុខ​ទៅ​រក​រាជធានី​អង្គរ នៅ​ឯ​ទិស​ខាងលិច ដោយ​មាន​កាំជណ្តើរ​ប្រមាណ​៥៥​កាំ ។ តាម​ថ្នាក់​ពី​មួយ​ទៅ​មួយ មាន​កម្ពស់​៥​ម៉ែត្រ មាន​ផ្ទៃរាប​ប្រមាណ ២​ម៉ែត្រ តាម​ចន្លោះ​ថ្នាក់​នីមួយ​ៗ ។ នៅ​លើ​កំពូល​ប្រាសាទ​នេះ​មាន​រូបចម្លាក់​គ្រុឌ ធំ​ៗ​ជា​ច្រើន កំពុង​សម្ដែង​ឫ​ទិ្ធ ទ្រ​នូវ​សិវលិង្គ ត្រី​ភូ​វ​នេ​ស្វរៈ នៅ​ក្បែរ​គ្នា​នេះ​ដែរ មាន​មាត់​រន្ធ​អណ្តូង​មួយ​ទំហំ ៤​គុណ​៤​ម៉ែត្រ ។

សព្វ​ថ្ងៃនេះ​តំបន់​អភិរក្ស​ប្រាសាទកោះកេរ្តិ៍​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​៨៤​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ជាង​៨០០០​ហិ​កតា ។

ដើម្បី​ការ​អភិរក្ស និង​ថែរក្សា​ឲ្យ​បាន​កាន់តែ​ដិត​ដល់ និង​មាន​ប្រសិទ្ធភាព តំបន់​កោះ​កេរ្តិ៍ ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ឯកសារ​ដើម្បី​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ក៏​បាន​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ