ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ​មួយ​កន្លែង ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ​មួយ​កន្លែង ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ​មួយ​កន្លែង ក្បែរ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​វ​នី​ដា តាម​បណ្ដោយ​ផ្លូវ​២៣៧​កែង និង​ផ្លូវ​១៥៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពី​អា​គុយ​រថយន្ដ​ទុក​សម្រាប់​លក់​នៅ​ក្នុងផ្ទះ​កើតហេតុ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ​ខាងលើ​នេះ បាន​បិទទ្វារ​ចាក់សោ ដោយ​មិន​មាន​មនុស្ស​នៅ​ខាងក្នុង​នោះ​ទេ​។ លុះដល់​វេលា​ពេល​កើតហេតុ ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែង​បាន​ហុយ​ចេញពី​ក្នុង​នៃ​ផ្នែក​ខាង​មុខ​ផ្ទះ ដែល​ជា​កន្លែង​ស្តុក​អា​គុយ​រថយន្ត​ទុក​សម្រាប់​លក់​»​។

ប្រភព​ដដែល​បន្ត​ថា «​លុះ​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​ត្រង់​ចំណុច​នោះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អើល​ឆោឡោ​នាំ​គ្នា​ទាក់ទង​ហៅ​ម្ចាស់ផ្ទះ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​មក​ធ្វើការ​បា​.​ញ់​ពន្លត់​អណ្ដាតភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​នោះ រហូត​ដល់​រលត់​ជា​ស្ថាពរ​ភ្លាម​ៗ​។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​»​។

បើ​តាម​សមត្ថកិច្ច ក៏​បានឱ្យ​ដឹង​ដែរ​ថា «​ក្នុង​ហេតុការណ៍​ខាងលើ​នេះ មិន​បង្ក​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ឆេះ​ខូចខាត​តែ​អា​គុយ​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ដ​ដែល​ទុក​សម្រាប់​លក់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​ដាក់​ការ​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​អា​គុយ​រថយន្ត​ប្រភេទ​ហា​យ​ប្រ៊ី​ត ដែល​សម្រាប់​លក់ ទើប​បង្ក​ឱ្យ​ក្លាយទៅជា​អណ្ដាតភ្លើង​ឆាបឆេះ​បែប​នេះ​តែ​ម្តង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ